ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការរៀបចំបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០នេះ នៅខេត្តបាត់ដំបង នឹងកាន់តែវិសេសវិសាលថែមទៀត ដោយសារជាខេត្តជង្រុកស្រូវរបស់កម្ពុជា និងជាទីក្រុងបេតិកភណ្ឌ ដែលគ្រោងដាក់បញ្ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ។
សម្តេចហ៊ុន សែន បានលើកឡើងបែបនេះ តាមរយៈសារលិខិតអបអរសាទរពិធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង ហើយពិធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ “ទន្លេនៃសន្តិសុខ ទន្លេនៃវិបុលភាព” ថ្ងៃ១៣-១៥ ខែមីនា ឆ្នាំ២០២០។
សារលិខិតរបស់សម្តេចហ៊ុន សែន ចុះថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នោះ មានខ្លឹមសារទាំងស្រុងថា “ជនរួមជាតិទាំងអស់ជាទីមេត្រី!
ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ នេះ កម្ពុជា បានឆ្លងកាត់ការវិវឌ្ឍយ៉ាងច្រើនទាំងក្នុងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។
តាមរយៈនយោបាយឈ្នះ ឈ្នះ ប្រជាជនកម្ពុជា បានកំពុងរីករាយជាមួយសមិទ្ធផលដែលកើតចេញមកអំពីសន្តិភាព ហើយតាមរយៈមនុញ្ញផលនៃសុខសន្តិភាពនេះ បានផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាបន្តការខិតខំដើម្បីក្រោកឈរឡើងធ្វើឱ្យប្រទេសកម្ពុជា មានការលូតលាស់ក្នុងអត្រានៃកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ។ អរគុណសន្តិភាព ដែលបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងក្តីសង្ឃឹមឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង និង ត្រចះត្រចង់។

ផ្លែផ្កានៃសន្តិភាព ក៏បានជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាល បានចាត់ទុកជា “មាសបៃតង” សម្រេចបាននូវ ការរីកចម្រើនគួរជាទីមោទនៈដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។
ទឹកទន្លេ ជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រំនូវវប្បធម៌និងអរិយធម៌។ តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្តោយទន្លេ បន្តពូជពង្ស និងរស់នៅដោយបណ្តុំគ្នាពីមួយជំនាន់ទៅមួយជំនាន់។
ទន្លេជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅរបស់យើង និងជាបំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង។ ទន្លេបានផ្សារភ្ជាប់ប្រទេសនានាដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារ តែមួយ។
ទន្ទឹមនឹងនេះ ភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍តាមដងទន្លេ បាននឹងកំពុងរួមចំណែកធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់ និងចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ាន ជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្តៅ “ASEAN³ the World-Class Destination” និង “ASEAN ³ Feels the Warmth” ស្របពេលដែលទេសចរណ៍តាមដងទន្លេ ជាពិសេស ទេសចរណ៍មេគង្គ បានក្លាយជាផលិតផល ទេសចរណ៍សំខាន់មួយសម្រាប់កម្ពុជា ក៏ដូចជាតំបន់ អាស៊ាន។
ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលបានកំណត់ប្រារឰពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍ សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន ដូចដែលត្រូវបានឆ្លុះបញ្ចាំងតាម រយៈប្រធានបទនៃពិធីបុណ្យទន្លេលើកទី៦នេះ គឺ“ទន្លេនៃសន្តិភាពទន្លេនៃវិបុលភាព”។

ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍ ផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃ ប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) សហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់ រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខណ្ឌតំបន់នានាដូចជាក្របខណ្ឌ CLMV ក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉េ និងមេគង្គ-គង្គា ជាដើម។
ការរៀបចំពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបងនេះ មានលក្ខណៈកាន់តែវិសេសវិសាលដោយសារខេត្តបាត់ដំបង ត្រូវបានចាត់ទុកជាជម្រុកស្រូវរបស់ប្រទេសកម្ពុជា ជាទីក្រុងបេតិកភណ្ឌដែលគ្រោដាក់បញ្ចូលក្នុងបញ្ជីអង្គការ UNESCO មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ជាទីក្រុងបណ្តុំទៅដោយម្ហូបអាហារឆ្ងាញ់ៗនិងប្លែកៗ មានចម្ការទំពាំងបាយជូរ និងសម្បូរទៅដោយរមណីយដ្ឋានជាច្រើន ទាំងទេសចរណ៍បេតិកភណ្ឌ សំណង់បុរាណ ផ្ទះបុរាណអាយុជាង១០០ឆ្នាំ សហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ បន្ទាយសត្វស្លាបព្រែកទាល់ និងគោលដៅកសិទេសចរណ៍ និងទេសចរណ៍ធម្មជាតិច្រើនកន្លែងទៀត។

ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងបន្តប្រារឰពិធីបុណ្យទន្លេនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្តជាប់ដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ដែលទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបាននឹងកំពុងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។
ឆ្លៀតក្នុងឱកាសពិធីដ៏វិសេសវិសាលនេះ ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិទាំងអស់វិស័យឯកជន សហគ្រាសធុនតូចនិងមធ្យម ចូលរួមឱ្យបានផុសផុល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ធ្វើឱ្យពិធីបុណ្យទន្លេលើកទី៦ឆ្នាំនេះ និងពិធីបុណ្យទន្លេជាបន្តបន្ទាប់ ប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងសូមរួមគ្នាការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការធានានូវវិបុលភាពជូនប្រជាជន និងប្រជាជាតិទាំងសម្រាប់បច្ចុប្បន្ននិងអនាគត។

ជាទីបញ្ចប់ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ការប្រារឰពិធីបុណ្យទន្លេនឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀតក្នុងការធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលជាកត្តារួមចំណែកក្នុងការផ្តល់ចំណូល ការបង្កើនការងារនិងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ពិសេសចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សន៍របស់អង្គការសហប្រជាជាតិ និងរបស់កម្ពុជា បង្កើនស្មារតីស្រលាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាព ផងដែរ។
ខ្ញុំជូនពរឱ្យការប្រារឰពិធីបុណ្យទន្លេ នាឆ្នាំ២០២០នេះ ប្រព្រឹត្តទៅយ៉ាងអធិកអធម និងប្រកបដោយភាពសប្បាយរីករាយ៕