ខេត្តព្រះសីហនុ ៖ នគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ដើម្បីជំរិតទារប្រាក់ បង្កដោយជនជាតិចិនមួយក្រុម ឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់និងរំដោះជនរងគ្រោះជាស្ត្រីម្នាក់។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ រូមមាន ៖
១.ឈ្មោះ NIU YAYA ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនគ្មាន ស្នាក់នៅក្រុមទី៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
២.ឈ្មោះ REN WANG PU ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរចងការប្រាក់ លិខិតឆ្លងដែនគ្មាន ស្នាក់នៅក្រុមទី៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
៣.ឈ្មោះ ZHANG ER HU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរចងការប្រាក់ កាន់លិខិតឆ្លងដែនលេខ EH5604091 ស្នាក់នៅក្រុមទី០៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ចំណែកជនរងគ្រោះឈ្មោះ GUO ZHEN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
នគរបាលដដែលបានឱ្យដឹងថា នៅវេលាម៉ោង១០យប់ថ្ងៃទី៩ ខែមីនា មានបុរសជនជាតិចិនម្នាក់ បានទៅប្តឹងសមត្ថកិច្ចថា មានមិត្តស្រីរបស់គេម្នាក់ត្រូវបានពួកក្រុមចងការប្រាក់ចាប់យកទៅបង្ខាំងទុកនៅកន្លែងមួយដែលមិនស្គាល់។

ក្រោយពីទទួលបានពាក្យបណ្តឹងនោះភ្លាម លោកឧត្តមសេនីយ៍ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់តាំងកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌចុះធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតឈានដល់កំណត់ទីតាំងដែលជនសង្ស័យបង្ខាំងជនរងគ្រោះ ទើបនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ចុះទៅរំដោះជនរងគ្រោះខាងលើ និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ សុទ្ធតែជនជាតិចិនដូចគ្នានៅក្នុងបន្ទប់តែមួយ។0
ជាមួយនឹងការឃាត់ខ្លួននោះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួន រួមមាន លិខិតខ្ចីប្រាក់ចំនួន៤សន្លឹក, ដំបងដែករលាស់១ដើម លិខិតឆ្លងដែន២ក្បាល, ខ្នោះដៃ១ និងស្រោមខ្នោះដៃ១, ប៉ុងផ្តិតមេដៃ១ ទូរស័ព្ទដៃ៣គ្រឿង ម៉ាក iPhone ពណ៌ខ្មៅ១, ម៉ាក Vivo ពណ៌ខ្មៅ១ និង Vivo ពណ៌ទឹកប្រាក់១គ្រឿង, កាបូបដាក់កាត១ (ក្នុងនោះ មានកាតរឹងមួយចំនួន) កាបូបដាក់ប្រាក់១ មានប្រាក់ ៥០០០រៀល ប្រាក់ដុល្លារ១៤ដុល្លារអាមេរិក ប្រាក់៧០០Yuan កាតរឹងមួយចំនួន កាបូបស្ពាយចំនួន២។

សមត្ថកិច្ចឱ្យដឹងដែរថា មូលហេតុដែលបណ្តាលឱ្យកើតមានការចាប់បង្ខាំងជំរិតទារប្រាក់នេះ គឺជនរងគ្រោះបានទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូមួយ លុះពេលចាញ់អស់លុយបានខ្ចីប្រាក់ពីក្រុមចងការប្រាក់នៅក្នុងកាស៊ីណូនោះដើម្បីលេងបន្ត។
ពេលជនរងគ្រោះលេងចាញ់អស់ទាំងប្រាក់ដើមនិងប្រាក់ចងការ ហើយគ្មានប្រាក់សងជនសង្ស័យ ទើបត្រូវក្រុមម្ចាស់ប្រាក់ចាប់នាងយកទៅបង្ខាំងទុកដើម្បីឱ្យជនរងគ្រោះទាក់ទងទៅក្រុមគ្រួសារវេរលុយមកសងពួកគេវិញ ពេលសងប្រាក់រួចរាល់ ទើបបានដោះលែងជនរងគ្រោះ។ តែសំណាងល្អ បានមិត្តភក្តិទៅប្តឹងសមត្ថកិច្ចឱ្យជួយរំដោះទាន់ពេលវេលា៕