ភ្នំពេញ ៖ បុរសម្នាក់កើតមានអាការមិនសូវស្រួលខ្លួន ក៏ចូលទៅរកសេវាកោសជប់ម៉ាស្សានៅហាងមួយកន្លែង លុះចូលទៅដល់ក៏ត្រូវនារីម៉ាស្សាម្នាក់ចាប់អូសដៃចូលបន្ទប់ រួចឲ្យដេកក្រាបដើម្បីកោសជប់ម៉ាស្សាឱ្យ ដោយថែមទាំងបន្លំលួចលុយអស់៤០០ដុល្លារ លុះចេញមកវិញ ទើបដឹងថាបាត់លុយ ក៏សួរនាំនារីម៉ាស្សានោះវិញ តែត្រូវនាងឆ្លើយបដិសេធ រួចក៏ទាញទ្វារហាងបិទសម្ងំឈឹង លែងបើកទ្វារអស់កន្លះខែ ទីបំផុតបើកទ្វាររកស៊ីវិញត្រូវបុរសរងគ្រោះប្រទះឃើញក៏ប្តឹងសមត្ថកិច្ចចុះជួយអន្តរាគមន៍។

ករណីនារីម៉ាស្សាស៊ីដាច់លុយភ្ញៀវ៤០០ដុល្លារខាងលើនេះ បានកើតឡើងតាំងពី២សប្តាហ៍មុនមកម៉្លេះ តែរឿងរ៉ាវទើបនឹងបែកធ្លាយផ្អើលឆោឡោនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះម៉ាស្សាមួយកន្លែងតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីបុរសរងគ្រោះ ដែលសុំមិនបញ្ចោញឈ្មោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីអំឡុង២សប្តាហ៍កន្លងទៅ គាត់បានចូលម៉ាស្សានៅផ្ទះខាងលើ ដោយបានជួបជាមួយស្ត្រីម៉ាស្សា២នាក់ រួចហៅម្នាក់ចូលបន្ទប់ម៉ាស្សាចប់ ចេញមកវិញទូទាត់ថ្លៃសេវាឱ្យទាំងលុយធីបទៀត ស្រាប់តែពេលរៀបចេញវិញ ទើបដឹងថា បាត់លុយអស់៤០០ដុល្លារ ក៏សួរនាំ តែត្រូវនារីម៉ាស្សារូបនោះឆ្លើយថាមិនដឹង ហើយក៏នាំគ្នាបិទទ្វារគេចបាត់អស់។

ចំណែកផ្ទះម៉ាស្សានោះ បានបិទទ្វារតាំងពីថ្ងៃនោះរហូត ទើបតែនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ឃើញបើកទ្វាររកស៊ីវិញ គាត់ក៏ទៅប្តឹងរាយការណ៍ទៅនគរបាលប៉ុស្តិ៍ ចុះទៅសាកសួរតែម្តង។
តាមសម្តីស្ត្រី២នាក់នៅផ្ទះម៉ាស្សាខាងលើ គ្រាដែលសមត្ថកិច្ចចុះទៅសាកសួរ បានសារភាពផងដែរ ខ្លួនពិតជាទទួលភ្ញៀវបុរសម្នាក់ខាងលើចូលម៉ាស្សាប្រាកដមែន តែពុំបានលួចលុយភ្ញៀវនោះទេ។
តែបើតាមពលរដ្ឋក្នុងមូលដ្ឋាន បានឱ្យដឹងថា ផ្ទះម៉ាស្សាខាងលើកើតរឿង២ដងហើយ បន្លំលួចលុយភ្ញៀវ ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានចុះទៅសាកសួរ តែត្រូវបានថៅកែប្រុសប្រកែកមិនទទួលខុសត្រូវ រួចនាំគ្នាស្ទុះរត់គេចទៅអង្គុយក្រោយផ្ទះអស់។ យ៉ាងណាក្តី សមត្ថកិច្ចរង់ចាំបទបញ្ជា និងហៅស្ត្រីសង្ស័យដៃងាយលួចលុយទៅសាកសួរនៅប៉ុស្តិ៍ផងដែរ៕