Tuesday, November 25, 2025
Homeព័ត៌មានជាតិខ្លាចប្រពន្ធលំបាក រកស៊ីចិញ្ចឹមខ្លួន ប្តីពិការសុខចិត្តធ្វើរឿងបែបនេះ

ខ្លាចប្រពន្ធលំបាក រកស៊ីចិញ្ចឹមខ្លួន ប្តីពិការសុខចិត្តធ្វើរឿងបែបនេះ

ខេត្តកំពង់ធំ ៖ បុរសម្នាក់ចេញទៅស៊ីឈ្នួលអារដើមអាកាស្យាឱ្យគេភ្លាត់ស្នៀតធ្វើឱ្យបាក់រណាត្រង់ស៊ីន័រ មុតដាច់សរសៃជើង ធ្លាក់ខ្លួនពិការលែងអាចចេញរកលុយចិញ្ចឹមគ្រួសារបាន ក៏ស្រាប់តែបែកគំនិតខ្លាចប្រពន្ធកូនលំបាកដោយសារខ្លួនក៏សម្រេចចិត្តគិតខ្លីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅលើដើមស្វាយខាងកើតផ្ទះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីចងកសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចដើមស្វាយ ក្បែរក្រោលគោ ជិតផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះចក់ ចូច អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅក្នុងភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ។

តាមការបំភ្លឺរបស់ឈ្មោះហុំ ចិន ភេទប្រុស អាយុ១៣ឆ្នាំ ជាប្អូនថ្លៃរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅថ្ងៃកើតហេតុខ្លួនបានទៅអង្គុយលេងជាមួយបងថ្លៃនៅក្រោមផ្ទះ រង់ចាំលែងគោទៅឃ្វាល ពេលកំពុងអង្គុយលេង បងថ្លៃបានដេញខ្លួនឱ្យលែងគោទៅស៊ីស្មៅទៅ នៅធ្វើអីទៀត ពេលនោះខ្លួនក៏បានដើរទៅក្រោលគោ ហើយដេញគោចេញពីក្រោលទៅក្រោយផ្ទះ លុះមួយសន្ទុះក៏ត្រឡប់មកវិញ ស្រាប់តែ ឃើញបងថ្លៃចងកនៅលើដើមស្វាយខាងកើតផ្ទះក្បែរក្រោលគោ ធ្វើឱ្យខ្លួនភ័យស្លន់ស្លោប្រញាប់រត់ទៅប្រាប់ម្តាយ និងបងប្អូនក្នុងភូមិឱ្យមកជួយ តែអកុលបងថ្លៃស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ។

តាមការបំភ្លឺពីឈ្មោះហុំ យុត ត្រូវជាប្រពន្ធ របស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថា នាងនិងប្តីតែងតែទៅស៊ីឈ្នួលកាន់ម៉ាស៊ីនត្រង់ស៊ីន័រកាត់ដើមអាកាស្យាឱ្យគេក្នុងក្រុមហ៊ុនកុលវាសនា ជារៀងរាល់ថ្ងៃ។

លុះក្រោយមក នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នាងនិងប្តីទៅធ្វើការដូច្នេះសព្វដង លុះដល់ម៉ោងប្រហែល១១ នាងបានសម្រាកពីការងារទៅដាំបាយហូប ឯប្តីនៅបន្តអារដើមអាកាស្យាបង្ហើយ ពេលនោះស្រាប់តែភ្លាត់រណាបណ្តាលឱ្យឡាមរណាក្រវាត់ចំជើងខាងឆ្វេងរងរបួស ដាច់សរសៃជើង ឃើញដូចនាងក៏រត់មកជួយប្តីនិងបានស្រែកហៅបងប្អូននៅក្បែរនោះ ហើយនាំប្តីទៅមន្ទីរពេទ្យខេត្តកំពង់ធំ នៅសម្រាកមន្ទីរពេទ្យបាន១១ថ្ងៃ ក៏ត្រឡប់មកវិញដល់ផ្ទះ នាងតែងតែសួរប្តីថា ឯងឈឺអត់? គាត់និយាយតបវិញថា អត់ទេ ចឹងឯងនៅផ្ទះទៅ ខ្ញុំទៅស៊ីឈ្នួលគេយកលុយមកមើលឯងទម្រាំឯងជា។

ស្ត្រីជាប្រពន្ធបន្តថា ចាប់តាំងពីពេលនោះមក ប្តីរបស់នាងហាក់លែងសូវមាត់ក និងចេះតែស្រងូតស្រងាត់ប្លែក ប៉ុន្តែនាងក៏មិនចាប់អារម្មណ៍អ្វីដែរ ហើយក៏នឹកស្មានមិនដល់សោះថា ប្តីអាចនឹងគិតខ្លីដល់ម្លឹង។

លុះមកដល់វេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ខណៈដែលនាងកំពុងដាំស្ល ស្រាប់តែឮប្តីនិយាយប្រាប់កូនថា ឪប្រហែលជាមិនបាននៅថែកូនទេ កូននៅជាមួយម៉ែ ពេលធំទៅ មើលថែម៉ែផង ឮដូចនេះនាងក៏និយាយស្តីឱ្យប្តីថា “ម៉េចបានឯងនិយាយចឹង អាណិតខ្ញុំនិងកូន” ពេលនោះ ប្តីនាងមិនតបវិញទេក៏ប្រាស់ខ្លួនដេកទៅ។

លុះដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នាងបានរៀបចំដាំបាយ និងស្លទុកឱ្យប្តី និងកូនរួច ក៏ចេញទៅធ្វើការបាត់ទៅ ដោយនិយាយផ្តាំប្តីថា ចាំម៉ោងប្រហែល១១ ខ្ញុំនឹងខលមក។ លុះដល់ម៉ោងប្រហែល១១ព្រឹកថ្ងៃដដែល នាងមិនទាន់ទាំងបានទូរស័ព្ទសួរប្តីផង ស្រាប់តែមានបងប្អូនក្នុងភូមិមកប្រាប់ថា ប្តីនាងបានចងកសម្លាប់ខ្លួន និងខ្សែគោ ទៅនឹងដើមស្វាយខាងកើតផ្ទះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយលោកមេភូមិ នាយប៉ុស្តិ៍រដ្ឋបាលទួលគ្រើល និងប្រជាពលរដ្ឋសាច់ញាតិសព បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅដងខ្លួនសាកសពពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះឈ្មោះចក់ ចូច ពិតជាបានស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុដោយសារវិបត្តិផ្លូវចិត្ត ធ្លាក់ខ្លួនឈឺ ខ្លាចប្រពន្ធកូនលំបាក។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES