Monday, November 24, 2025
Homeព័ត៌មានជាតិប្តីជាងកាត់សក់ បាត់ប្រពន្ធ២ថ្ងៃ អង្វរវិលវិញមកអូន

ប្តីជាងកាត់សក់ បាត់ប្រពន្ធ២ថ្ងៃ អង្វរវិលវិញមកអូន

ខេត្តស្វាយរៀង ៖ បុរសជាជាងកាត់សក់ម្នាក់បានរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយអះអាងថា ប្រពន្ធរបស់គាត់បានបាត់ចេញពីផ្ទះដោយគ្មានដំណឹងអស់រយៈពេល២ថ្ងៃមកហើយ មិនដឹងទៅដល់ណាធ្វើឱ្យគាត់ជាប្តីមានការព្រួយបារម្ភយ៉ាងខ្លាំង តាមរកសព្វកន្លែង នៅតែមិនឃើញ ទើបដាច់ចិត្តប្តឹងសមត្ថកិច្ចផង និងប្រកាសអង្វរកប្រពន្ធផងថា “វិលវិញមកអូន បងរង់ចាំ”។

ស្ត្រីដែលបាត់ខ្លួនខាងលើ មានឈ្មោះឆឹង សារ៉ាយ អាយុ៤០ឆ្នាំ មុខរបរធ្វើការរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសមេហាធេន ក្រុងបាវិត មានលំនៅក្នុងភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា។ ស្ត្រីរូបនេះបានបាត់ខ្លួនតាំងពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីចេញទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត រួចក៏លែងត្រឡប់មកផ្ទះតែម្តង។

តាមសម្តីបុរសឈ្មោះវ៉ាង មុខរបរជាងកាត់សក់ ត្រូវជាប្តីស្ត្រីដែលបាត់ខ្លួនខាងលើ បានអះអាងថា ប្រពន្ធរបស់គាត់បានបាត់ខ្លួនក្រោយពេលដែលនាងចេញទៅធ្វើការរោងចក្រនៅក្រុងបាវិត ហើយមិនឃើញវិលត្រលប់មកផ្ទះវិញទេ។

ជាងកាត់សក់កម្សត់ បានរៀបរាប់ថា នៅមុនពេលបាត់ខ្លួន ប្រពន្ធគាត់បានរៀបចំខ្លួនចេញទៅធ្វើការដូចសព្វមួយដង ហើយបានប្រាប់ថា មានស្ត្រីម្នាក់ឈ្មោះសំ បានខ្ចីខោអាវនាង រួចក៏វេចខោអាវថាយកទៅឱ្យស្ត្រីម្នាក់នោះនៅខាងមុខរោងចក្រ បន្ទាប់មកក៏ស្រាប់តែបាត់ខ្លួនតាំងពីនោះរហូតមក អត់ឃើញចូលធ្វើការក្នុងរោងចក្រនោះទេ។

លុះល្ងាចឡើងក៏មិនឃើញត្រឡប់មកផ្ទះវិញដែរ ទើបធ្វើឱ្យគាត់ជាប្តីមានការព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធ ក៏ប្រកាសស្វែងរកប្រពន្ធតាមសង្គមហ្វេសបុក និងសំណូមពរទៅបណ្តាញព័ត៌មានជួយផ្សព្វផ្សាយ ហើយលោកក៏បានទៅប្តឹងសមត្ថកិច្ចផងដែរ។

បុរសជាប្តីរូបនេះបានអំពាវនាវថា ប្រសិនបើប្រពន្ធជាទីស្រលាញ់បានដឹងតាមរយៈការប្រកាសនេះហើយសូមអូនវិលមកផ្ទះវិញផង ព្រោះបងនិងកូនៗកំពុងរង់ចាំ និងមានការនឹករលឹកខ្លាំងណាស់។

ជាមួយនេះ ប្រសិនបើបងប្អូន ប្រជាពលរដ្ឋបានឃើញស្ត្រីដែលមានភិនភាគដូចក្នុងរូបថត សូមទាក់ទងមកលេខទូរស័ព្ទ ០៨៨ ៩៨៧ ០២ ២២ ដោយក្តីអនុគ្រោះផង៕

RELATED ARTICLES