តាមរយៈការបង្ហោះ និង Live Video របស់ស៊ីវម៉ី ម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផល EiEi បានឲ្យដឹងថា បុរសម្នាក់បានធ្វើការរំលោភលើសេចក្ដីទុកចិត្ត និងជំពាក់ប្រាក់នាងរហូតដល់ជាង12ម៉ឺនដុល្លារ រយៈពេលជាង1ឆ្នាំមកហើយ តែគួរឲ្យសរសើរដែលអ្នកនាងនៅតែមិនអនុវត្តន៍ច្បាប់ បើទោះជាករណីនោះបានប្ដឹងតាមច្បាប់ដល់តុលាការទៅហើយ។

អ្នកនាងស៊ីវម៉ី ថា នោះគឺដោយសារតែអ្នកនាងចង់ទុកពេលឲ្យបុគ្គលរូបនោះ ស្របពេលដែលនាងក៏មិនចង់ប្រើធម៌ក្ដៅភ្លាមៗដែរ។ មូលហេតុដែលនាំឲ្យមានករណីបំណុលនោះ គឺដោយសារតែនាងបានកក់ទិញរថយន្ត Roll Royce ពីបុគ្គលនោះដែលមានតម្លៃជិត1លានដុល្លារ ដោយបានកក់ប្រាក់ចំនួន30% ប៉ុន្តែរយៈយូរខែមកហើយ នៅតែមិនមានរថយន្ត ខណៈដែលរថយន្តដែលមានលេខតួ និងលេខម៉ាស៊ីន ដែលគ្រោងធ្វើការបញ្ជូនឲ្យនាង ក៏ស្រាប់ឃើញឧកញាម្នាក់ទិញយក តែលុយដែលអ្នកនាងបានកក់បែរជាមិនបង្វិលឲ្យនាងវិញទេ។

អ្នកនាងស៊ីវម៉ី ពន្យល់តាមវីដេអូ Live ថា ក្រោយអ្នកនាងដាក់បណ្ដឹងបុគ្គលនោះបានបង្វិលឲ្យអ្នកនាងមួយចំនួនតែនៅខ្វះជាង12ម៉ឺនដុល្លារទៀត ដោយសន្យាថា ពេលលក់រថយន្តមួយគ្រឿងដាច់ឲ្យឧកញ៉ាម្នាក់ និងសងបង្គ្រប់។

ផ្ទុយពីការសន្យា អ្នកនាងឃើញរថយន្តដែលបានកំណត់ត្រូវបានឧកញ៉ាម្នាក់ជិះ តែបែរជាបុគ្គលនោះមិនឃើញវេរបំណុល ទើបអ្នកនាងប្រតិកម្ម។

យ៉ាងណាក៏ដោយ ក៏មានការសរសើរមិនតិចដែរ ដែលអ្នកនាងបណ្ដោយឲ្យបុគ្គលមួយនោះ បន្តជំពាក់លុយដល់ជាង10ម៉ឺនដុល្លារ រហូតដល់ជាង1ឆ្នាំ ដោយមិនព្រមអោយតុលាការរឹបអូសទ្រព្យ ខណៈដែលអ្នកនាងសុខចិត្តទុកពេល ហើយទុកឱកាសឲ្យបុគ្គលនោះទាំងអ្នកនាងមានផ្លូវច្បាប់គ្រប់ពេល។
យ៉ាងណា អ្នកនាងស៊ីវម៉ី ថា បើបុគ្គលនោះនៅតែមិនអើពើនោះ អ្នកនាងនឹងប្ដឹងឲ្យតុលាការអនុវត្តច្បាប់នាពេលខាងមុខនេះហើយ៕




