ភ្នំពេញ ៖ យុវតីវ័យក្មេងស្រស់ម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងបងស្រីរបស់ខ្លួនតិចតួច ស្រាប់តែចេញពីផ្ទះបាត់អស់រយៈពេល១០ថ្ងៃមកហើយ មិនទាន់ឃើញត្រឡប់មកផ្ទះវិញសោះ ទោះជាក្រុមគ្រួសារដើរតាមរកសព្វកន្លែងយ៉ាងណា ក៏មិនឃើញសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការបារម្ភពីសុវត្ថិភាពជាខ្លាំង។
យុវតីដែលរត់ចេញពីផ្ទះរូបនេះ មានឈ្មោះយឿន យ៉ាន អាយុ១៩ឆ្នាំ កម្ពស់១,៦០ ម៉ែត្រ មានលំនៅក្នុងភូមិសាវាំង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។

តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើបានឱ្យដឹងថា យុវតីរូបនេះបានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដោយសារខឹងបងស្រី។
ក្រុមគ្រួសារបន្តថា នៅមុនពេលកើតហេតុ យុវតីខាងលើបានកើតមានទំនាស់ពាក្យសម្តី ជាមួយនឹងបងស្រីបង្កើតរបស់ខ្លួនតិចតួច ស្រាប់តែក្រោយមកមិនដឹងថាយ៉ាងម៉េច ស្រាប់តែយុវតីរូបនោះបានចេញបាត់ពីផ្ទះតែម្តង ដោយគ្មានដំណឹងអ្វីទាំងអស់ មិនដឹងថាទៅដល់ណាជាមួយយ៉ាងណា ឬសុខទុក្ខយ៉ាងណានោះទេ។

ប្រភពដដែលបន្តថា បន្ទាប់ពីយុវតីខាងលើចេញបាត់ពីផ្ទះ ក្រុមគ្រួសារបាននាំគ្នាតាមស្វែងរកសព្វកន្លែងដែរ ប៉ុន្តែរកមិនឃើញសោះ ដោយគិតមកដល់ពេលនេះមានរយៈពេល១០ថ្ងៃមកហើយ នៅតែគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារបារម្ភពីសុត្ថិភាពនាងជាខ្លាំងនិងព្រួយបារម្ភថា ខ្លាចនាងជួបជនខិលខូចល្បួងយកទៅធ្វើបាប។
ជាមួយនេះ ក្រុមគ្រួសារបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ០៩៦ ៦១៥១ ២១៥ ដោយក្តីអនុគ្រោះផងចុះ៕