Monday, November 24, 2025
Homeព័ត៌មានជាតិអ្នកជុំវិញផ្សារសាមគ្គី លើកឡើងថា សមត្ថកិច្ចបង្ក្រាបតែមួយកន្លែង ខណៈកន្លែងផ្សេងទៀតកំពុងដំណើរការរលូន

អ្នកជុំវិញផ្សារសាមគ្គី លើកឡើងថា សមត្ថកិច្ចបង្ក្រាបតែមួយកន្លែង ខណៈកន្លែងផ្សេងទៀតកំពុងដំណើរការរលូន

ភ្នំពេញ ៖ ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ស្ថិតនៅខាងជើងផ្សារសាមគ្គី ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបដោយឃាត់ខ្លួនអ្នកកត់២នាក់ ព្រមទាំងដកហូតបានសម្ភារមួយចំនួន ខណៈពេលដែលទីតាំងកត់ឆ្នោតជាច្រើនទៀតនៅក្បែរៗនោះកំពុងតែដំណើរដោយរលូន។

ការបង្ក្រាបល្បែងកន្ទុយលេខនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៣និង១៥នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៥៣ ផ្លូវលេខ១១៨ខាងជើងផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ទី១-ឈ្មោះញ៉ែម សុខសាន្ត ភេទប្រុស អាយុ២៦ឆ្នាំ និងទី២-ឈ្មោះប្រុស ស្វិត ភេទប្រុស អាយុ២០ឆ្នាំ។ អ្នកទាំង២នាក់ជាអ្នកស៊ីឈ្មួលកត់ឆ្នោត។

ប្រតិបត្តិការបង្ក្រាបទីតាំងកត់ឆ្នោតនេះ ដឹកនាំដោយលោកបុត្រ សុភា នាយករងរដ្ឋបាលខណ្ឌទួលគោក ដោយមានការអនុញាតពីលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ព្រមទាំងមានការសម្របសម្រួលពីលោកស៊ិន វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

តាមព័ត៌មានបានឱ្យដឹងថា ទីតាំងកត់ឆ្នោតនេះបានដំណើរការជាមួយយូរមកហើយ ក៏ដូចជាទីតាំងកត់ឆ្នោតវៀតណាមជាច្រើនទៀត នៅជុំវិញផ្សារសាមគ្គីនោះ កំពុងតែដំណើរការដោយរលូន។ ដោយសារតែមានការផ្សាយព័ត៌មានទើបអាជ្ញាធរចុះបង្ក្រាប។

តាមនគរបាលឱ្យដឹងថា នៅក្នុងការចុះបង្ក្រាបទីតាំងកត់ឆ្នោតនេះ សមត្ថកិច្ចឃាត់ខ្លួនអ្នកកត់២នាក់ព្រមទាំងដកហូត រួមមាន ម៉ាស៊ីនគិតលេខចំនួន២គ្រឿង ម៉ាស៊ីនវាយថ្ងៃខែ ម៉ាស៊ីនព្រីន ក្រដាសសម្រាប់កត់ ក្រដាសកន្ទុយលេខឆ្នោតវៀតណាម និងប្រាក់មួយចំនួន។

គួរបញ្ជាក់ថា នៅជុំវិញផ្សារសាមគ្គី ជាសម្បុកល្បែងស៊ីសងកន្ទុយលេខ ទាំងខាងជើងខាងកើត និងខាងត្បូង សុទ្ធតែទីតាំងកត់ឆ្នោត៕

RELATED ARTICLES