ភ្នំពេញ ៖ ជនជាតិចិន២នាក់ខ្វះការប្រុងប្រយ័ត្នចម្អិនម្ហូបរួចទុកភ្លើងចោល ចេញជាអណ្តាតភ្លើងបង្កឱ្យមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នង ក្នុងនោះឆេះអស់១ខ្នងទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅហាងកាត់សក់ជនជាតិចិន យីហោរចនាបថអន្តរជាតិ មានទីតាំងនៅក្រោយប៉ុស្តិ៍នគរបាលបឹងកេងកង២ តាមបណ្តោយមហាវិថីព្រះមុនីវង្ស ផ្ទះលេ៥៣៩ ក្រុម១ ភូមិ១ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយពេញផ្ទះជួលរបស់ឈ្មោះ ZHAO JI KUI អាយុ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះកើតហេតុជាប្រភេទផ្ទះថ្មលាយឈើប្រក់ស័ង្កសី ដោយសារជនជាតិចិនដែលជួលស្នាក់នៅនោះ ចម្អិនម្ហូបទុកចោលខ្វះការប្រុងប្រយ័ត្ន ក៏បណ្តាលឱ្យភ្លើងឆាបឆេះឡើងតែម្តង ផ្អើលអស់ប្រជាពលរដ្ឋនៅជិតៗនោះភ័យស្លន់ស្លោនាំគ្នារើអីវ៉ាន់រត់ចេញពីផ្ទះ។

ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋក៏បានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់ និងបានទាក់ទងហៅខាងរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ភ្លាមៗអស់ជាច្រើនគ្រឿង ទើបភ្លើងដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងនោះរលត់ទៅវិញ តែក្នុងនោះ១ខ្នងឆេះអស់ទាំងស្រុង។

ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះទាំង៣បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកេងកងទី២ ទារសំណងចំនួន៥ម៉ឺនដុល្លារ ពីជនជាតិចិន ជាអ្នកបង្ក តែមិនមានលទ្ធភាពសងទៅខាងម្ចាស់ផ្ទះនោះទេ ទើបសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕