កំពត ៖ ជារឿងដ៏ហួសចិត្តបំផុត ខណៈដែលក្មេងប្រុស៣នាក់ ដោយសារតែឃ្លានខ្លាំងពេក បានលួចចូលក្នុងចម្ការទុរេន បេះផ្លែទុររេន១ផ្លែទម្ងន់ជិត២គីឡូ ស្រាប់តែម្ចាស់តាមទាន់ក៏នាំក្មេងប្រុសទាំង៣នាក់នោះមកកាន់ប៉ុស្តិប៉ូលិស រួចបានទារថ្លៃសំណងពីក្មេងប្រុសរងគ្រោះ ចំនួន១ពាន់ដុល្លារ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការទុរេនមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រភ្នំវល្លិ៍ ជាប់ព្រំប្រទល់រវាងខេត្តកែប និងខេត្តកំពត។
ក្មេងប្រុស ដែលចូលលួចទុរេនក្នុងចម្ការគេនោះ ទី១. មានឈ្មោះ ល ត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទី២. ឈ្មោះ ស ឯ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស និងទី៣. ឈ្មោះ ស ច ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស។ ពួកគេទាំង៣ មានទីលំនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានទៅស៊ីឈ្នួលបេះម្រេចឲ្យគេនៅភូមិសាស្ត្រកើតហេតុ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសទាំង៣ បានជិះម៉ូតូ១គ្រឿដឹកគ្នាបំណងទៅចាក់សាំង។ លុះមកដល់ចំណុចចម្ការខាងលើ ស្ងាត់ល្អ ក៏នាំគ្នាចូលទៅលួចបេះទុរេរ១ផ្លែ ទម្ងន់ជិត២គីឡូ ដើម្បីចែកគ្នាញាំ ស្រាប់តែម្ចាស់គេឃើញ ក៏ស្រែកឆោឡោផ្អើលដេញចាប់តែម្ដង។

សមត្ថកិច្ចបានបន្តថា ភ្លាមនោះ ក្មេងប្រុសទាំង៣ ក៏បាននាំគ្នារត់គេចខ្លួន ប៉ុន្តែត្រូវអ្នកយាមចម្ការទុរេនដេញតាមរហូតមកដល់ផ្ទះ ហើយចាប់ប្រគល់ជូនសមត្ថកិច្ចចាត់ការ។
ពេលទៅដល់ប៉ុស្តិ៍ ម្ចាស់ចម្ការទុរេនបានទារសំណងពីក្មេងប្រុសទាំង៣នាក់នោះ ចំនួន១ពាន់ដុល្លារ ឯណោះ ។ បច្ចុប្បន្ន ក្មេងប្រុសទាំងបីនាក់នោះ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី។

យ៉ាងណា មហាជនជាច្រើនបានស្តែងការហួសចិត្តជាខ្លាំងទៅលើម្ចាស់ចម្ការទុេរន ដែលបានទារថ្លៃសំណងរហូតដល់១ពាន់ដុល្លារ ខណៈដែលទុនរេនមានទម្ងន់មិនដល់២គីឡូផង។ ប៉ុន្តែករនីចោតកម្ម ក៏ត្រូវចាត់ការ និងអប់រំតាមច្បាប់ផងដែរ៕