Thursday, January 1, 2026
Homeព័ត៌មានជាតិគង់ សុជាតិ ព្រមប្រាប់មូលហេតុ... ហើយថា "សុភមង្គលប្រែមកធម្មតាវិញហើយ គ្មានអ្វីត្រូវបារម្ភច្រើនទេ"

គង់ សុជាតិ ព្រមប្រាប់មូលហេតុ… ហើយថា “សុភមង្គលប្រែមកធម្មតាវិញហើយ គ្មានអ្វីត្រូវបារម្ភច្រើនទេ”

អ្នកនាងគង់ សុជាតិ បានអះអាងថា មូលហេតុដែលនាងនិងស្វាមី ចំណាយពេលវេលាច្រើនទៅលើការដើរកម្សាន្ដនៅតាមបណ្ដាខេត្ត នៅរយៈពេលចុងក្រោយនេះ ដោយសារតែរដូវនេះ កូវីដ-១៩ នៅមិនទាន់ស្ងាត់ ហេតុនេះហើយនាងអាចដកឃ្លាទៅស្រូបខ្យល់ឱកាសនៅជាយក្រុងបានច្រើនជាងមុន។ អ្នកនាងថា ទៅដើរលេងផង ទៅធ្វើបុណ្យផង អីចឹងអារម្មណ៍ពិតជាជ្រះថ្លាល្អមែន។

នៅពេលត្រូវសួរអ្នកនាងសុជាតិ រឿងសុភមង្គលជាមួយស្វាមីជា វិបុល ថា ពេលនេះយ៉ាងម៉េចទៅហើយនោះ អ្នកនាងថា ប្រែមកធម្មតាវិញហើយ គ្មានអ្វីត្រូវបារម្ភច្រើនទេ។

ទោះជាអ្នកនាងគង់ សុជាតិ ថាការនាំប្ដីដើរលេងតាមខេត្ត ព្រោះតែមិនអាចចេញទៅក្រៅស្រុកបាន​ដោយសារតែជើងយន្ដហោះនៅមិនទាន់បើក ព្រោះតែកូវីដ-១៩ក្ដី ប៉ុន្ដែការដែលពិធីការិនីជើងចាស់រូបនេះ បង្ហាញភាពផ្អែមល្ហែមជាមួយប្ដីកាន់តែខ្លាំងនេះ ត្រូវបានមហាជនជាច្រើនយល់ឃើញថា នាងចង់ចំណាយពេលវេលារឹតចំណងស្នេហាឲ្យរឹងមាំឡើងវិញ មិនអាចធ្វើឲ្យស្នេហាសោះកក្រោះ នាំឲ្យលោកវិបុល បែកឆ្វេងងាកទៅចាប់អារម្មណ៍ចាន់ កែវនិមល បានទៀតឡើយ។

ប៉ុន្ដែសុជាតិ នៅតែអះអាងថា ឥទ្ធិពលកូវីដ-១៩ នាំឲ្យការងារសិល្បៈមិនសូវមមាញឹកដូចមុន ហេតុនេះហើយបានជានាងមានពេលនាំប្ដីដើរលេង និងធ្វើបុណ្យទានតាមខេត្ត នៅពេលដែលទំនេរពីការងារសិល្បៈ។

គង់ សុជាតិ បានសាងស្នេហ៍ជាមួយលោកជា វិបុល ជិត៧ឆ្នាំមកហើយ តាមរយៈការរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយពេលនេះពួកគេទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៣ឆ្នាំ។

អ្នកនាងសុជាតិ ថា លោកវិបុល ចង់បានកូនភ្លោះប្រុស ប៉ុន្ដែអ្នកនាងមិនទាន់ឆ្លើយ Ok ទេ​ព្រោះត្រូវរង់ចាំការពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន៕

RELATED ARTICLES