សម្ដេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងមាតុភូមិនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជា វិញហើយ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ក្រោយពីបានសម្រាកព្យាបាលព្រះរោគនៅមន្ទីពេទ្យរដ្ឋ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មួយរយៈ។

ព្រះសង្ឃព្រមទាំងមន្រ្ដីសង្ឃ សមណនិស្សិត សមណសិស្ស រួមទាំងមន្រ្ដីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនា ជាច្រើនបានទៅទទួលថ្វាយព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍របស់សម្ដេចជាអម្ចាស់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមច្រកពិសេស។

ក្នុងបេសកម្មអមដំណើររយៈពេលចំនួន២ខែកន្លងទៅ គណៈប្រតិភូអមដំណើរសម្ដេចមហារាជសង្ឃ បំពេញព្រះរាជទស្សនកិច្ច និងព្យាបាលព្រះរោគនៅបរទេស ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ រួមមាន ព្រះនិស្ស័យសត្ថា សៀរ ភារ៉ា ព្រះលេខាធិការផ្ទាល់ព្រះមហាសង្ឃរាជ ព្រះឥន្ទសិរីវង្សតាត វិបុល , ព្រះមហាឈឿន សុនី, លោកជំទាវជា សំអេង , ឯកឧត្តមចាន់ ជា និងលោកព្រឹម ច្រឹក។

ថ្វីត្បិតតែសម្ដេចព្រះសង្ឃទ្រង់អាពាធព្យាធិមួយចំនួន ដែលចាំបាច់ឲ្យវេជ្ជបណ្ឌិតឯកទេសពិនិត្យព្យាបាល ប៉ុន្តែព្រះអង្គនៅតែឆ្លៀតផ្សាយពីសាសនា ភាពរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ដល់ប្រជាជនវៀតណាម ផងដែរ។ នេះជាសកម្មភាពលើកកម្ពស់វិស័យពុទ្ធសាសនា ទាំងក្នុងនិងក្រៅស្រុក ក្នុងន័យចេះជួយថែរក្សាការពារ និងផ្ដល់ឱវាទដល់ប្រជាជនគ្រប់ជាតិសាសន៍ ឲ្យចេះស្រលាញ់រាប់អានគ្នា កសាងអ្វីជាសន្ដិភាពទៅវិញទៅមក។

យោងតាមអាការៈព្រះកាយ ព្រះអង្គរងអាពាធផ្នែកតំរងនោម ដោយក្រុមគ្រូពេទ្យនៅវៀតណាម សម្រួលការព្យាបាលបានធូរស្បើយច្រើន។ ក្រៅពីនេះព្រះអង្គបានវះកាត់ភ្នែក ដើម្បីសម្រួលការទតឲ្យបានប្រសើរ។ ប៉ុន្ដែយ៉ាងណាមិញ ព្រះសង្ឃរាជនៅតែបន្ដចាកចេញទៅពិនិត្យតាមដានរោគអាពាធនៅប្រទេសវៀតណាម តាមស្ថានការជាក់ស្ដែង។

ជាទម្លាប់ គឺព្រះអង្គយាងទៅសម្រាកព្យាបាលព្រះរោគនៅប្រទេសវៀតណាម និងមិនទៅប្រទេសណាទៀតទេ ខណៈមន្ទីរពេទ្យប្រទេសវៀតណាម ទទួលសស្វាគមន៍យ៉ាងយកចិត្តទុកដាក់និងកក់ក្ដៅណាស់។

ដោយឡែក ពុទ្ធិបរិសទ្ធទាំងក្នុងនិងក្រៅប្រទេស ពេលទទួលដំណឹងការយាងនិរត្តន៍មកដល់មាតុភូមិវិញ ម្នាក់ៗបួងសួងដល់វត្ថុស័ក្តិសិទ្ធិលើលោក បីបាច់ថែរក្សាសម្ដេចសង្ឃទេព វង្ស ពោរពេញដោយព្រះសុខភាពល្អ ដើម្បីបន្ដដឹកនាំវិស័យព្រះពុទ្ធសាសនាខ្មែរយើងតទៅទៅមុខទៀត៕




