បន្ទាប់ពីបាក់ស្រុតរលំអគារកម្ពស់៦ជាន់ បណ្តាលឲ្យមនុស្សស្លាប់និងរងរបួស២៥នាក់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប បានចេញលិខិតមួយច្បាប់ប្រកាសប្រាប់ថា អគារមួយនេះគឺសាងសង់ខុសលិខិតអនុញ្ញាត ដែលក្នុងលិខិតអនុញ្ញាតឲ្យសង់តែកម្ពស់៥ជាន់ទេ តែម្ចាស់សំណង់សង់ឡើងបន្តរហូតដល់៧ជាន់នោះ លោកផែង វណ្ណៈ ថា ប្រធានមន្ទីរមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប បិទភ្នែកឲ្យសាងសង់បន្ត។

លោកផែង វណ្ណៈ បានបង្ហោះសារថា “រកឃើញកំហុសសង់ខុសលិខិតអនុញ្ញាតតាំងពីខែធ្នូ ២០១៩ ហេតុអ្វីមិនបញ្ឈប់ការសាងសង់ ?

នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប បានចុះពិនិត្យសំណង់អាគារនោះឃេីញថា សង់ខុសពីលិខិតអនុញ្ញាត។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់៥ជាន់ទេ តែម្ចាស់សំណង់សង់ឡើងបន្តរហូតដល់៧ជាន់ បណ្ដាលអោយបាក់រលំនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០តែម្ដង ។

ការរកឃើញកំហុសសាងសង់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ មិនព្រមចេញលិខិតផ្អាក ឬបញ្ឈប់ការសាងសង់ ហើយនៅតែបន្តអោយសាងសង់ គឺជាកំហុសដ៏ធ្ងន់ធ្ងររបស់លោកវ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប ។ ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ។

យើងរង់ចាំមើលថាតើមន្ត្រីណាខ្លះពាក់ព័ន្ធនឹងករណីបាក់រលំអគារនៅខេត្តកែប ដែលបណ្ដាលអោយស្លាប់មនុស្ស និងរបួសច្រើននាក់នោះ”។

តាមលិខិតរបស់រដ្ឋបាលខេត្តកែប បានបញ្ជាក់ឲ្យដឹងថា គិតមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់និងរបួសក្នុងហេតុការប្រាក់ស្រុតអគារកម្ពស់៦ជាន់ឡើងដល់២៣នាក់ ស្លាប់៥នាក់ (ស្រី៣នាក់)។

គួរបញ្ជាក់ថា កាលពីម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មានហេតុការណ៍បាក់ស្រុតរលំអគារកម្ពស់៦ជាន់ មានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកំពត។

ក្រោយពេលកើតហេតុ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ចុះទៅពិនិត្យផ្ទាល់នៅកន្លែងកើតហេតុផងដែរ៕


