Saturday, January 17, 2026
Homeព័ត៌មានជាតិលើកដំបូងក្នុងសិល្បៈ! តារាចម្រៀងតន់ ច័ន្ទសីម៉ា ចុះកុងត្រាកាត់លុយចំណូលសិល្បៈ២០% ទៅឲ្យអ្នកនិពន្ធយឹម តាស្រង់

លើកដំបូងក្នុងសិល្បៈ! តារាចម្រៀងតន់ ច័ន្ទសីម៉ា ចុះកុងត្រាកាត់លុយចំណូលសិល្បៈ២០% ទៅឲ្យអ្នកនិពន្ធយឹម តាស្រង់

តារាចម្រៀងតន់ ច័ន្ទសីម៉ា បានផ្ដិតមេដៃចុះកុងត្រាដោយស្ម័គ្រចិត្តចុះកុងត្រាជាមួយអ្នកនិពន្ធផលិតកម្ម Galaxy Navatra លោកយឹម តាស្រង់ ដោយព្រមកាត់ប្រាក់ចំណូលដល់ទៅ២០% ពីការច្រៀង សម្ដែង, ស្ពតពាណិជ្ជកម្ម ឬការថតកុន រួមទាំងសកម្មភាពទាំងឡាយដែលបានមកពីសិល្បៈរបស់នាង ដើម្បីជាការលើកទឹកចិត្តដល់អ្នកនិពន្ធរូបនេះក្នុងការធ្វើបទចម្រៀងឲ្យនាងច្រៀង។

នេះអាចជាប្រវត្ដិសាស្រ្ដដំបូងហើយដែលតារាចម្រៀងចេះគិតគូរដល់អ្នកនិពន្ធបែបនេះ ខណៈដែលការចុះកុងត្រានោះ មិនមែនចេះតែថា ឬនិយាយឲ្យរួចតែពីមាត់នោះទេ គឺមានលោកឧកញ៉ាឡេង ណាវ៉ាត្រា ចាងហ្វាងផលិតកម្ម Galaxy Navatra ធ្វើ ជាសាក្សីផងដែរ។

លោកឧកញ៉ាឡេង ណាវ៉ាត្រា បានឲ្យដឹងថា អ្នកនិពន្ធជាចំណុចផ្ដើមដែលធ្វើឲ្យអ្នកចម្រៀងទទួលបានជោគជ័យ ហើយក្រោយពីពួកគេបានល្បីតារាទាំងនោះ មានវីឡា រថយន្ដទំនើប និងមានទ្រព្យសម្បត្តិជាច្រើនរស់នៅយ៉ាងងាយស្រួល។ ប៉ុន្តែបើក្រឡេកមើលអ្នកនិពន្ធវិញ កម្រមានអ្នកណាជីវភាពធូរធាដូចអ្នកចម្រៀងណាស់។

លោកបន្ថែមថា ពេលអ្នកនិពន្ធឈឺវិញ រកតែប្រាក់ព្យាបាលជំងឺមិនបានផង អីចឹងហើយបានជាលោកលើកទឹកចិត្តឲ្យតារាចម្រៀងនៅផលិតកម្មលោក គួរតែគិតគូដល់អ្នកនិពន្ធ តួយ៉ាងដូចជា តន់ ច័ន្ទសីម៉ា នៅពេលនេះជាឧទាហរណ៍ជាក់ស្តែងតែម្ដង។

លោកឧកញ៉ាក៏បានសំណូមពរឲ្យតារាចម្រៀងផ្សេងទៀត គួរតែមើលអ្នកនិពន្ធមានសមត្ថភាព គួរតែផ្ដល់នូវអ្វីឲ្យស័ក្តិសមទៅអ្នកនិពន្ធដែលខំប្រឹងប្រែង ដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តក្នុងការនិពន្ធបទចម្រៀងដែលមានគុណភាពតទៅទៀត។

តារាចម្រៀងតន់ ច័ន្ទសីម៉ា បានឲ្យដឹងដែរថា ការចុះកុងត្រាខាងលើនេះ គឺដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំទេ ហើយមានរយៈពេលយូរអង្វែង។ នាងថា ពេញចិត្តក្នុងការកាត់ប្រាក់ចំណូលពីសិល្បៈ២០% ទៅឲ្យអ្នកនិពន្ធ ព្រោះដើម្បីជាការតបស្នងទៅអ្នកដែលនិពន្ធដែលធ្វើបទចម្រៀងឲ្យនាងច្រៀង។

ចំណែកលោកយឹម តាស្រង់ វិញ បានឲ្យដឹងដែរថា ទង្វើរបស់តារាចម្រៀងតន់ ច័ន្ទសីម៉ា គឺជាការតបស្នងដ៏ធំមួយដែលលោកបានលើកស្ទួយនាពេលកន្លងមក ក៏ដូចជាការលើកទឹកចិត្តដល់អ្នកនិពន្ធទូទៅផងដែរ។ លោកថានឹងព្យាយាមផលិតបទចម្រៀងឲ្យសីម៉ា ច្រៀងបន្ថែមទៀត ដោយក្នុង១ខែ មិនក្រោម១០បទឡើយ៕

RELATED ARTICLES