ខេត្តកណ្តាល ៖ ប្តីប្រពន្ធ២នាក់ក្រោយពីហូបបាយទឹកពេលល្ងាចរួច ក៏នាំគ្នាចូលមុងដេកដូចសព្វដង ដោយបុរសជាប្តីបានត្អូញប្រាប់ប្រពន្ធថា ដូចជាឈឺបំពង់ក រួចក៏សម្ងំដេកលង់លក់ទាំងអស់គ្នា ស្រាប់តែដល់ពាក់កណ្តាលអធ្រាត្រ ស្ត្រីជាប្រពន្ធលាន់ឮសំឡេងប្តីដកដង្ហើមខ្លាំងខុសធម្មតា ក៏អង្រួនដាស់ តែអកុសលបុរសជាប្តីបានស្លាប់បាត់ទៅហើយ ធ្វើឱ្យស្ត្រីជាប្រពន្ធទួញយំបោកខ្លួន ផ្អើលឆោឡោទាំងកណ្តាលអធ្រាត្រ។

ករណីខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកប្ញស្សី ឃុំសំបួរមាស ស្រុកមុខកំពូល។
បុរសរងគ្រោះខាងលើ មានឈ្មោះតែម សុខណា អាយុ៣៩ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះតាំង ស្រីពៅ អាយុ៤៤ឆ្នាំ មុខរបរអ្នកបកប្រែភាសាក្នុងរោងចក្រ អេភិច និងមានលំនៅភូមិព្រែកប្ញស្សី ឃុំសំបួរមាស ស្រុកមុខកំពូល។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) មានសុខភាពមិនសូវល្អប៉ុន្មានទេ ឧស្សាហ៍កើតមានអាការខ្យល់ចាប់និងកោសខ្យល់ជាញឹកញាប់។ លុះមកដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ គាត់ជាប្រពន្ធបានចេញពីធ្វើការនៅរោងចក្រមកដល់ផ្ទះជួល ឃើញប្តីនៅផ្ទះម្នាក់ឯងមានសភាពធម្មតា។ លុះដល់វេលាម៉ោង៩យប់ថ្ងៃដដែល ប្តីគាត់ បានត្អូញប្រាប់គាត់ដូចជាឈឺបំពង់ក តែក៏មិនឃើញមានអាការអ្វីធ្ងន់ធ្ងរដែរ ទើបពួកគាត់ទាំង២នាក់ប្តីប្រពន្ធនាំគ្នាចូលដេកទៅ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះពេលដេកលក់ដល់ម៉ោងប្រមាណ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ គាត់បានឮសំឡេងប្តីដកដង្ហើមលាន់ឮខ្លាំងៗខុសប្លែកធម្មតា ទើបគាត់បានក្រោកដាស់ប្តីដើម្បីសួរនាំពីអាការ ស្រាប់តែប្តីមិនបានឆ្លើយតបសោះ ទើបគាត់បានស្រែកឆោឡោហៅអ្នកជិតខាងមកជួយ និងទូរស័ព្ទហៅឡានពេទ្យឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់មកឡានពេទ្យក៏មកដល់ ហើយគ្រូពេទ្យក៏បានចុះមកពិនិត្យអាការប្តីរបស់គាត់ រួចប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) បានដាច់ខ្យល់ស្លាប់បាត់ហើយ ទើបគាត់ជាប្រពន្ធក៏ទូរស័ព្ទទៅប្រាប់បងប្អូន សាច់ញាតិ។
លុះមកដល់វេលាម៉ោង១រំលងអធ្រាត្រថ្ងៃដដែល គាត់ក៏បានជួលឡានពេទ្យដឹកសពជនរងគ្រោះយកមកស្រុកកំណើតនៅភូមិព្រែកប្ញស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ដល់វេលាម៉ោង៥ទៀបភ្លឺ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស និងស្នើសុំកម្លាំងជំនាញធ្វើការពិនិត្យសាកសពជនរងគ្រោះ។

ក្រោយពីទទួលព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍ បានសហការជាមួយផ្នែកជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុក អាជ្ញាធរ និងគ្រូពេទ្យ មណ្ឌលសុខភាពឃុំ បានចុះទៅដល់ផ្ទះរបស់ជនរងគ្រោះ ធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថា សាកសពជនរងគ្រោះមានសភាពរឹងនៅលើខ្លួនសាកសព មិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។
តាមការសន្និដ្ឋាននិងវាយតម្លៃរបស់គ្រូពេទ្យ ជនរងគ្រោះបានស្លាប់ដោយសារកើតអាការខ្យល់គរ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕