Monday, November 24, 2025
Homeព័ត៌មានជាតិស្រុកកណ្តាលស្ទឹង សមត្ថកិច្ចចុះបង្ក្រាបទីតាំងកែច្នៃ ដកហូតឡានកាត់ត១៩គ្រឿង

ស្រុកកណ្តាលស្ទឹង សមត្ថកិច្ចចុះបង្ក្រាបទីតាំងកែច្នៃ ដកហូតឡានកាត់ត១៩គ្រឿង

ខេត្តកណ្តាល ៖ រថយន្តកែច្នៃខុសបច្ចេកទេសចំនួន១៩គ្រឿង ត្រូវបានកម្លាំងចម្រុះខេត្តកណ្តាល ចុះបង្ក្រាបនិងដកហូត បន្ទាប់ពីសមត្ថកិច្ចបានទៅត្រួតពិនិត្យទីតាំងកែច្នៃរថយន្តចំនួន២កន្លែង នៅស្រុកកណ្តាលស្ទឹង។

ប្រតិបត្តិការខាងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ក្រោមការសម្របសម្រួលនីតិវិធីដោយលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការសហការរវាងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្តាល អធិការស្រុកកណ្តាលស្ទឹង កម្លាំងប៉ុស្តិ៍រដ្ឋបាលកម្លាំងមន្ទីរសាធារណការ ខេត្តកណ្តាល និងអាជ្ញាធរភូមិ-ឃុំបានទៅត្រួតពិនិត្យយាន្តដ្ឋានចំនួន២កន្លែង។

យានដ្ឋានទី១-មានយីហោ លី ហុង ជួសជុលរថយន្ត យានដ្ឋាននេះមានលិខិតអនុញ្ញាតពីមន្ទីរសាធារណការខេត្តកណ្តាល  មានទីតាំងស្ថិតនៅចំណុច ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ដែលមានម្ចាស់ទីតាំងឈ្មោះ ង៉ាន់ សាវន ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅបច្ចុប្បន្ននៅភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ពាក់ព័ន្ធនឹងយានដ្ឋាននេះ គឺមានច្បាប់តែជួសជុលប៉ុណ្ណោះ ដោយឡែកកម្លាំងចម្រុះបានពិនិត្យ ឃើញថាមានការកែច្នៃរថយន្តពីរថយន្តទ្រុងតទៅជារថយន្តបែន ជាប្រភេទរថយន្តកាត់ត និងចង្កូតស្តាំ រថយន្តដែលបានយកមកកែច្នៃមានចំនួន១២គ្រឿង មានម្ចាស់រៀងៗខ្លួន។ ក្នុងនោះរថយន្តម៉ាក NISSAN DESEL ៩គ្រឿង ម៉ាក CAN TTER 2RK ISUZU ១គ្រឿង។

ចំណែកយានដ្ឋានទី២-ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។ យានដ្ឋានទី២នេះ កម្លាំងចម្រុះបានត្រួតពិនិត្យឃើញមានរថយន្តកែច្នៃចំនួន៧គ្រឿងបន្ថែមទៀត។

ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងជំនាញបានអូសរថយន្តកាត់តកែច្នៃខុសបច្ចេកទេសទាំង១៩គ្រឿងខាងលើទៅរក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES