ភ្នំពេញ ៖ ដើរអូសរទេះរើសអេតចាយឃើញម្ចាស់មិននៅ គាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចល្បាតមកឃើញចាប់ឃាត់ខ្លួនបាន២នាក់ នាំយកមកសាកសួរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១៨១ ផ្លូវលេខ១៧៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ ដែលត្រូវកម្លាំងល្បាតចាប់បាននោះ ទី១.ឈ្មោះ ខែម សុខន ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល។ និងទី២.ឈ្មោះ សួរ ចំណាន អាយុ២៥ឆ្នាំ ជាម្ចាស់រ៉ឺម៉ក ស្នាក់នៅផ្ទះជួល ខណ្ឌមានជ័យ។ ចំណែកម្ចាស់ផ្ទះរងគ្រោះឈ្មោះថម ម៉ៅ ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
ប្រភពសមត្ថកិច្ចដដែលឱ្យដឹងថា នៅវេលាកើតហេតុ កម្លាំងល្បាតបានចុះល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចខាងលើក៏ប្រទះឃើញបុរសម្នាក់អូសរទេះអេតចាយគួរឱ្យសង្ស័យ សមត្ថកិច្ចក៏បានសួរនាំ និងធ្វើការឆែកឆេរឃើញមានទ្រព្យសម្បត្តិជាច្រើន ទើបកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ រួមទាំងបក្ខពួកយកទៅសួរនាំ។

នៅចមពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២បានសារភាពថា ពួកគេបានគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខណៈពេលជនរងគ្រោះមិននៅចាក់សោផ្ទះចោល។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕