ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទមន្ទីរពេទ្យរបស់ជនជាតិចិនមួយ ដែលមានយីហោ ថៃ ខាង ក្រោយរកឃើញថា មន្ទីរពេទ្យមួយនេះបើកដំណើរការដោយគ្មានលិខិតអនុញ្ញាតិពីក្រសួងសុខាភិបាល និងថែមទាំងបានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា (COVID-19) ដែលនាំឱ្យមានភាពចលាចលដល់សង្គមទៀតផង។
តាមការបញ្ជាក់ពីលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ការចុះបិទមន្ទីរពេទ្យរបស់ជនជាតិចិននេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈដែលមន្ទីរពេទ្យមួយនេះបានធ្វើការផ្សព្វផ្សាយបំពុលព័ត៌មានពាក់ព័ន្ធជំងឺកូរ៉ូណា និងដំណើរការកន្លងមកពុំទាន់មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលនៅឡើយ។

លោកគួច ចំរើន បានបញ្ជាក់ថា កាលពីអំឡុងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ មានជនជាតិចិនម្នាក់ឈ្មោះ Su YongYun បានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យខាងលើនេះ ដោយមិនមានអាការៈក្តៅខ្លួននោះទេ នៅពេលនោះមន្ទីរពិនិត្យសង្ស័យថា មានវីរុសកូរ៉ូណា។ បន្ទាប់ពីកើតមានដំណឹងនេះ លោកអភិបាលខេត្តបានអន្តរាគមន៍ភ្លាមៗ ដោយសម្រេចយកសំណាករបស់ជនជាតិចិន ដែលសង្ស័យនោះទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផលជនជាតិចិនរូបនោះអវិជ្ជមាន ពោលគឺមិនមានវីរុសកូរ៉ូណានោះទេ។

លោកគួច ចំរើន បន្តថា នៅប៉ុន្មានថ្ងៃក្រោយមក ជនជាតិចិនដដែលរូបនោះបានទៅពិនិត្យនៅមន្ទីរពេទ្យ ថៃ ខាង ជាថ្មី ហើយមន្ទីរពេទ្យនេះនៅតែបំភ័យអ្នកជំងឺថា មានជំងឺកូរ៉ូណា។ ដោយមិនអស់ចិត្តឈ្មោះ Su YongYun បានមកពិនិត្យនៅមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញ ហើយមន្ទីរពេទ្យនោះក៏បញ្ជូនសំណាករបស់ឈ្មោះ Su YongYun ទៅពិនិត្យជាថ្មីម្តងទៀតនៅវិទ្យាស្ថានប៉ាស្ទ័រ តែលទ្ធផល បញ្ជាក់ថា គ្មានវីរុសកូរ៉ូណាទេ។

លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ដោយសារតែការបំភ្លៃព័ត៌មាននេះបានធ្វើឱ្យមានការចលាចលតៗគ្នា ចំណែកការបើកដំណើរការរបស់មន្ទីរពេទ្យមួយនេះគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ ហើយប្រសិនបើអ្នកជំងឺនោះមានជំងឺកូរ៉ូណាពិតមែន ហេតុអ្វីមិនព្រមអនុវត្តន៍វិធានការការពារ ដោយទុកអ្នកជំងឺនោះនៅដាច់តែឯងតាមដានរយៈពេល១៤ថ្ងៃសិន ហេតុអ្វីបានជាបណ្តោយឱ្យអ្នកជំងឺដើរពាសវាល ពាសកាលបែបនេះ។ ដោយសារមូលហេតុនេះហើយទើបអាជ្ញាធរសម្រេចបិទមន្ទីរពេទ្យថៃ ខាង នេះតែម្តង៕