ភ្នំពេញ ៖ ក្មេងស្រីជាសិស្សសាលាម្នាក់បានចេញពីផ្ទះធ្វើដំណើរទៅសាលារៀន លុះដល់ម៉ោងចេញពីរៀន ស្រាប់តែបាត់មិនឃើញត្រឡប់មកវិញសោះ ធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោតាមរកសព្វកន្លែង ប៉ុន្តែគ្មានដំណឹងអ្វីបន្តិចសោះ ជាហេតុធ្វើឱ្យឪពុកម្តាយភ័យព្រួយយ៉ាងខ្លាំងកាន់រូបថតតាមស្វែងរក និងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ក្មេងស្រីដែលបាត់ខ្លួនដោយគ្មានដំណឹងនេះ មានឈ្មោះស៊ន ស្រីកា អាយុ១៥ឆ្នាំ ស្នាក់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សព្វថ្ងៃគឺជាសិស្សរៀននៅអនុវិទ្យាល័យជម្ពូវ័ន។

តាមប្រភពពីឪពុកម្តាយបង្កើតរបស់ក្មេងស្រីខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់ពួកគាត់ បានបាត់ខ្លួនតាំងពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនដឹងថាចេញទៅណាជាមួយអ្នកណានោះទេ ហើយរហូតមកទល់ពេលនេះនៅមិនទាន់រកឃើញ ឫត្រឡប់មកផ្ទះវិញនៅឡើយទេ។
ឪពុកម្តាយក្មេងស្រីខាងលើ បញ្ជាក់ថា នៅមុនពេលកើតហេតុ កូនស្រីរបស់ពួកគាត់បានចេញទៅសាលារៀនដូចសព្វដង លុះដល់ម៉ោងត្រូវចេញពីរៀនបែរជាមិនឃើញកូនស្រីមកផ្ទះសោះ ទើបធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោចេញតាមរកភ្លាមៗដែរ តែមិនឃើញសោះ ទោះជាសួរនាំមិត្តភក្តិរបស់កូនស្រី ក៏គ្មានអ្នកណាម្នាក់បានដឹងដែរ។

បន្ទាប់ពីព្យាយាមតាមរកកូនស្រីអស់លទ្ធភាពទៅហើយ នៅតែមិនឃើញ ទើបនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ឪពុកម្តាយក្មេងស្រីខាងលើបានសម្រេចកាន់រូបថតកូនស្រីមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងបានប្រកាសអំពាវនាវដល់បងប្អូនមិត្តភក្តិ ក៏ដូចជាកូនស្រីផ្ទាល់ ប្រសិនបើបានឃើញការផ្សាយនេះហើយ សូមត្រឡប់មកផ្ទះវិញផង ព្រោះឪពុកម្តាយពិតជាមានការព្រួយបារម្ភពីសុខទុក្ខ សុវត្ថិភាពកូនស្រីខ្លាំងណាស់ និងកំពុងរង់ចាំកូនស្រីទាំងទឹកភ្នែក៕