Monday, November 24, 2025
Homeព័ត៌មានជាតិចូល២០ដងហើយ លើកនេះគ្រាន់តែបើកទ្វារចេញទៅក្រៅ ផ្អើលហាង

ចូល២០ដងហើយ លើកនេះគ្រាន់តែបើកទ្វារចេញទៅក្រៅ ផ្អើលហាង

ភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់បានអះអាងថា ខ្លួនបាននាំមិត្តភក្តិ៣នាក់ទៀតចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេក្នុងហាងមួយកន្លែង ស្រាប់តែពេលកំពុងច្រៀងលេងសប្បាយ ក៏លេចមុខក្មេងទំនើង១ក្រុមធ្វើសកម្មភាពសម្រុកចូលព្រួតវាយពួកខ្លួនដល់ក្នុងបន្ទប់ខារ៉ាអូខេ និងវាយសម្ភារៈក្នុងហាងទៀត បណ្តាលឱ្យរងការខូចខាតសម្ភារៈយ៉ាងច្រើន។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចហាងខារ៉ាអូខេយីហោ My love169 តាមបណ្តោយផ្លូវ១៣ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

បុរសរងគ្រោះខាងលើ មានឈ្មោះដាំង យ៉ុងលិន អាយុ៣៣ឆ្នាំ ស្នាក់នៅម្តុំគីរីរម្យ។

តាមប្រភពពីបុរសរងគ្រោះបានរៀបរាប់ប្រាប់ថា កន្លងមកគាត់តែងតែចូលច្រៀងខារ៉ាអូខេនៅក្នុងហាងខាងលើនេះមិនក្រោម២០ដងនោះទេ មិនដែលមានរឿងជាមួយអ្នកណាឡើយ។

នៅមុនពេលកើតហេតុ គាត់ជាមួយមិត្តភក្តិបានទៅផឹកស៊ីនៅក្នុងបន្ទប់ខារ៉ាអូខេខាងលើ រហូតដល់វេលាម៉ោងកើតហេតុ នៅពេលគាត់ទៅបត់ជើងតូចរួចហើយ បើកទ្វារចេញទៅក្រៅក៏ត្រូវជនបង្កមានគ្នា៤នាក់ ព្រួតវាយទៅមកលើគាត់ ព្រមទាំងបោកកែវបោកចាន និងវាយសម្ភារៈក្នុងហាងរបស់គេទៀត ទើបម្ចាស់ហាងបានបិទទ្វារមិនឱ្យនរណាម្នាក់ចេញនោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចចុះទៅធ្វើការឃាត់ខ្លួនភាគីទាំងសងខាងតែម្តង។

ក្រោយកើតហេតុ ម្ចាស់ហាងបានទាមទារសំណងចំនួន២០០០ដុល្លារ សងថ្លៃខូចខាតសម្ភារៈដើម្បីបញ្ចប់រឿង។ ប៉ុន្តែខាងភាគីទាំងសងខាងមិនព្រម ព្រោះអត់មានលទ្ធភាពសង ទើបសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាលទី១ យកភាគីទាំងសងខាងទៅដោះស្រាយគ្នាដោយចុះនៅត្រឹម១០០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES