Tuesday, November 25, 2025
Homeព័ត៌មានជាតិមួយក្បាច់លោកប៉ូលិសឯងនេះ... ចង់បានប្រពន្ធ ធ្វើបែបនេះដាក់គាត់

មួយក្បាច់លោកប៉ូលិសឯងនេះ… ចង់បានប្រពន្ធ ធ្វើបែបនេះដាក់គាត់

ខេត្តប៉ៃលិន ៖ បុរសម្នាក់បានអះអាងថា គាត់ត្រូវបានអ្នករាប់អានគ្នាម្នាក់ជាមន្ត្រីនគរបាលផងនោះ បានខ្ចីលុយពីគាត់ចំនួន៣លានរៀល ប្រាប់ថា យកទៅដណ្តឹងប្រពន្ធ និងសន្យាសងមកវិញត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ទីបំផុតចាំអស់ពេល១ឆ្នាំទៅហើយ នៅតែមិនព្រមសងលុយវិញ ទើបធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្តទម្លាយរឿងអាស្រូវមួយនេះជាសាធារណៈតែម្តង។

បុរសដែលអះអាងថា ត្រូវអ្នករាប់អានគ្នាខ្ចីលុយ៣លានយកទៅដណ្តឹងប្រពន្ធអស់រយៈពេល១ឆ្នាំមកហើយ នៅតែមិនឃើញសងវិញរូបនេះ មានឈ្មោះអ៊ុង សារឿន អាយុ៥០ឆ្នាំ មានប្រពន្ធឈ្មោះជីង សុខន អាយុ៤១ឆ្នាំ មុខរបរជាកសិករ មានលំនៅក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។

ចំណែកបុរសដែលបានខ្ចីលុយនោះ មានឈ្មោះសោ ចាន់ឌី ភេទប្រុស អាយុ២៩ឆ្នាំ ជាមន្ត្រីនគរបាល មានតួនាទីជានាយរងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន មានលំនៅក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

តាមសម្តីបុរសឈ្មោះអ៊ាង សារឿន បានរៀបរាប់ប្រាប់ថា រូបគាត់បានស្គាល់រាប់អានជាមួយនឹងលោកនាយរងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានគរបាលក្រុងប៉ៃលិន ឈ្មោះសោ ចាន់ឌី ជាយូរមកហើយ។ លុះក្រោយមក លោកសោ ចាន់ឌី បានពោលប្រាប់ពីរឿងអត់មានប្រាក់ភ្ជាប់ពាក្យដណ្តឹងប្រពន្ធនឹងគេ ព្រោះលួចស្រឡាញ់កូនអ្នកភូមិម្នាក់ជាយូរមកហើយ តែអត់ទាន់ដល់ពេលបើកប្រាក់ខែ ទើបបានមកខ្ចីប្រាក់គាត់ចំនួន៣លានរៀលទាំងយប់ ដោយសន្យាសងវិញត្រឹមតែរយៈពេល១០ថ្ងៃប៉ុណ្ណោះ ថែមទាំងយកកាតអេធីអឹមធនាគារ (អត់មានប្រាក់) ដាក់បញ្ចាំ ព្រមទាំងឱ្យមន្ត្រីនគរបាលម្នាក់ទៀតមកផ្តិតមេដៃធ្វើសាក្សីទៀតផង។

ប៉ុន្តែចុងក្រោយបែរជាអត់សងអស់រយៈពេលជាង១ឆ្នាំមកហើយ សន្យាសងថ្ងៃនេះថ្ងៃនោះ និងចុងក្រោយគេចមុខអត់ព្រមសងថ្លៃជំពាក់ទាល់តែសោះ ទើបធ្វើឱ្យគាត់ទ្រាំលែងបានក៏ដាច់ចិត្តទម្លាយរឿងរ៉ាវទាំងនេះឱ្យអ្នកសារព័ត៌មានបានដឹង កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០តែម្តង។

លោកអ៊ុង សារឿន បានបញ្ជាក់ថា ដោយសារតែក្តីអាណិតដល់លោកនាយរងផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងប៉ៃលិនរូបនោះ បែរជាធ្វើឱ្យគាត់វ័ណ្ណកខ្លួនឯងទៅវិញ ព្រោះប្រាក់ចំនួន៣លានរៀលនោះ គាត់ក៏រត់ទៅខ្ចីចងការបុលពីមន្ត្រីសុរិយោដីម្នាក់មកឱ្យមន្ត្រីនគរបាលរូបនោះដែរ និងថែមទាំងត្រូវបង់ទាំងដើមទាំងការឱ្យគេរាល់ខែ ថែមទាំងប្រពន្ធជេរស្តីឱ្យរាល់ថ្ងៃស្ទើរតែវង្វេងស្មារតីទៅហើយ តែបែរជាមន្ត្រីនគរបាលរូបនោះមិនព្រមសងលុយគាត់សោះ មិនដឹងជាគិតយ៉ាងណាទេ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកសោ ចាន់ឌី បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES