Monday, November 24, 2025
Homeព័ត៌មានជាតិម៉ាស្សាបានបន្តិច ដូរឲ្យកោសខ្យល់វិញ... ស្រីៗនាំគ្នាផ្អើលឆោឡោ

ម៉ាស្សាបានបន្តិច ដូរឲ្យកោសខ្យល់វិញ… ស្រីៗនាំគ្នាផ្អើលឆោឡោ

ខេត្តកណ្តាល ៖ បុរសម្នាក់បានកើតមានអាការមិនសូវស្រួលខ្លួន ទើបចូលទៅហាងម៉ាស្សាមួយកន្លែងដើម្បីរកសេវាម៉ាស្សាសម្រួលសរសៃ លុះនារីម៉ាស្សាជួយម៉ាស្សាឱ្យបានបន្តិចក៏ប្រាប់ឱ្យឈប់ និងជួយកោសខ្យល់ឱ្យវិញ លុះកោសខ្យល់រួចក៏សម្ងំដេក តែមិនបានប៉ុន្មានក៏កើតមានអាការឈឺក្បាលកន្ត្រាក់ដៃជើង ធ្វើឱ្យកើតមានការផ្អើលឆោឡោនិងជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

បុរសជនរងគ្រោះខាងលើ មានឈ្មោះហេង ទីតូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានចូលទៅម៉ាស្សានៅក្នុងហាងមួយកន្លែងយីហោ ៧៤៤ សម្បត្តិដៃទិព្វ ស្ថិតនៅភូមិឃុំកើតហេតុ។

លុះចូលទៅដល់ នារីម៉ាស្សាម្នាក់បានជួយម៉ាស្សាឱ្យជនរងគ្រោះតាមធម្មតា លុះពេលម៉ាស្សាបានបន្តិចជនរងគ្រោះបានឱ្យនារីម៉ាស្សាជួយកោសខ្យល់ខាងមុខឱ្យខ្លួនវិញ រួចហើយក៏សំងំដេកក្នុងបន្ទប់លង់លក់ទៅ។

លុះដល់វេលាម៉ោង២រសៀលថ្ងៃដដែល ជនរងគ្រោះមានសភាពឈឺក្បាលបែកញើស និងកន្ត្រាក់ដៃជើង ម្ចាស់ផ្ទះម៉ាស្សាបានហៅម៉ូតូកង់បីដឹកទៅមន្ទីរពេទ្យបង្អែកស្រុក លុះពេលទៅដល់មន្ទីរពេទ្យបង្អែក ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ករណីនេះ សមត្ថកិច្ចជំនាញផ្នែកពិនិត្យ សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្ត គ្រូពេទ្យ ក្រុម-ប្រឹក្សាឃុំ មេភូមិ និងក្រុមគ្រួសារសពបានពិនិត្យឃើញថា ក្បាលដងខ្លួន និងអវយវៈពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារកើតអាការខ្យល់គរ។

ក្រោយធ្វើកោសល្យវិច័យ និងកំណត់ហេតុរួច សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES