Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ពិសាបាយ លែងគិតរឿងអនាម័យ ដោយសារដីហុយ

សម្តេចហ៊ុន សែន ពិសាបាយ លែងគិតរឿងអនាម័យ ដោយសារដីហុយ

បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រើពេលជិត៤៨ម៉ោង ដើម្បីដឹកនាំបញ្ជាផ្ទាល់ដល់ក្រុមសង្គ្រោះដើម្បីស្វែងរកកម្មករដែលបានបាត់ខ្លួនក្នុងហេតុការណ៍បាក់ស្រុតរលំអគារ៦ជាន់នោះ សម្តេចនិងមន្ត្រីក្រោមឱវាទបានពិសាអាហារកញ្ចប់ដោយមិនបានពិនិត្យអនាម័យនោះទេ។

សម្តេចហ៊ុន សែន បានបង្ហោះសារថា “ពាក្យចាស់ពោលថា (ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ) ពិតជាមិនខុសនោះទេ។ គិតពីម៉ោង១២ថ្ងៃ៣មករារហូតដល់ម៉ោង១៣ថ្ងៃ ៤មករា ជាង២៤ម៉ោង ខ្ញុំមិនបានទទួលទានបាយទេគ្រាន់តែផឹកទឹកធម្មតាប៉ុណ្ណោះ។

ទាំងខ្ញុំទាំងសម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំផ្សេងទៀតសុទ្ធតែឃ្លានដូចគ្នា។ យើងបានយកបាយសម្រាប់ផ្គត់ផ្គង់ជូនកម្លាំងចូលរួមរុករក និងជួយសង្គ្រោះមួយប្រអប់ម្នាក់មកទទួលទាន”។

សម្តេចបន្តថា “ពិតជាឆ្ងាញ់ហើយ យើងលែងគិតពីអនាម័យដោយសារដីហុយចេញពីអាគារបាក់រលំពេលគ្រឿងចក្រកំពុងបុកនិងកាយគំនរបាក់បែកនោះហើយ។

ខ្ញុំទទួលទានអស់ប្រហែល១ភាគ៥នៃបាយក្នុងប្រអប់ ប៉ុន្តែសម្តេចក្រឡាហោម ស ខេង អស់ជាងពាក់កណ្តាលឯណោះ។ នេះពិតជា (ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ) មែន។ អរគុណសន្តិភាព!”។

គួបញ្ជាក់ថា ករណីបាក់ស្រុតអគារកម្ពស់៦ជាន់នៅខេត្តកែប ត្រូវបានបិទបញ្ចប់ការរុករកកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បណ្តាលមនុស្សរងរបួសនិងស្លាប់ចំនួន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) និងអ្នករងរបួស២៣នាក់៕

RELATED ARTICLES