Monday, November 24, 2025
Homeព័ត៌មានជាតិត្រកូលរើសអេតចាយ ទទួលបានម៉ូតូ១គ្រឿង

ត្រកូលរើសអេតចាយ ទទួលបានម៉ូតូ១គ្រឿង

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធ២នាក់រស់នៅក្នុងជីវភាពទីទ័លក្រយ៉ាងខ្លាំង និងមិនមានចំណេះជំនាញអ្វីជាប់ខ្លួន ទើបចាប់យករបរដើររើសអេតចាយ ដោយនាំកូនតូច៤នាក់ដើររើសអេតចាយតាមផ្លូវនានាក្នុងក្រុងប៉ោយប៉ែត ដើម្បីចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃ លុះអភិបាលក្រុងប៉ោយប៉ែតប្រទះឃើញមានការអាណិតអាសូរក៏បានផ្តល់ម៉ូតូ១គ្រឿងជូនក្រុមគ្រួសារមួយនេះ គ្រាន់សម្រាលទុកលំបាកជិះដើររើសអេតចាយ។

តាមប្រភពពីអាជ្ញាធរក្រុងប៉ោយប៉ែត បានឱ្យដឹងថា គ្រួសារអនាថាគ្មានទីកន្លែងស្នាក់នៅ និងមានជីវភាពខ្វះខាតខ្លាំង ព្រមទាំងមានកូន៤នាក់នៅក្នុងបន្ទុកខាងលើត្រូវបានលោកអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ឧបត្ថម្ភម៉ូតូ១គ្រឿងនិងថវិកាមួយចំនួន គ្រាន់បានដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ការប្រគល់អំណោយខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

ទាក់ទិននឹងការជួយដល់ជនខ្សត់ខ្សោយនេះដែរ លោកអភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា កន្លងទៅ ក្រុមគ្រួសាររើសអេតចាយ មួយនេះ តែងដើររើសអេតចាយតាមដងផ្លូវ គ្មានលំនៅច្បាស់លាស់ឡើយ យប់ត្រង់ណា ដេកត្រង់ហ្នឹង ហើយនៅព្រឹកថ្ងៃទី១០មករា ក្រុមគ្រួសារនេះ បានមកសុំឱ្យសាលាក្រុងជួយឧបត្ថម្ភម៉ូតូ និងសម្ភារៈប្រើប្រាស់មួយចំនួន។ ក្រោយមកលោកក៏បានសម្រេចចិត្តជូនម៉ូតូ១គ្រឿង ដល់គាត់សម្រាប់យកទៅប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតតទៅមុខទៀត។

សម្ភារៈដែលលោកអភិបាលក្រុង បានជួយដល់ជនខ្វះខាតដែលមានមុខរបររើសអេតចាយនោះ រួមមាន ម៉ូតូ១គ្រឿងម៉ាក ហុងដាវ៉េវសេ១២៥ ស៊េរីឆ្នាំ២០១៦ មួកការពារសុវត្ថិភាព១ កៅស៊ូតង់១ ថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀតផងដែរ៕

RELATED ARTICLES