សៀមរាប ៖ ខណៈដែលមនុស្សពេញពិភពលោកកំពុងបារម្ភពីករណីផ្ទុះវីរូសកូរ៉ូណាទូទាំងពិភពលោកនោះ ស្រាប់តែនៅក្នុងប្រទេសកម្ពូជាឯណេះវិញ មានមនុស្សប្រុសស្រី២នាក់រស់នៅខេត្តសៀមរាបបានបង្ហោះសារថាមានករណីឆ្លងវីរូសនេះចំនួន៤ករនីក្នុងសណ្ឋាគារប៉ាស៊ីហ្វិក។

បន្ទាប់ពីអ្នកទាំង២បង្ហោះសារនេះភា្លម ធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើល និងបារម្ភយ៉ាងខ្លាំង ចំណែកអាជ្ញាធរខេត្តសៀមរាបក៏បានចេញសេចក្តីបំភ្លឺភ្លាមៗផងដែរ។
បើតាមសមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានហៅមនុស្ស២ (ស្រីម្នាក់ ប្រុសម្នាក់) មកសាកសួរ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការឆ្លងជម្ងឺផ្លូវដង្ហើមវីរុសកូរ៉ូណាខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ការឃាត់ខ្លួនមនុស្ស២នាក់ខាងលើនេះ បន្ទាប់ពីពួកគេបង្ហោះព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ដោយអះអាងថា មានករណីឆ្លងវីរុសកូរ៉ូណា ចំនួន៤ករណីនៅសណ្ឋាគារប៉ាស៊ីហ្វិក ខេត្តសៀមរាប។ កាបង្ហោះសារបែបនេះអាចជាចេតនាអាក្រក់របស់ជនបំពុលសង្គមដើម្បីបំភ័យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កុំឲ្យមកទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងបង្កចលាចលសង្គមតែប៉ុណ្ណោះ ។

សមត្ថកិច្ចបន្ថែមថា មនុស្សទាំង២នាក់ខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ថា គិតត្រឹមម៉ោងជិត៩ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វីរូសកូរ៉ូណា បានសម្លាប់មនុស្សរហូតដល់១៣២នាក់ និងអ្នកកំពុងឆ្លងជំងឺនេះមានរហូតដល់៥៩៧៤នាក់៕