Tuesday, November 25, 2025
Homeព័ត៌មានជាតិមិនត្រឹមតែសម្ញែងរថយន្តទំនើបទេ គាត់ធ្វើរឿងនេះ ផ្អើលដល់សមត្ថកិច្ច

មិនត្រឹមតែសម្ញែងរថយន្តទំនើបទេ គាត់ធ្វើរឿងនេះ ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មិនដឹងថាមានកំហឹងជាមួយអ្នកណា ឬរឿងអ្វីនោះទេ ស្រាប់តែបើករថយន្តទំនើប១គ្រឿង នៅតាមផ្លូវសុខៗក៏ដកកាំភ្លើងបាញ់១គ្រាប់ ផ្អើលទាំងកណ្តាលយប់ រួចបើករថយន្តគេចខ្លួនបាត់ស្រមោលភ្លាមៗ។

ករណីបាញ់បោះសេរី យ៉ាងអនាធិបតេយ្យខាងលើនេះ បានបង្កឱ្យភ័យខ្លាចដល់ប្រជាពលរដ្ឋ និងមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្បែរភ្លើងស្តុបនាងគង្ហីង ស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។ 

យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានប្រចាំគោលដៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូងមានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ស៊េរីទំនើប១គ្រឿង មិនចាំស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន។ ពេលមកដល់ចំណុចកើតហេតុ អ្នកបើករថយន្តបង្កបានបើកកញ្ចក់រថយន្តរួចកាន់កាំភ្លើងខ្លីបាញ់១គ្រាប់ឡើងលើ ហើយក៏បានបន្តបើកចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។ 

ប្រភពដដែលបានបន្តទៀតថា ជនបង្កគេមិនបានស្គាល់អត្តសញ្ញាណទេ មិនដឹងថាជាមនុស្សប្រុស ឬស្រី និងជាជនជាតិអ្វីនោះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌ៧មករា ធ្វើការស្វែងរកសំបកគ្រាប់កាំភ្លើងដែលជនល្មើសបានបាញ់ ប៉ុន្តែរកមិនឃើញ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ សូមណូមពរឱ្យសមត្ថកិច្ចខណ្ឌ៧មករា ជួយស្វែងរកជនបង្កមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីសុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់៕

RELATED ARTICLES