Wednesday, November 26, 2025
Homeព័ត៌មានជាតិលោកអភិបាលខេត្តពោធិ៍សាត់ រៀបគម្រោងក្នុងរឿងនេះ... ក្រសោបបានទាំងអស់

លោកអភិបាលខេត្តពោធិ៍សាត់ រៀបគម្រោងក្នុងរឿងនេះ… ក្រសោបបានទាំងអស់

ខេត្តពោធិ៍សាត់ ៖ មន្ត្រីនគរបាលទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានបន្តធ្វើការសាកសួរជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក លក់ដីចំនួន២ពាន់ហិកតារ ស្ថិតនៅភូមិដំបូក១០០ និងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ រួមមាន ៖

ទី១-ឈ្មោះអ៊ឹម ចាន់ថន ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ទី២-ឈ្មោះអ៊ុំ សារី ភេទប្រុស អាយុ៤៨ឆ្នាំ។
ទី៣-ឈ្មោះឈិត វិរៈ ភេទប្រុស អាយុ ២៨ឆ្នាំ។
ទី៤-ឈ្មោះសួន ស្រីពៅ ភេទស្រី អាយុ៤៨ឆ្នាំ។
និងទី៥-ឈ្មោះទីវ សុជា ភេទប្រុស អាយុ៤៩ឆ្នាំ។ បច្ចុប្បន្ន អ្នកទាំង៤នាក់នេះ រស់នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចហាងមួយកន្លែង ស្ថិតនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ តាមបណ្តឹងរបស់ឈ្មោះវ៉ាន់ លឹមសេង ហៅហ័រ ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នជាតំណាងក្រុមហ៊ុនភាពីម៉ិច។

ករណីឃាត់ខ្លួនជនសង្ស័យទាំងចំនួន៥នាក់ខាងលើនេះ ត្រូវបានលោកវ៉ាន់ លឹមសេង ហៅហ័រ តំណាងក្រុមហ៊ុនភាពីម៉ិច ដែលជាម្ចាស់បណ្តឹងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន តាមរយៈទូរស័ព្ទថា ការឃាត់ខ្លួនជនសង្ស័យទាំងនេះធ្វើឡើងបន្ទាប់ពីពួកគាត់បានបង្ហោះសារលក់ដីក្នុងតម្លៃ២១០០០ដុល្លារក្នុង១ហិកតារ ដោយបានឆ្លងឆ្លើយគ្នាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក រហូតបានជួបគ្នា និងនាំទៅស្គាល់ទីតាំងដី ដែលពួកគាត់បង្ហោះលក់។

តំណាងក្រុមហ៊ុនលោកវ៉ាន់ លឹមសេង ហៅហ័រ បន្តថា ដីដែលពួកគាត់បង្ហោះលក់នេះជាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនភាពីម៉ិច និងបានផ្ទេរមកសង្គមកិច្ចគ្រោងនឹងចែកជូនប្រជាពលរដ្ឋទីទ័លក្រ ជាពិសេសប្រជាពលរដ្ឋឃុំកំពង់លួង ស្រុកក្រគរ (ផ្ទះផែបណ្តែតលើផ្ទៃទឹក) តែម្តង។

ដោយឃើញទង្វើខុសប្រក្រតីបែបនេះ លោកបានរាយការណ៍ជូនលោកអភិបាលខេត្តពោធិ៍សាត់ ដើម្បីបន្តការងារជាមួយគាត់ទាំងនេះ ដោយបានប្រើល្បិចឲ្យខ្ញុំ (វ៉ាន់ លឹមសេង ហៅហ័រ) ដើរតួជាអ្នករកទិញដីដែលមានលោកអភិបាលរងខេត្តពោធិ៍សាត់ដើរតួជាឧកញ៉ា (ថៅកែទិញដី) ទើបឈានដល់ហូបបាយជុំគ្នាដើម្បីចរចាតម្លៃ និងឯកសារពាក់ព័ន្ធ រួចក៏ក្រសោបយកទាំងអស់មកបន្តនីតិវិធីតែម្តង ដែលនេះគឺជាមុខរបរលក់ដីខ្យល់៕

RELATED ARTICLES