ខេត្តតាកែវ ៖ បន្ទាប់ពីភិក្ខុឡុង ចន្ថា ធម្មកថិកល្បីដែលបែកធ្លាយរឿងឆាតញ៉ែស្រី បានសារភាពទទួលកំហុស និងបានធ្វើកិច្ចសន្យាថានឹងសឹក លុះដល់ថ្ងៃកំណត់ត្រូវសឹក បែរជាមិនសឹក ហើយគេចបាត់ពីវត្តមក មានអ្នករិះគន់ជាច្រើន ជាពិសេសក្រុមសកម្មជនបក្ស LDP បានរិះគន់វាយប្រហារធ្ងន់ៗដោយប្រើពាក្យអសុរោះ និងហៅលោកសង្ឃឡុង ចន្ថា ថា “លោកបងទន្សាយ” ទៀតផង។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ភិក្ខុឡុង ចន្ថា បានបែកធ្លាយវីដេអូសំឡេងឆាត និងទូរស័ព្ទជាមួយនារីរូបស្រស់ម្នាក់ដែលនាងអះអាងថា មានសង្សាររួចទៅហើយ តែភិក្ខុឡុង ចន្ថា នៅតែទាក់ទងនារី ដោយបានមានថេរដីកាផ្លែផ្កាផ្តោះផ្តង ក្នុងន័យដែលភាសាសាមញ្ញថា “ញ៉ែ” ដោយបបួលណាត់ជួបនារីនោះនៅវត្តស្អាងភ្នំទៀតផង។

ទោះជាយ៉ាងណា ក្រោយពេលបែកធ្លាយរឿងនេះ ព្រះសង្ឃឡុង ចន្ថា បានបង្ហោះរូបថតនារីដែលព្រះអង្គឆាតនិយាយជាមួយនោះ ក្នុងទំព័រហ្វេសប៊ុកព្រះអង្គ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ជាមួយសំណេរថា “លោកទុកមុខ ទុកមាត់ឱ្យ ទើបមិនចង់បង្ហោះជាសាធារណៈ អ្វីដែលជាការពិត លោកហ៊ានទទូលខុសត្រូវ ចង់ដឹងច្បាស់ ហៅនាងមកនិយាយទល់មុខបាន ថាលោកនិយាយលេង ឬនិយាយក្នុងន័យអ្វី?
ចំពោះឆាតគេបង្ហោះនោះ គឺមានការរៀបចំទុកធ្វើស៊ីលោកជាមុន លោកតាមដានដល់ផ្ទះឱ្យមេភូមិ មេប៉ុស្តិ៍ និយាយសម្រួលដើម្បីកុំឱ្យនាងអាប់ឱន តែនាងយំរហូតខ្លាចខូចឈ្មោះចុះ ឈ្មោះលោក នាងទុកត្រង់ណាបើខូចអស់ហើយនោះ?
អ្នកដែលរៀបចំធ្វើស៊ីនោះជាអ្វីនឹងនាង លោកក៏ដឹង ហើយបានបញ្ជូនឱ្យក្រុម LDP វាយប្រហារលោកពេញហ្វេសប៊ុក តែសូមមហាជនជ្រាបថា ចង់ដឹងការពិតយកសំឡេងឆាតហ្នឹង ហើយហៅនាងឱ្យមកនិយាយផ្ទាល់ជាមួយលោកបាន កុំចេះតែមើលងាយលោក ដោយមិនបានពិចារណាថា លោកនិយាយក្នុងន័យអ្វីទុកមុខទុកមាត់ឱ្យ ព្រោះអាណិត បើមិនចេញមុខនិយាយទេ នេះជាដំណាក់កាលទី១។ បញ្ជាក់ចង់ធ្វើស៊ីលោកយករូបឱ្យច្បាស់លាស់មកផង ទើបស៊ីវាផុយ ឬមានវីដេអូថានៅជាមួយគ្នា នឹងធ្វើស៊ីទៀតរឹតតែផុយ”។
ជាមួយនេះ ក្នុងបទសម្ភាសន៍ជាមួយកាសែត “នគរធំ” កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ព្រះសង្ឃឡុង ចន្ថា ក៏បានបញ្ជាក់ថា ករណីបែកធ្លាយឃ្លីបវីដេអូសំឡេងឆាតនោះ គឺគេធើស៊ីលោកទេ ប៉ុន្តែព្រះអង្គសារភាពថា ពិតជាបានឆាតនិយាយជាមួយនារីនោះមែន តែក្នុងន័យរាប់អានធម្មតា ដោយមិនដឹងថា គេរៀបគម្រោងធើស៊ីលោកសោះ។
ទោះជាយ៉ាងណា ភិក្ខុឡុង ចន្ថា បញ្ជាក់ថា ករណីនេះ ទោះបីមិនដល់ថ្នាក់ត្រូវផ្សឹក តែបើគណៈសង្ឃតម្រូវឱ្យសឹក ក៏ព្រះអង្គព្រមធ្វើតាមដែរ។

ពាក់ព័ន្ធករណីនេះដែរ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានបញ្ជាឱ្យព្រះវិន័យសំវរ កែវ សាវ៉ន ព្រះមេគណខេត្តតាកែវ ចាត់វិធានការជាបន្ទាន់ កោះហៅភិក្ខុឡុង ចន្ថា មកសាកសួរ ហើយត្រូវភិក្ខុឡុង ចន្ថា ដឹងកំហុស ក៏បានធ្វើ កិច្ចសន្យានៅចំពោះព្រះភក្ត្រព្រះមេគុណខេត្តថា នឹងសឹកទៀតផង។
ក្នុងកិច្ចសន្យាជាលាយលក្ខណ៍អក្សរដោយផ្ទាល់ដៃ ធ្វើនៅវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ ចុះថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២០ ភិក្ខុឡុង ចន្ថា បានបញ្ជាក់ថា “ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុឡុង ចន្ថា គង់នៅវត្តភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ដោយពេលថ្មីៗនេះ មានសំឡេងបែកធ្លាយតាមហ្វេសប៊ុកជាមួយនឹងស្ត្រីម្នាក់ ដែលនាំឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់សឹកទេ ប៉ុន្តែដើម្បីកុំឱ្យខូចតម្លៃព្រះពុទ្ធសាសនា ខ្ញុំព្រះករុណា អាត្មាភាព សុំលាចាកសិក្ខាបទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
អាស្រ័យដូចបានទូលប្រគេនព្រះមេគណ ខេត្តតាកែវ សូមព្រះមេត្តាអនុញ្ញាតដោយក្តីអនុគ្រោះ។
បញ្ជាក់ ៖ ការលាចាកសិក្ខាបទនេះ ដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំអ្វីទាំងអស់។
ក្រែងពុំប្រាកដ ខ្ញុំព្រះករុណា សូមផ្តិតមេដៃជាសម្គាល់”។
បន្ទាប់ពីបានធ្វើកិច្ចសន្យាថានឹងសឹកខាងលើនេះរួច ភិក្ខុឡុង ចន្ថា បានបង្ហោះលិខិតសន្យានោះ ក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ព្រះអង្គនៅថ្ងៃដដែលនោះ ជាមួយសំណេរខ្លីបញ្ជាក់ពីការទទួលខុសត្រូវក្នុងភាពជាកូនប្រុសថា “ចិត្តជាកូនប្រុស”។

ប៉ុន្តែនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ភិក្ខុឡុង ចន្ថា បែរជាប្រែព្រះទ័យមិនធ្វើតាមសន្យាថានឹងសឹកនោះទេ ដោយព្រះអង្គបានសរសេរលិខិតផ្ទាល់ព្រះហស្តបង្ហោះតាមទំព័រហ្វេសប៊ុករបស់ព្រះអង្គ ទូលថ្វាយសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ថា ព្រះអង្គមិនទាន់អស់និស្ស័យនឹងព្រះទេ ដូច្នេះសុំនៅក្នុងផ្នួស (មិនសឹក) ហើយសូមទទួលកំហុស និងសន្យាប្រព្រឹត្តឱ្យបានល្អតាមព្រះវិន័យឡើងវិញ។
ភិក្ខ ឡុង ចន្ថា បានសរសេរលិខិតផ្ទាល់ព្រះហស្ត សុំមិនសឹកនោះ ក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គ ជាមួយសំណេរនៅថ្ងៃនោះថា “ទូលព្រះបង្គំសូមទូលប្រគេនថ្វាយសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត ហើយសូមជួន ដំណឹងដល់ញាតិញោមជាទីស្រលាញ់ពេញចិត្តទាំងក្នុងនិងក្រៅប្រទេសជាទីរាប់អាន”។
លិខិតរបស់ភិក្ខុឡុង ចន្ថា មានខ្លឹមសារទាំងស្រុងថា “ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព ឡុង ចន្ថា សូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត និងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទជាទីស្រលាញ់បំផុត។

ទូលព្រះបង្គំ សូមទូលថ្វាយនិងចម្រើនពរថា ដោយនិស្ស័យព្រះផ្នួសរបស់ខ្ញុំព្រះករុណា អាត្មាភាព មិនទាន់អស់និស្ស័យនៅឡើយនោះ ទូលព្រះបង្គំទទួលកំហុស នឹងប្រព្រឹត្តឱ្យបានល្អតាមព្រះវិន័យឱ្យល្អប្រសើរឡើងវិញ។
អាស្រ័យដូចបានទូលថ្វាយ និងចម្រើនពរខាងលើនេះ សូមសម្តេច និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ រួមទាំងញាតិញោមជិតឆ្ងាយទាំងអស់ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់បំផុត”។
នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នោះដែរ នៅសាលាអនុគណស្រុកអង្គរបុរី បានបើកកិច្ចប្រជុំមួយក្រោមព្រះអធិបតីភាព ព្រះវិន័យសំវរ កែវ សាវ៉ន ព្រះមេគណខេត្តតាកែវ លោកជួង វ៉ាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ ព្រះគ្រូឧត្តមចរិយា ជុំ ចេង ព្រះគ្រូអនុគណស្រុកអង្គរបុរី និងលោកឌឹម គឹមសាន អភិបាលស្រុកអង្គរបុរី ខេត្តតាកែវ បន្ទាប់ពីព្រះមន្ត្រីសង្ឃខេត្ត-ស្រុក និងមន្ត្រីស៊ីវិលមួយចំនួនដែលពាក់ព័ន្ធបានចុះពិនិត្យមើលការលាចាកសិក្ខាបទរបស់ភិក្ខុឡុង ចន្ថា ដែលបានធ្វើលិខិតកិច្ចសន្យាសុំលាចាកសិក្ខាបទ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ពាក់ព័ន្ធការបែកធ្លាយសារសំឡេងឆាតជាមួយស្ត្រីភេទនៅលើបណ្តាយសង្គម ដែលបានធ្វើនៅចំពោះមុខមន្ត្រីសង្ឃដែលព្រះអង្គសុំលាចាកសិក្ខាបទ នៅថ្ងៃទី១៤ ឧសភា ២០២០ តែមកដល់ថ្ងៃនោះ ភិក្ខុឡុង ចន្ថា មិនមានវត្តមានគង់នៅវត្តភ្នំបុរី និងធ្វើតាមកិច្ចសន្យានោះទេ។ មន្ត្រីសង្ឃនឹងរង់ចាំសាមីអង្គ ចូលខ្លួនមកដោះស្រាយទៅតាមច្បាប់ព្រះវិន័យជាបន្ត។

ក្រោយពេលទទួលដំណឹងថា ភិក្ខុឡុង ចន្ថា មិនសឹកតាមសន្យា និងការអះអាងពីចិត្តជាកូនប្រុស ហើយបាត់ព្រះកាយពីវត្តបែបនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានរិះគន់ ជាពិសេសក្រុមសកម្មជនបក្ស LDP បានរិះគន់វាយប្រហារធ្ងន់ៗដោយប្រើពាក្យអសុរោះ ដោយខ្លះហៅ “អា” និងខ្លះហៅលោកសង្ឃឡុង ចន្ថា ថា “លោកបងទន្សាយ” ទៀតផង (“នគរធំ” សូមមិនស្រង់សំណេរទាំងនោះ មកចុះផ្សាយទេ ដោយសារមានពាក្យមិនសមរម្យ ពិបាកស្តាប់ពេក) ខណៈដែលនៅលើគម្របទំព័រហ្វេសប៊ុករបស់ភិក្ខុឡុង ចន្ថា បានដាក់រូបទន្សាយសមួយគូ មុនពេលព្រះអង្គបាត់ព្រះកាយពីវត្ត។
ជុំវិញការប្រកាសមិនសឹកតាមសន្យា និងការបាត់ព្រះកាយពីវត្តនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីព្រះតេជគុណ ឡុង ចន្ថា បានទេ កាលពីម្សិលមិញ ដោយសារទូរស័ព្ទដែលព្រះអង្គធ្លាប់ប្រើផ្តល់សម្ភាសន៍ដល់អ្នកយកព័ត៌មានពីមុនមកនោះ មិនអាចទាក់ទងបានទេ (បិទទូរស័ព្ទ ឬដូរលេខទូរស័ព្ទថ្មី)៕
ខៀវទុំ