Wednesday, November 26, 2025
Homeព័ត៌មានជាតិមកលេងផ្ទះមិត្តភក្តិម្តង កំពុងផឹកស៊ីច្រៀងរាំសប្បាយ ចោរលួចម៉ូតូបាត់

មកលេងផ្ទះមិត្តភក្តិម្តង កំពុងផឹកស៊ីច្រៀងរាំសប្បាយ ចោរលួចម៉ូតូបាត់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់នៅក្នុងចំណោមបក្ខពួក២នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូម៉ាកស្កុបពីរបស់យុវជនជាសិស្សសាលាម្នាក់ ដែលរវល់ជួបជុំមិត្តភក្តិផឹកស៊ីបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបានម្នាក់ ខណៈដែលបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ50C ផ្លូវលេខ53BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភឹម ផានី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន មានឈ្មោះ ជាតិ ភេទប្រុស អាយុ១៩ឆ្នាំ។ រីឯវត្ថុតាងដកហូតបាន រួមមាន ម៉ូតូម៉ាកស្កុបពីពណ៌ស សេរីឆ្នាំ២០១៨ ស្លាកលេខបាត់ដំបង 1AC-5157 ត្រូវជនសង្ស័យដោះស្លាកលេខបោះចោល (ជារបស់ជនរងគ្រោះ)។

ចំណែកជនរងគ្រោះមានឈ្មោះ ភាន រ៉ូបឺត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសិស្សសាលា ស្នាក់នៅចំណុចកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូម៉ាកស្កុបពី ក្នុងរបងផ្ទះ ដោយមិនបានចាក់សោកនោះទេ ហើយទ្វាររបងផ្ទះក៏បានចាក់សោដែរ រួចក៏មានកម្មវិធីជួបជុំបងប្អូនមិត្តភក្តិ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះចុះមកមើលម៉ូតូក៏បាត់តែម្តង។ ភ្លាមនោះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងទំពុន២ ដើម្បីស្រាវជ្រាវរហូតឈានដល់ការចាប់ ឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ ព្រមទាំងដកហូតបានម៉ូតូជនរងគ្រោះ១គ្រឿងមកវិញផងដែរ។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន២ ធ្វើការសាកសួរនិងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមច្បាប់៕

RELATED ARTICLES