ភ្នំពេញ ៖ ក្មេងស្ទាវចំនួន២នាក់បានខ្ចីម៉ូតូបងរបស់ខ្លួន១គ្រឿង ជិះដឹកគ្នាដើរលេងយប់ចូលក្លឹបផឹកស៊ីអស់លុយ លុះចេញមកវិញក៏បែកគំនិតធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវបានសម្រេច រួចព្យាយាមបើកម៉ូតូរត់គេចខ្លួនដែរ តែរត់មិនរួចក៏ត្រូវបានប្រជាពលរដ្ឋប្រដេញចាប់ក្របួចជាប់នាំយកមកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង កែងនឹងផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ រួមមាន ៖
ទី១-ឈ្មោះសេក វុទ្ធី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម
ទី២-ឈ្មោះព្រំ សា អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកនារីរងគ្រោះ មិនស្គាល់អត្តសញ្ញាណនោះទេ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់ខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ ពួកគេទាំងពីរនាក់បានខ្ចីម៉ូតូបង១គ្រឿង ហុងដាវ៉េវអេស ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ 1L-9611 ដើម្បីជិះដើរលេងនិងចូលក្លឹប។
លុះពេលធ្វើដំណើរតាមផ្លូវក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ ពួកគេទាំងពីរនាក់ក៏ប្រទះឃើញនារីរងគ្រោះខាងលើជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ (ជិះតែម្នាក់ឯង) ដោយឃើញឱកាសស្ងាត់ល្អ ទើបពួកគេបែកគំនិតបបួលគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីរងគ្រោះបានសម្រេចទៅហើយ និងបានព្យាយាមជិះម៉ូតូរត់គេចខ្លួនដែរ។

ប៉ុន្តែភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញជិះម៉ូតូប្រដេញតាមពីក្រោយជាប់យ៉ាងប្រកិត ជាហេតុធ្វើឱ្យពួកគេទាំងពីរនាក់ភ័យស្លន់ស្លោក៏បោះចោលទូរស័ព្ទដៃដែលឆក់បាននោះនៅតាមផ្លូវ រួចបន្តជិះគេចរហូតទៅដល់ចំណុចមុខផ្ទះសំណាក់ក្អមមាស តាមបណ្តោយផ្លូវបេតុង ភូមិអូរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក៏ជ្រុលចង្កូតទៅបុកម៉ូតូកង់បីមួយគ្រឿងបណ្តាលឱ្យដួលច្រងាប់- ច្រងិល ទើបត្រូវប្រជាពលរដ្ឋចាប់ក្របួចជាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម រួចបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធី។ ចំណែកនារីជាជនរងគ្រោះ មិនបានមកដាក់ពាក្យបណ្តឹងនោះទេ៕