Monday, November 24, 2025
Homeព័ត៌មានជាតិបុរសរងការចោទប្រកាន់លួចថតស្រី ក្នុងបន្ទប់ទឹក ចេញមុខបកស្រាយ

បុរសរងការចោទប្រកាន់លួចថតស្រី ក្នុងបន្ទប់ទឹក ចេញមុខបកស្រាយ

បន្ទាប់រងការចោទប្រកាន់ពីម្ចាស់ការ៉ាស់សាំង PTT សារុន វិថូរ៉ាត់ ថា បានលួចមើលនិងសកម្មភាពនារីៗដែលបានចូលក្នុងបន្ទប់ទឹកស្អាតនោះ ពេលនេះបុរសដែលត្រូវរងការចោទប្រកាន់បានចេញមុខបកស្រាយពីស្ថានភាពនៅពេលនោះ។

បុរសដែលរងការចោទប្រកាន់ សិរីរដ្ឋ បានបង្ហោះសារថា “ ខ្ញុំបានចេញពីមន្ទីរពេទ្យវិញហើយ ! សូមរលឹកកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រហែលជា៨យប់ ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញ មកផ្ទះ (តាកែវ) ។ លុះមកដល់ចំណុចគួរស្រូវ ខ្ញុំបានចូលការ៉ាសសាំង PTT បំណងចាក់សាំង តែខ្ញុំបានចូលបន្ទប់ទឹកសិន ។ ប៉ុន្តែដោយភ្លេចមើល ខ្ញុំក៍ចូលបន្ទប់ទឹកនារី ពេលចូលទៅដល់ទើបបានដឹង ហើយក៍រៀបដើរចេញមកវិញ ស្រាប់តែមានបុរសៗស្រែកថា “រ៉ែងធ្វើអី” ។ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេញ ស្រាប់តែពួកគេរត់មកវាយខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរ តែរត់មិនទាន់“។

លោកសិរីរដ្ឋ បានបន្តថា “(សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភាពលូចថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះក៍មិនមែនថ្ងៃទី ១៦ ធ្នូដែរ)។ បក្សពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ ។ ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំណំ ។ ថៅកែរូបនោះបានសំឡុតសួរខ្ញុំថា តើអ្នកណាជួលខ្ញុំមកអុកឡុកកន្លែងគាត់ ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុកទេ ហើយក៍គ្មានអ្នកណាជួលដែរ ។ ថៅកែបានបង្ខំឲ្យឆ្លើយថាអ្នកណាជួល គាត់ឲ្យរួចខ្លួន តែបើមិនឆ្លើយទេ នឹងបន្តឲ្យកូនចៅវាយរហូតដល់ស្លាប់ ។ តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេ”។

លោកបន្តទៀតថា “ទីបំផុត ប៉ូលីសបានមកដល់ ។ សូមបញ្ជាក់ថា “បើប៉ូលីសមិនបានមកដល់ទេ ខ្ញុំប្រហែលជាត្រូវកូនចៅថៅកែវាយរហូតដល់ស្លាប់” ។ ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេព្រោះខ្ញុំមិនចង់វែងឆ្ងាយ តែខ្ញុំសរសេរសារនេះដើម្បីកុំឲ្យសាធារណ:ជនស្តាប់តែម្ខាងៗ“។

លោកបន្ថែមថា “ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះហេតុការណ៍នេះ

១. បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃាត់ខ្លួនខ្ញុំហើយបញ្ជូនឲ្យប៉ូលីស ព្រោះប្រទេសមានច្បាប់ ។

២. ការប្រើអំហិង្សា(ឲ្យកូនចៅវាយខ្ញុំដូចសត្វ) ជាបទល្មើសព្រហ្មទណ្ឌ ។ ថៅកែដឹងច្បាប់តែបំពានច្បាប់បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។

៣. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយអនុក្រឹត្យ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ទង្វើរបស់ថៅកែបំពានមន្រ្តីរបស់សម្តេច ស្មើនឹងបំពានសម្តេច។

៤. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយ ព្រះករុណាជីវិតដំកល់លើត្បូង នរោត្តម សីហមុនី ។ ទង្វើរបស់ថៅកែមកលើខ្ញុំ គឺបំពានព្រះចេស្តារបស់ព្រះមហាក្សត្រ។

៥. ខ្ញុំបានប្រាប់ថា ខ្ញុំជាគ្រូបង្រៀនទេ មានរឿងអីនិយាយគ្នាបាន តែលោកថៅកែមិនបានប្រាប់ឲ្យកូនចៅឈប់វាយខ្ញុំទេ ។ ទង្វើរបស់លោកគឺមើលងាយគ្រូបង្រៀន លោកមានអ្វីៗដូចសព្វថ្ងៃនេះក៍ដោយសារគ្រូបង្រៀនដែរ ។

*សូមបងប្អូនគិតពិចារណាតាមការគួរ ។ សូមអរគុណ !”។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់សង្ស័យកើតរោគចិត្តបានចូលបន្ទប់ទឹកក្នុងការ៉ាស់សាំងមួយកន្លែង ធ្វើសកម្មភាពលួចមើលមនុស្សស្រីចូលបន្ទប់ទឹក ហើយត្រូវសន្តិសុខនិងអ្នកជិតខាងចាប់បានហើយបានវាយមួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។

ម្ចាស់ការ៉ាស់សាំង PTT ឈ្មោះសារុន វិថូរ៉ាត់ បានចេញវីដេអូរៀបរាប់ដោយបង្ហាញមុខជនសង្ស័យផងដែរថា “សូមជម្រាបសួរ ខ្ញុំឈ្មោះសារុន វិថូរ៉ាត់ ខ្ញុំជាម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT ផ្លូវជាតិលេខ២ រង្វង់មូលកួរស្រូវ តាមបងប្អូនដឹងហើយពីទឹកចិត្ត និងមនុស្សខ្ញុំយ៉ាងម៉េច អ្វីគឺសៗ អ្វីគឺខ្មៅៗ អ្វីជាសុច្ចរឹតៗ អ្វីជាទុច្ចរឹតៗ តែថ្ងៃនេះខ្ញុំសូមអំពាវនាវប្រាប់បងប្អូនថា ម្នាក់នេះ (ជនសង្ស័យ) ជាជនពាល និងមានអ្នកជួលពីក្រោយ ដើម្បីឲ្យគាត់មកអុកឡុកកន្លែងបន្ទប់ទឹកស្អាតរបស់ស្ថានីយប្រេងឥន្ធនៈ PTT សារុន វិថូរ៉ាត់ នៅរង្វង់មូលកួរស្រូវ នៅផ្លូវជាតិលេខ២”។

លោកវិថូរ៉ាត់ បានបន្តថា “គាត់មកកន្លែងនេះធ្វើសកម្មភាពដូចជា រត់ចូលបន្ទប់ទឹកស្រី ឱនចូលមើលក្នុងបន្ទប់ទឹកស្រី មើលមនុស្សស្រីធ្វើសកម្មភាពអ្វី និងមានបំណងមើលប្រដាប់ភេទស្រី អ៊ីចឹងខ្ញុំក៏សម្រេចចិត្តបង្ហោះវីដេអូមួយឃ្លីបនេះ និងរូបភាបដទៃៗទៀតដែលបុគ្គលិករបស់ស្ថានីយ វីថូរ៉ាត់ PTT ដែលចាប់បាន និងអ្នកជិតខាងបានវាយគាត់”។

លោកវិថូរ៉ាត់ បន្ថែមថា “អ៊ីចឹងខ្ញុំក៏សម្រេចចិត្តបង្ហោះរូបភាពនេះ និងបញ្ជូនគាត់ទៅឲ្យប៉ូលិស និងច្បាប់ជាអ្នកដោះស្រាយ សូមអរគុណដល់អតិថជន ខ្ញុំសារុន វិថូរ៉ាត់ សូមអភ័យទោស និងអធ្យាស្រ័យដល់អតិថនដែលតែងតែគាំទ្រស្ថានីយប្រេងឥន្ធនៈ PTT វិថូរ៉ាត់ ថ្ងៃនេះខ្ញុំមានដំណឹងល្អចាប់បានជនពាលហើយ សាធុៗៗ”៕

RELATED ARTICLES