ខេត្តបន្ទាយមានជ័យ ៖ កម្លាំងផ្នែកព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះ ឆែកឆេររោងស្តុកទុកគ្រឿងក្នុងជ្រូក២០កេស ស្មើនឹង១តោន ដែលមានផ្ទុកសារធាតុគីមី ព្រមទាំងឃាត់ខ្លួនម្ចាស់ស្តង់ម្នាក់ កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងរោងបាំងស័ង្កសី ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចបានបញ្ជាក់ថា ការបង្ក្រាបគ្រឿងក្នុងជ្រូកនេះ បានធ្វើឡើងក្រោមបទបញ្ជាករបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ឈានដល់លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងនគរបាល ខេត្ត ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់។

ក្រោយការចុះបង្ក្រាបនោះ កម្លាំងរបស់លោកបានឃាត់ខ្លួនម្ចាស់ស្តង់មានឈ្មោះអ៊ុល ក្លឹង អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមករស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកស្នងការរង ចាប សុផាឬទ្ធិ បានបញ្ជាក់ថា គ្រឿងក្នុងជ្រូកស្តុកក្នុងទីតាំងរបស់ឈ្មោះអ៊ុល ក្លឹង នោះ សមត្ថកិច្ចបានឆែកឆេររកឃើញអណ្តាត ត្រចៀក ពោះ បេះដូង ក្រចក ជើង សរុបមានចំនួន២០កេស ស្មើនឹង១តោន សុទ្ធសឹងជារបស់មានជាតិគីមីទាំងអស់។

សម្ភារៈ និងវត្ថុតាងទាំងនេះ ក្រោយពីធ្វើកំណត់ហេតុរួច ខាងការិយាល័យជំនាញ ដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយអាចស្នើសុំទៅ តំណាងអយ្យការ ដុត ឬកប់កម្ទេចចោលនូវគ្រឿងក្នុងជ្រូក មានសារធាតុគីមីទាំងនេះ ហើយជនសង្ស័យនឹងធ្វើកំណត់ហេតុ ស្តាប់ចម្លើយបញ្ជូនទៅសាលាដំបូងខេត្ត៕
