Monday, November 24, 2025
Homeព័ត៌មានជាតិលួចឡានចិន បុកទម្លុះប៉ុស្តិ៍ត្រួតពិនិត្យ ជាប់ខ្នោះ

លួចឡានចិន បុកទម្លុះប៉ុស្តិ៍ត្រួតពិនិត្យ ជាប់ខ្នោះ

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ប្រទះឃើញជនជាតិចិនចុះពីលើរថយន្តទិញផ្លែឈើ ដោយមិនបានពន្លត់ម៉ាស៊ីន ក៏ឆ្លៀតពេលឡើងបើករថយន្តរបស់ជនជាតិចិនរត់គេចខ្លួន និងថែមទាំងព្យាយាមបើកទម្លុះប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចទៀតផង ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់នាំយកទៅចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នៅចំណុចក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីលួចរថយន្ត១គ្រឿងរបស់ជនជាតិចិនម្នាក់ ក្នុងខណៈពេលដែលជនរងគ្រោះចុះពីរថយន្តទៅទិញផ្លែឈើដោយមិនបានពន្លត់រថយន្តក៏ត្រូវជនសង្ស័យឆ្លៀតពេលបើករថយន្តគេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្ថែមថា បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការគ្នាធ្វើការរុករកនិងដាក់កម្លាំងស្ទាក់ចាប់នៅតាមគោលដៅសំខាន់ៗ និងតាមបណ្តោយផ្លូវជាតិលេខ៤។

រហូតដល់វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបានបើករថយន្តដែលលួចបាននោះសំដៅទៅរាជធានីភ្នំពេញ ពេលទៅដល់ស្រុកព្រៃនប់ ក៏ឆ្លងកាត់កន្លែងត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ច ក៏នាំគ្នាស្ទាក់ហៅអ្នកបើករថយន្តឱ្យឈប់ តែមិនព្រមឈប់ រួចបានបន្ថែមល្បឿនបុកទំលុះកន្លែងត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ច តែមិនបណ្តាលឱ្យគ្រោះថ្នាក់កម្លាំងសមត្ថកិច្ចទេ ដោយសារបានត្រៀមលក្ខណៈជាមុន ហើយបានបើករថយន្តដេញ តាមរហូតស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យតែម្តង។

ជនរងគ្រោះឈ្មោះ WANG QIFU ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ បាត់បង់រថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ត្រាវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-7810។

ជនសង្ស័យឈ្មោះសុវណ្ណ សេងលៀង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។ វត្ថុតាងចាប់យកបានរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ត្រាវ ពាក់ស្លាកលេខព្រះសីហនុ 2A-7810 (ជារបស់ជនរងគ្រោះ)។

ចំពោះករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES