ខេត្តបាត់ដំបង ៖ បុរសជាមន្ត្រីនគរបាលជើងខ្លាំងម្នាក់ បន្ទាប់ពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកមិនដឹងជាមួយម៉ៅក្តៅចិត្តរឿងអ្វី ក៏ស្រាប់តែដកកាំភ្លើងខ្លីបាញ់គំរាមគេឯងអស់១៤គ្រាប់ តែសំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ គ្រាន់តែបង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ និងត្រូវសមត្ថកិច្ចចុះវាយខ្នោះខ្មាន់កាំភ្លើងជើងខ្លាំង នាំយកទៅចាត់ការតាមច្បាប់។
ករណីប៉ូលិសស្រវឹងបាញ់បោះសេរី១៤គ្រាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិអូដាលើ ឃុំបឹងរាំង ស្រុកកំរៀង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីនគរបាលជាខ្មាន់កាំភ្លើងរូបនេះ មានឈ្មោះនៅ លីដា ឋានន្តរសក្តិវរសេនីយត្រី ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអន្តរជាតិ “ដូង” ក្នុងស្រុកកំរៀង។ ជននេះបានប្រើប្រាសអាវុធខ្លីធុន SIG SAUER បាញ់បោះសេរីអស់ចំនួន១៤គ្រាប់គំរាមគេឯង។
យ៉ាងណា មូលហេតុដែលនាំឱ្យមន្ត្រីនគរបាលរូបនេះបាញ់បោះផ្អើលទាំងយប់នេះ មិនត្រូវបានគេបង្ហើបឱ្យដឹងនោះទេ គ្រាន់តែប្រាប់ថា គ្រាប់កាំភ្លើងជាច្រើនគ្រាប់របស់ប៉ូលិសស្រវឹងជោកនោះមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កជាខ្មាន់កាំភ្លើងខាងលើស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ មិនដឹងជាមានរឿងអ្វី ក៏ដកកាំភ្លើងមកកាន់ស្រែកគំរាមគេឯងក្បែរខាងគ្រប់គ្នា រួចក៏បាញ់អស់ចំនួន១៤គ្រាប់ តែមិនធ្វើឱ្យអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយ គ្រាន់តែបង្កការភ័យឆោឡោរត់ជាន់ជើងគ្នាតែប៉ុណ្ណោះ។

បន្ទាប់មកប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ឃាត់ខ្លួនជនប្រដាប់អាវុធបាញ់បោះសេរីឈ្មោះនៅ លីដា ទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។
ដោយឡែក នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញសំបកគ្រាប់ចំនួន៩គ្រាប់ និងដកហូតកាំភ្លើងខ្លី១ដើម គ្រាប់ក្នុងបង់៣គ្រាប់ និងគ្រាប់ក្នុងប្រអប់ដែលនៅសល់ចំនួន១០៦គ្រាប់ ព្រមទាំងរថយន្ត១គ្រឿង ម៉ាក Lexus RX-300 ពាក់ស្លាកលេខ ភ្នំពេញ 2AI-9043។

ជុំវិញករណីមន្ត្រីអន្តោប្រវេសន៍ច្រកដូងបាញ់បោះសេរីខាងលើនេះ គេមិនទាន់ដឹងថា តើសមត្ថកិច្ចនឹងបញ្ជូនខμនា់កាំភ្លើងរូបនេះ ទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការបន្តឬក៏អត់នោះទេ?
ប៉ុន្តែមហាជនកំពុងរង់ចាំតាមដានយ៉ាងយកចិត្តទុកដាក់ អំពីចំណាត់ការតាមផ្លូវច្បាប់ទៅលើ មន្ត្រីពុលស្រាបាញ់បោះយ៉ាងអនាធិបតេយ្យនេះ៕