Monday, November 24, 2025
Homeព័ត៌មានជាតិប្រុសរត់ម៉ូតូឌុប ស្រីហៅ ដឹកបង្ហួសចូលព្រៃ

ប្រុសរត់ម៉ូតូឌុប ស្រីហៅ ដឹកបង្ហួសចូលព្រៃ

ខេត្តប៉ៃលិន ៖ នារីវ័យក្មេងម្នាក់បានហៅម៉ូតូឌុបជិះទៅលេងផ្ទះមិត្តភក្តិ ស្រាប់តែប៉ះប្រុសព្រានល្មោភកាមជាអ្នករត់ម៉ូតុឌុប ដឹកបង្ហួសចូលព្រៃរួចធ្វើសកម្មភាពចាប់បង្ខំរំលោភរហូតដល់បានសម្រេច លុះនារីរងគ្រោះដាក់ពាក្យបណ្តឹងក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនប្រុសរត់ម៉ូតូឌុបល្មោភកាមនាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវបំបែកជាបួន អូរកម្មករ ស្ថិតភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកសាលាក្រៅ បានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ណ.ល.ដ អាយុ២០ឆ្នាំ មុខរបរស៊ីឈ្នួលលក់បាយឱ្យគេ មានស្រុកកំណើតនៅឯខេត្តបាត់ដំបង។

ចំណែកជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ីង ឈៀង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើហេតុ នាងបានហៅម៉ូតូឌុបរបស់ជនសង្ស័យឱ្យឌុបជូននាងទៅលេងផ្ទះមិត្តភក្តិម្នាក់នៅឯភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ លុះទៅដល់នាងក៏ប្រាប់ឱ្យជនសង្ស័យជាអ្នករត់ម៉ូតូឌុបនៅចាំឌុបនាងត្រឡប់ទៅវិញ ចំណែកនាងបានអង្គុយជជែកលេងជាមួយមិត្តភក្តិបានមួយសន្ទុះ នាងក៏បានឱ្យជនសង្ស័យដឹកត្រឡប់មកផ្ទះវិញ។

នារីរងគ្រោះបន្តថា លុះពេលជនសង្ស័យដឹកនាងមកដល់ត្រង់ចំណុចកើតហេតុខាងលើ ដែលជាកន្លែងស្ងាត់ស្រាប់តែជនសង្ស័យបានឈប់ម៉ូតូ រួចចាប់អូសដៃនាងចូលទៅគុម្ពោតព្រៃ១ក្បែរនោះ រួចបានធ្វើសកម្មភាពចាប់បង្ខំរំលោភនាងរហូតដល់បានសម្រេច ទោះបីនាងខំរើបម្រះយ៉ាងណាក៏មិនអាចគេចផុត ដោយសារត្រូវជនសង្ស័យចាប់ខ្ទប់មាត់ មិនឱ្យស្រែករួចឡើយ។

ក្រោយធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើនារីរងគ្រោះបានសម្រេចហើយ ជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់។ ចំណែកនារីរងគ្រោះបានបន្តដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្នគរបាលរដ្ឋបាលស្ទឹងកាច់ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសាលាក្រៅ តាមប្រមាញ់ឃាត់ខ្លួនជនសង្ស័យបាន រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES