កណ្តាល: គូស្នេហ៍១គូត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់អ្នកលក់ត្រី ខណៈដែលម្ចាស់ឡើងលើផ្ទះហូបបាយជាមួយប្រពន្ធ បានឮសំឡេងបញ្ឆេះម៉ូតូ ក៏បានចេញមកមើល ហើយឃើញជនសង្ស័យកំពុងជិះរត់ ក៏ខលទូរស័ព្ទខលហៅអ្នកភូមិ ស្ទាក់ចាប់បានតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យជាគូស្នេហ៍ត្រូវឃាត់ខ្លួននេះ ខាងប្រុសមានឈ្មោះសុង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ខាងស្រីមានឈ្មោះ រុន ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិក កន្លែងលក់មីហិរ ទីលំនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ អ្នកទាំង២សមត្ថកិច្ចរកឃើញមានសារធាតុញៀន។

ដោយឡែក វត្ថុតាងដែលសមត្ថកិច្ចដកហូត ដូចជា ម៉ូតូម៉ាកសង់C១២៥ ពណ៌ខ្មៅ ឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1U-4649 (ជារបស់ជនរងគ្រោះ) , ម៉ូតូម៉ាក Nex ពណ៌ស ឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ធំ 1M-3752 (របស់ជនសង្ស័យ), ប្រអប់សំរាប់ដាក់ឧបករណ៍កាច់កម៉ូតូ០១, សោរខ្សៀលេខ០៨ ចំនួន០១, កូនកន្រ្តៃដែក០១,ឧបករណ៍សំរាប់កាច់សោរកម៉ូតូ០៣ និងទូរស័ព្ទដៃម៉ាក iPhone 6plus ចំនួន០១គ្រឿង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូត្រឡប់មកពីលក់ត្រីនៅចំណុចផ្សារព្រែកព្នៅ រួចបានចតម៉ូតូទុកនៅចិញ្ចើមផ្លូវ រួចឡើងលើផ្ទះដើម្បីហូបបាយជាមួយប្រពន្ធ ពេលនោះជនរងគ្រោះពុំបានដកសោរចេញពីម៉ូតូទេ ភ្លាមនោះក៏មានជនសង្ស័យជាគូស្នេហ៍ដឹកគ្នាបានធ្វើសកម្មភាព ដោយខាងប្រុសឡើងបញ្ឆេះម៉ូតូរបស់ជនរងគ្រោះ ស្រាប់តែជនរងគ្រោះបានឮសំឡេងក៏ចេញមកមើល ឃើញជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនគេចទៅទិសខាងត្បូង ហើយបានទូរស័ព្ទទៅប្រាប់ឈ្មោះ ម៉ាត់ រ៉ូសេន ដែលរស់នៅភូមិឃុំជាមួយគ្នាឲ្យជួយស្ទាក់។

ប្រភពបន្ថែមថា ពេលជនសង្ស័យជិះម៉ូតូមកដល់មុខផ្ទះឈ្មោះម៉ាត់ រ៉ូសេន ភ្លាមនោះម៉ាត់ រ៉ូសែន បានហៅអ្នកជិតខាង ឲ្យជួយស្ទាក់ម៉ូតូ និងឃាត់ខ្លួនជនសង្ស័យជាគូស្នេហ៍ខាងលើ រួមនឹងវត្ថុតាង រួចបានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយពេលសមត្ថកិច្ចបានមកដល់ ក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុស ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕