Monday, November 24, 2025
Homeព័ត៌មានជាតិទាហានជិះម៉ូតូ ពាក់ស្លាកលេខខេមរភូមិន្ទ ចោរប្លន់យកទៅបាត់ស្រមោល

ទាហានជិះម៉ូតូ ពាក់ស្លាកលេខខេមរភូមិន្ទ ចោរប្លន់យកទៅបាត់ស្រមោល

ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់ទើបនឹងចេញពីផឹកស៊ីជាមួយមិត្តភក្តិ ជិះម៉ូតូពាក់ស្លាកលេខខេមរភូមិន្ទ បំណងត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូមកក្បែរ ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។

ករណីភ្ជង់ប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ១៨០០ កែងនឹងផ្លូវ៥៩៨ ខាងលិចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះដែលត្រូវចោរភ្ជង់ប្លន់ មានឈ្មោះរាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាមន្ត្រីយោធា បម្រើការនៅបន្ទាយ៩៩ ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅបាត់ ម៉ាក PCX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខខេមរភូមិន្ទ ០១-១-១៧០៦។

តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក PCX  ចេញពីជួបជុំមិត្តភក្តិនៅម្តុំវត្តសំរោងអណ្តែត គោលបំណងជិះទៅផ្ទះនៅបុរីវិមានភ្នំពេញ ដោយធ្វើដំណើរទិសដៅពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានមកពីក្រោយ រួចបក្ខពួកដែលអង្គុយនៅខាងក្រោយបានដកកាំភ្លើងភ្ជង់ខ្នងគាត់ជាប់ រួចកៀរអែបចិញ្ចើមផ្លូវឱ្យឈប់ ហើយបានដកកាំភ្លើងវាយទៅលើរូបគាត់បណ្តាលឱ្យត្រូវចំមួកសុវត្ថិភាពបែកកញ្ចក់ខាងមុខផងដែរ។ បន្ទាប់មកប្លន់យកម៉ូតូគាត់ជិះគេចខ្លួនដោយសុវត្ថិភាព។

ក្រោយកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងសួរនាំ រួចនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីងាយស្រួលសមត្ថកិច្ចស្វែងរកចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES