ភ្នំពេញ ៖ ក្រុមប្រឆាំងនិងប្រជាពលរដ្ឋស្រលាញ់បរិស្ថាន និងទ្រព្យសម្បត្តិរបស់ជាតិ បានអំពាវនាវទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយដល់ទន្លេផង! បន្ទាប់ពីមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុករឿងចាក់ដីលុបសមុទ្រ ឥឡូវឈានដល់បទល្មើសចាក់ដីវាតទីលុបទន្លេទៀត។
រូបភាពជាច្រើនសន្លឹកស្តីពីសកម្មភាពចាក់ដីវាតទីលុបទន្លេត្រូវបានចែកចាយគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែមិនមានការបញ្ជាក់ទីតាំងច្បាស់លាស់ទេ គឺគ្រាន់តែបញ្ចេញមតិយោបល់រៀងៗខ្លួនក្នុងន័យចង់ផ្ញើសារឱ្យដឹងដល់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកមុត ចន្ថា ជំនួយការលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរភ្ជាប់ជាមួយរូបភាពនោះនៅក្នុងគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ថា “រូបនេះមិនដឹងពិតឬយ៉ាងទេ គឺគេកំពុងចាក់ដីបំពេញទន្លេ! បើសិនជាពិតចំណាត់ការរបស់អាជ្ញាធរមិនគ្រាន់តែបញ្ឈប់ការទន្ទ្រានយកដីរដ្ឋប៉ុណ្ណោះទេ តែត្រូវមានវិធានការច្បាប់ប្រឆាំងនឹងម្ចាស់ទីតាំងនិងអ្នកបម្រើចាក់ដីបំពេញទន្លេ”។
គណនីហ្វេសប៊ុក “Ry Hong” បានសរសេរភ្ជាប់ជាមួយរូបភាពចាក់ដីលុបទន្លេនោះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ថា “ស្រុកយើងចាក់ដីបណ្តុះច្រាំង ទោះដល់ពាក់កណ្តាលទន្លេក៏គ្មានសមត្ថកិច្ចណាមើលឃើញ និងចាត់វិធានការដែរ!”។

ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ថា លោកបានឃើញព័ត៌មាននេះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដែរ តែលោកពិបាកតាមដានរកឱ្យឃើញប្រភពច្បាស់លាស់ណាស់ ព្រោះអ្នកថតរូបភាពបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះមិនបានសរសេរបញ្ជាក់ទីតាំងឱ្យច្បាស់។ ទោះយ៉ាងណា បើមានបទល្មើសបែបនេះមែនជាកំហុសរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលផ្គើនទៅនឹងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី។
លោកពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ខ្ញុំឃើញព័ត៌មានហ្នឹងគេលុបទន្លេ មានឡានកំពុងចាក់តែអាចំណុចទីតាំងមិនដឹងនៅឯណាឱ្យច្បាស់ អ្នកថតនោះមិនព្រមរកប្រភពព័ត៌មានឱ្យច្បាស់ទេ ហើយយើងទៅស៊ើបស្រាវជ្រាវម៉េចឃើញ។ ខ្ញុំឃើញ! ប៉ុន្តែជាមូលដ្ឋានយើងត្រូវដឹងព័ត៌មានឱ្យច្បាស់ តើអ្នកដែលចាក់ហ្នឹងទទួលសិទ្ធិអីដើម្បីចាក់លុបទន្លេហ្នឹង? ដូច្នេះហើយខ្ញុំនឹងពិបាកនឹងស្រាវជ្រាវដែរ ព្រោះអ្នកលេងប្រព័ន្ធហ្វេសប៊ុកយើងមួយចំនួនបង្ហោះតែរូបភាព ហើយសរសេរតែអាសូរទ្រព្យសម្បត្តិជាតិ តែអត់បង្ហាញទីតាំងស្រាវជ្រាវ វាយឺតការយឺតពេល។
លោកពេជ្រ ស្រស់ បន្តថា “អ៊ីចឹងបានថាពិបាកណាស់ ព្រោះដូចខ្ញុំជម្រាបអ៊ីចឹង វាពិបាកស្រាវជ្រាវអ្នកផ្តល់ព័ត៌មានហ្នឹងមិនមានភាពឆ្លាតវៃក្នុងការផ្តល់ទីតាំងឱ្យច្បាស់។ កាលបើគាត់ផ្តល់តម្រុយទីតាំងច្បាស់ គឺខ្ញុំចុះទៅពិនិត្យជាក់ស្តែងតែម្តង ទៅដល់ទីតាំងហ្នឹងតែម្តង ដើម្បីស្រាវជ្រាវឱ្យដឹងមូលហេតុ។ គាត់បង្ហោះមកនិយាយតែអាសូរៗដល់អ៊ីចឹងវាប្រៀបបានប្រជាជនឃើញចោរ ចង្អុលថាចោរៗ ប៉ុន្តែមិនដឹងនៅភូមិណាឃុំណា ឱ្យប៉ូលិសទៅចាប់ម៉េចបាន”។

លោកពេជ្រ ស្រស់ បន្តទៀតថា “ក្នុងន័យនេះ ខ្ញុំសុំផ្តាំទៅប្រជាពលរដ្ឋទាំងអស់ដែរ កុំឆោតល្ងង់ពេក ឃើញហេតុការណ៍ត្រង់ណា សរសេរឱ្យច្បាស់បន្តិចមកឱ្យតែច្បាស់តែទីតាំងមកបានហើយ ភូមិ-ឃុំ ចំណុចណាមក គឺសមត្ថកិច្ចក៏ដូចជាខ្ញុំអ្នកឃ្លាំមើលហ្នឹងចុះទៅស្រាវជ្រាវហើយ ដល់ពេលគាត់បង្ហោះមកអ៊ីចឹង ដូចរាវម្ជុលក្នុងបាតសមុទ្រអ៊ីចឹង មិនដឹងទៅរកឯណាទម្រាំតែរកឃើញហ្នឹង គេចាក់ ណែនខ្ទេចខ្ទីអស់ហើយហ្នឹងទៅធ្វើអីអ៊ីចឹង”។
លោកពេជ្រ ស្រស់ បន្ថែមថា “តាមរូបភាពហ្នឹងវាពិបាកនឹងបង្ហាញសមត្ថកិច្ចឱ្យច្បាស់ចំ ប៉ុន្តែយើងមើលឃើញថាការចាក់លុបមែន ប៉ុន្តែមិនដឹងលុបលើដីគេមានស្រាប់ពីមុនមកឬក៏យ៉ាងណា? វាអាចដីក្បែរច្រាំងទន្លេហ្នឹងជាដីរបស់គេ ដល់ពេលយើងថតពីចំហៀងទៅយើងឃើញហាក់ដូចជាចាក់ទន្លេអ៊ីចឹង។ អ៊ីចឹងខ្ញុំពិបាកនឹងផ្តល់ពីព័ត៌មានឱ្យទៅសមត្ថកិច្ច ក៏ដូចជាសាធារណជនតាមដានណាស់”។
លោកពេជ្រស្រស់ បន្ថែមទៀតថា “នៅពេលដែលលុបទន្លេ បឹងបួ សមុទ្រ គឺវាខុសច្បាប់ហើយ ប៉ុន្តែជួនកាលទៅហ្នឹងលុបអាច្រាំងមាត់ទន្លេដែលគេមានប្លង់ យើងទៅចង្អុលថាគេខុសច្បាប់ម៉េច បើដីគេមានប្លង់ អាកន្លែងហ្នឹងយើងត្រូវសិក្សាលម្អិតមែនទែន មិនមែនចេះតែញោះតាមពួកលេងហ្វេសប៊ុកទេ។

ប៉ុន្តែក្នុងរូបភាពចាក់ទន្លេគឺខុសច្បាប់ ហើយវាផ្គើននឹងអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី តែម្តងក្នុងការទប់ស្កាត់ឱ្យចាក់រំលោភយកទន្លេ យកបឹង យកសមុទ្រ អីហ្នឹងជាដើម គឺវាប៉ះពាល់ ពីព្រោះឱ្យតែរបស់រដ្ឋហើយទៅលុបមកធ្វើរបស់ឯកជន វាអត់តុល្យភាព វាធ្វើឱ្យទ្រព្យសម្បត្តិជាតិរបស់យើងហ្នឹងវាហិនហោច ប៉ុន្តែសំខាន់បំផុតហ្នឹង គឺថាផ្គើននូវប្រសាសន៍របស់សម្តេចតេជោ ដោយអាជ្ញាធរមិនយកចិត្តទុកដាក់ជាមួយនឹងប្រសាសន៍របស់សម្តេចតេជោ។ និយាយឱ្យស្រួលស្តាប់បទបញ្ជានាយករដ្ឋមន្ត្រី មិនមានអ្នកគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួនតែម្តង”។
ប្រធានគណបក្សយុវជនកម្ពុជា ថា “វាមានតែការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះបុគ្គលដែលទៅចាក់បំពានទ្រព្យសម្បត្តិរដ្ឋហ្នឹងទេ មិនអាចនិយាយមួយម៉ាត់ហើយឱ្យវាចប់មិនមែនទេ ទាល់តែថ្នាក់ក្រោមរបស់រាជរដ្ឋាភិបាលហ្នឹងយកច្បាប់មកអនុវត្តឱ្យបានតឹងរ៉ឹងបំផុត ទើបបញ្ចប់សកម្មភាព រំលោភយកទ្រព្យសម្បត្តិរដ្ឋ ហើយបើថ្នាក់ក្រោមមិនខ្វាយខ្វល់ឈឺក្បាលជាមួយបទបញ្ជានាយករដ្ឋមន្ត្រីផង មិនខ្វល់ពីរឿងច្បាប់ផង។

អ្នកដែលទៅទប់ស្កាត់មានតែបួនប្រាំនាក់ ឯអ្នកដែលប្រព្រឹត្តមានរាប់ពាន់នាក់ ហើយសេនាធិការរាជរដ្ឋាភិបាលមានរាប់ពាន់នាក់មិនអើពើផងទប់ស្កាត់មិនជាប់ទេ ដីមួយ មិនអាចទៅលាតត្រដាងទឹកសមុទ្រជិតនោះទេ ទាល់តែមានការចូលរួមពីអាជ្ញាធរថ្នាក់ភូមិថ្នាក់ឃុំ-សង្កាត់ ថ្នាក់ខេត្ត ថ្នាក់មន្ទីរ ឱ្យចេះឈឺឆ្អាលរឿងការការពារទ្រព្យសម្បត្តិជាតិផង ទើបសម្បត្តិជាតិទាំងអស់ហ្នឹង វានៅគង់វង្ស។
ហើយបើពឹងមនុស្សតែបួនប្រាំគ្រាប់ទៅទប់ស្កាត់ទូទាំងប្រទេស វាទប់ស្កាត់មិនបាន។ អ៊ីចឹងលុះត្រាតែមន្ត្រីថ្នាក់ក្រោមជាតិហ្នឹងស្មោះត្រង់ជាមួយជាតិ ស្មោះត្រង់ជាមួយសម្តេចតេជោ ហើយបើពួកគាត់យកសម្តេចតេជោ ធ្វើជាអាជីវកម្មអាហ្នឹងខ្ញុំមិនដឹងថាម៉េចដែរ…”៕
កុលបុត្រ