ភ្នំពេញ ៖ យុវតីម្នាក់បានអះអាងថា ទើបនឹងស្គាល់បុរសម្នាក់តាមហ្វេសប៊ុក លុះក្រោយមកក៏បានណាត់ជួបមុខគ្នា ស្រាប់តែត្រូវបុរសរូបនោះលួងលោមនាំនាងចូលផ្ទះសំណាក់ រួចបម្រុងលក់នាងទៅឱ្យប្រុសផ្សេងរួមរ័កក្នុងតម្លៃ៣០០ដុល្លារ តែត្រូវនាងដឹងខ្លួនទាន់ក៏រត់គេចខ្លួន តែក្រោយមកក៏ប្រើល្បិចអន្ទងហៅបុរសនោះមកជួបវិញ រួចក៏ចាប់ក្របួចប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខសួនច្បារវត្តបទុមវត្តី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
យុវតីរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជិត២០ឆ្នាំ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានវ័យប្រមាណ៥០ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍មកថា មានករណីបុរសម្នាក់បម្រុងនាំក្មេងស្រីម្នាក់យកទៅលក់នៅផ្ទះសំណាក់ ទើបសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើនាំយកមកសាកសួរ។

តាមសម្តីសាច់ញាតិរបស់យុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ យុវតីរងគ្រោះបានស្គាល់គ្នាជាមួយជនសង្ស័យតាមរយៈការលេងហ្វេសប៊ុក លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យក៏បានណាត់ជួបយុវតីរងគ្រោះដោយជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GX-0035 ដឹកយុវតីនារីរងគ្រោះចូលទៅក្នុងផ្ទះសំណាក់មួយកន្លែង។

ពេលចូលដល់ផ្ទះសំណាក់ ជនសង្ស័យក៏បានលក់យុវតីរងគ្រោះទៅឱ្យប្រុសម្នាក់ដើម្បីរួមរ័កក្នុងតម្លៃ៣០០ដុល្លារ តែត្រូវនាងដឹងខ្លួនទាន់ក៏រត់ចេញពីបន្ទប់ផ្ទះសំណាក់ទាន់ពេល។
ប្រភពដដែលបន្តថា លុះរត់ចេញពីផ្ទះសំណាក់រួចខ្លួនហើយ យុវតីរងគ្រោះបានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារឱ្យជួយ និងត្រូវបានក្រុមគ្រួសារប្រាប់ឱ្យយុវតីរងគ្រោះអន្ទងហៅជនសង្ស័យដើម្បីចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

បន្ទាប់មក យុវតីរងគ្រោះក៏បានទូរស័ព្ទទៅហៅជនសង្ស័យឱ្យមកទទួលនាង នៅចំណុចសួនច្បារ មុខវត្តបទុម លុះជនសង្ស័យមកដល់ ក៏ព័ទ្ធចាប់ជនសង្ស័យប្រគល់ទៅឱ្យសមត្ថកិច្ចតែម្តង ដោយ សមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន៣កញ្ចប់ ដែលជនសង្ស័យខាងលើព្យាយាមបោះចោលនៅមុខប៉ុស្តិ៍នគរបាលទៀតផង។
ជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួនមកសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕