Monday, November 24, 2025
Homeព័ត៌មានជាតិមុនជួបរឿងបែបនេះ នាងធ្លាប់ដើរកាត់ព្រៃ១០គីឡូម៉ែត្រ ពុំសូវមានផ្ទះអ្នកស្រុក

មុនជួបរឿងបែបនេះ នាងធ្លាប់ដើរកាត់ព្រៃ១០គីឡូម៉ែត្រ ពុំសូវមានផ្ទះអ្នកស្រុក

ខេត្តកំពង់ស្ពឺ ៖ នារីម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមនុស្សកើតមានបញ្ហាផ្នែកសតិស្មារតី បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេលជាង១ខែមកហើយ នៅមិនទាន់មានដំណឹងសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង។

នារីដែលបាត់ខ្លួនខាងលើ មានឈ្មោះ អ៊ុន ស្រីម៉ៅ អាយុ២៧ឆ្នាំ សម្បុរខ្មៅស្រអែម កម្ពស់ប្រហែល១,៤៥ម៉ែត្រ កាត់សក់ដូចប្រុស ព្រមទាំងមានបញ្ហាផ្នែកស្មារតីអស់រយៈពេលជាង២ឆ្នាំមកហើយ។ មុនបាត់ខ្លួន នារីខាងលើស្លៀកខោកៅស៊ូជើងធំ ផ្កាពណ៌ក្រហម និងអាវយឺតពណ៌ត្នោត ហើយនាងបានបាត់ខ្លួនពីចំណុចវត្តភ្នំព្រះ នៅចន្លោះម៉ោងប្រហែល៣ទៅ៤ទៀបភ្លឺ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

តាមការអះអាងពីក្រុមគ្រួសារនារីដែលបាត់ខ្លួនខាងលើ បានដើរដោយថ្មើរជើងទាំងយប់លើចម្ងាយដីប្រហែល១០គីឡូម៉ែត្រ ដែលសងខាងផ្លូវមានតែព្រៃនិងចម្ការស្វាយ ពុំសូវមានផ្ទះអ្នកស្រុកឡើយ។ ស្រីម៉ៅ បានដើរចេញពីចំណុចវត្តភ្នំព្រះ មកដល់ភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ហើយបាត់ដំណឹងរហូតមកទល់បច្ចុប្បន្ន។

ស្រីម៉ៅ មានស្រុកកំណើតនៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបងប្អូន ៧នាក់ (ប្រុ៣ ស្រី៤) និងមានឪពុកម្តាយជាកសិករ។

ស្រីម៉ៅ ជាកូនទី៦នៅក្នុងគ្រួសារ ដោយសារតែគ្រួសារគ្មានលទ្ធភាពផ្តល់ប្រាក់ឱ្យរៀនសូត្រ ស្រីម៉ៅ បានស៊ីឈ្នួលលក់នំនៅផ្ទះអ្នកជិតខាងដើម្បីយកលុយផ្គត់ផ្គង់ការរៀនសូត្រ តាំងពីថ្នាក់បឋមសិក្សារហូតដល់ចប់ថ្នាក់ទី១២ និងខំប្រឹងរហូតរកបានការងារមួយ ក្នុងនាមជាបុគ្គលិកបណ្តែតនៅសាលាខេត្តកំពង់ស្ពឺ។

ប៉ុន្តែជាអកុសល ស្រីម៉ៅ បានជួបប្រទះបញ្ហាផ្នែកស្មារតី ដោយមិនដឹងមូលហេតុក្នុងអំឡុងឆ្នាំ២០១៨ បើទោះបីគ្រួសារខិតខំព្យាបាល តែបានត្រឹមតែធូរមួយកម្រិតប៉ុណ្ណោះ។

ប្រសិនបើបងប្អូនប្រទះឃើញស្ត្រីដែល មានភិនភាគដូចឬស្រដៀងតាមរយៈការរៀបរាប់និងរូបថត សូមមេត្តាផ្តល់ដំណឹងតាមរយៈ លេខទូរស័ព្ទ ០៨១ ៣៣៧ ១៣៣៕

RELATED ARTICLES