ភ្នំពេញ ៖ យុវជនម្នាក់បានទិញម៉ូតូស៊េរីទំនើបរួចបានយកទៅបិទតែមរញ៉េរញ៉ៃខុសស្តង់ដារបច្ចេកទេស ក៏ត្រូវសមត្ថកិច្ចចរាចរណ៍ចាប់ឃាត់ ស្រាប់តែយុវជនរូបនោះបានស្រែកឡាំប៉ាចោទសមត្ថកិច្ចថាជាចោរលួចម៉ូតូទៅវិញ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលកួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យុវជនដែលចោទសមត្ថកិច្ចលួចម៉ូរូនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជិះម៉ូតូ មួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HC-0368 ។ ចំណែកសមត្ថកិច្ចដែលរងការចោទប្រកាន់ ក៏មិនត្រូវស្គាល់អត្តសញ្ញាណដូចគ្នា។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនខាងលើជិះម៉ូតូដោយមានបិទតែមរញ៉េរញ៉ៃ បានធ្វើដំណើរមកដល់រង្វង់មូលកួចកាណុង ស្រាប់តែត្រូវសមត្ថកិច្ចដែលកំពុងដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍នោះ បានហៅឈប់ និងត្រួតពិនិត្យកាតគ្រីម៉ូតូ ដើម្បីធ្វើការផ្ទៀងផ្ទាត់។

ប្រភពបានបន្តថា ក្រោយពិនិត្យផ្ទៀងផ្ទាត់ចប់ សមត្ថកិច្ចបានឲ្យយុវជនរូបនោះ រួមជាមួយម៉ូតូទៅធ្វើការផាកពិន័យនៅគោលដៅចរាចរណ៍នៅជិតស្ពានអាកាសពេទ្យលោកសង្ឃ ដែលជាគោលដៅប្រចាំការរបស់សមត្ថកិច្ចជំនាញ។ ស្រាប់តែធ្វើដំណើរមកដល់ចំណុចស្តុបផ្ទះសំណាក់ស្រែលាភ ជិតវត្តនាគវ័ន្ត ស្រាប់តែយុវជនរូបនេះ បានស្រែកថាចោទសមត្ថកិច្ចថា “ចោរៗ” ធ្វើឲ្យភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះគ្រប់គ្នា។ ចំណែកសមត្ថកិច្ចដែលរួមដំណើរជាមួយយុវជនរូបនោះ ក៏បានទាក់ទងតាមវិទ្យុ ID ដើម្បីឲ្យសមត្ថកិច្ចនៅក្បែរគោលដៅឡើងមកជួយអន្តរាគមន៍។

ក្រោយពីធ្វើការទាក់ទងឲ្យសមត្ថកិច្ចជំនាញឡើងមកជួយអន្តរាគមន៍ កម្លាំងសមត្ថកិច្ចក៏បាននាំយុវជន និងម៉ូតូខាងលើ ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕