Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន នឹងអញ្ជើញទៅកាន់ប្រទេសចិន ល្ងាចនេះ

សម្តេចហ៊ុន សែន នឹងអញ្ជើញទៅកាន់ប្រទេសចិន ល្ងាចនេះ

នៅថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចាកចេញពីប្រទេសកូរ៉េខាងត្បូង ទៅកាន់ប្រទេសចិន ខណៈដែលរដ្ឋាិនអនុញ្ញាតឲ្យសម្តេចអញ្ជើញទៅកាន់ទីក្រុងវូហាននោះទេ ដោយសារទីក្រុងបានបិទមិនឲ្យធ្វើចរាចរណ៍។

សម្តេចហ៊ុន សែន បង្ហោះសារលើទំព័រហ្វេសប៊ុកថា “សុខសប្បាយជាទេបងប្អូនជនរួមជាតិ? តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ ខ្ញុំគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ២៣នាក់ដែលកំពុងសិក្សានៅទីនោះ។

ប៉ុន្តែមកទល់ម៉ោង១១:០០យប់ម៉ិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ។

សម្តេចបន្តថា “ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភរបស់ខ្ញុំចំពោះពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកម៉ិញនេះ ខាងរដ្ឋាភិបាលចិនបានអនុញ្ញតឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគីមិត្តចិន និងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន”។

សម្តេចបានបន្ថែមថា “ដូច្នេះនៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់អោយខ្ញុំមានសុខភាពល្អ។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំងឡាយ”។

គួរបញ្ជាក់ថា នៅក្នុងពេលចូលរួមប្រជុំនៅនៅប្រទេសកូរ៉េខាងត្បូង សម្តេចហ៊ុន សែន បានប្រកាសថា នឹងទៅសួរសុខទុក្ខសិស្សដែលកំពុងស្នាក់នៅដើម្បីបន្តការសិក្សានៅទីក្រុងវូហាន ប្រទសចិន។

ជាមួយគ្នានេះដែរ សម្តេចបានជំរាបជូនដំណឹងទៅកាន់ក្រសួងការបរទេសចិន ប៉ុន្តែនៅពេលនេះ អាជ្ញាធរចិន មិនអនុញ្ញាតឲ្យសម្តេចអញ្ជើញទៅនោះទេ៕

RELATED ARTICLES