Monday, November 24, 2025
Homeព័ត៌មានជាតិលុយជាង៧០០លាន... មនុស្សជាង១០០នាក់ព័ទ្ធចាប់

លុយជាង៧០០លាន… មនុស្សជាង១០០នាក់ព័ទ្ធចាប់

ខេត្តបាត់ដំបង ៖ ក្រុមអ្នកលេងតុងទីនប្រមាណជាង១០០នាក់ ដែលអះអាងថា បានចាញ់បោកមេតុងទីនរបស់ខ្លួនក្នុងម្នាក់ៗអស់ប្រាក់រាប់សិបលានរៀល បានលើកគ្នាមកដល់ខាងមុខសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីប្តឹងសុំឱ្យស្ថាប័នតុលាការជួយរកយុត្តិធម៌ជូនពួកគាត់ដែលត្រូវមេតុងទីនស៊ីដាច់ប្រាក់សរុបប្រមាណជាង៧០០លានរៀល ក្រោយពីមេតុងទីនរូបនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបាន២ថ្ងៃ។

មេតុងទីនដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះរស់ បូរិន ហៅគ្រូនី អាយុ៤៩ឆ្នាំ មានមុខរបរគ្រូបង្រៀន មានប្រពន្ធឈ្មោះណែម ផល អាយុ៤៨ឆ្នាំ និងមានលំនៅក្នុងភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់។

មេតុងទីនខាងលើត្រូវបានឃាត់ខ្លួន បន្ទាប់ពីមានកូនតុងទីនរាប់រយនាក់បានប្តឹងចោទប្រកាន់ថា បានកើបប្រាក់តុងទីនជាង៧០០លានរៀល រួចនាំប្រពន្ធកូនរត់ តែត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ បានបុរសជាប្តី (រស់ បូរិន)។

ក្រុមអ្នកតវ៉ាបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ដោយសារតែពួកគាត់ជាកូនតុងទីន បានដឹងតម្រុយថា មេតុងទីនខាងលើកំពុងរៀបចំផែនការរំដោះប្រពន្ធកូនចេញពីផ្ទះ ជាមួយនឹងបង្វេចប្រាក់រាប់រយលានរៀលផងនោះ ទើបពួកគាត់បាននាំគ្នាដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថឱ្យជួយអន្តរាគមន៏ភ្លាមៗតែម្តង តែយ៉ាងណាប្រពន្ធនិងកូនៗរបស់មេតុងទីនរូបនេះបានស្ពាយបង្វេចសាច់ប្រាក់រត់គេចខ្លួនពីផ្ទះបាត់អស់ទៅហើយ។

តាមការអះអាងរបស់ក្រុមកូនមេតុងទីនជាជនរងគ្រោះ បានឱ្យដឹងថា ពួកគាត់ម្នាក់ៗអស់ប្រាក់យ៉ាងតិច៥លានរៀល និងខ្លះទៀតអស់ពីខ្ទង់៥០លាន ទៅ៦០លាន រៀលឯណោះ។

តាមសម្តីស្ត្រីឈ្មោះអែម ហន អាយុ៥៧ឆ្នាំ រស់នៅភូមិព្រះស្រែ ឃុំស្នឹង បានឱ្យដឹងថា គាត់បានលេងតុងទីនជាមួយមេឈ្មោះរស់ បូរិន ហៅគ្រូនី និងប្រពន្ធចំនួន១០ក្បាល ដែលមានទឹកប្រាក់ចំនួន២៥លានរៀល។ កន្លងមកគាត់បានព្យាយាមសុំដេញយកទាំង១០ក្បាលនោះជាច្រើនលើកមកហើយ ប៉ុន្តែមេតុងទីនចេះតែរកលេសរារាំងមិនឱ្យគាត់មានឱកាសដេញឡើយ។

ចំណែកស្ត្រីឈ្មោះស វណ្ណា អាយុ៤០ឆ្នាំ បានអះអាងថា គាត់បានលេងតុងទីនជាមួយគ្រួសារគ្រូនី ជាច្រើនឆ្នាំមកហើយ មានចំនួន៣២ក្បាល និងមានសាច់ប្រាក់សរុបចំនួន៦០លានរៀល។ កន្លងមកគាត់បានព្យាយាមសុំមេតុងទីនដេញយកប្រាក់ទៅរកស៊ី តែមេតុងទី២នាក់ ប្តីប្រពន្ធនេះបានប្រើល្បិចលើកហេតុផលមិនចេះចប់ ដើម្បីរាំងខ្ទប់មិនឱ្យគាត់ដេញឡើយ។

ដោយឡែកកូនតុងទីនផ្សេងទៀតបានលើកឡើងថា ហេតុផលដែលមេតុងទីននោះ តែងលើកមកនិយាយដើម្បីមិនឱ្យកូនៗដេញយកសាច់ប្រាក់ដូចជា ក្បាលតុងទីនខ្លះងាប់ ឬកូនៗខ្លះមិនព្រមបង់ប្រាក់។ មេតុងទីនប្តីប្រពន្ធនេះបានលើកហេតុផលបែបនេះ ធ្វើជាលេសហើយប្រកាសប្រាប់កូនៗតុងទីនរាប់រយនាក់ថា មេគ្មានប្រាក់សម្រាប់ឱ្យកូនៗដេញយកទេ។

ផ្ទុយទៅវិញ ជារៀងរាល់ខែគ្មានកូនតុងទីនណាម្នាក់ដែលថាដល់ថ្ងៃបង់ប្រាក់ឱ្យមេហើយ ពួកគេមិនព្រមបង់ដូចសំដីមេតុងទីននេះទេ។ ពួកគេបានបញ្ជាក់ថា ពួកគេទាមទាឱ្យមេតុងទីនឈ្មោះរស់ បូរិន ហៅគ្រូនី ឆ្លើយនៅចំពោះមុខតុលាការថា តើមានកូនៗមួយណាឈ្មោះអ្វី ដែលដល់ថ្ងៃបង់ប្រាក់ហើយមិនព្រមបង់?

ក្រុមអ្នកតវ៉ានេះបានសំណូមពរសុំឱ្យតុលាការជួយរកយុត្តិធម៌ដល់ពួកគេដែលចាញ់បោកមេតុងទីន ខាងលើនេះផង។ ព្រោះពួកគេម្នាក់ៗអស់ប្រាក់អស់ទ្រព្យសម្បត្តិសម្បើមណាស់ អ្នកខ្លះអស់ទាំងប្លង់ដីធ្លីទៀតផងដោយសារតុងទីន។

បើតាមកូនតុងទីនទាំងនោះបានអះអាងថា អ្នកចាញ់បោកគេទាំងជាង១០០នាក់នោះ បើសរុបជាសាច់ប្រាក់ជាង៧០០លានរៀល ដែលប្រពន្ធនិងកូនៗមេតុងទីននេះបានវេចបង្វិចរត់ចោលស្រុក។ នេះមិនទាន់គិតដល់ទឹកប្រាក់កូនតុងទីនជាច្រើននាក់ទៀតដែលមិនបានប្តឹង។

ទោះបីយ៉ាងណា នេះគ្រាន់តែជាការលើកឡើងរបស់ក្រុមអ្នកលេងតុងទីនដែលបានចោទប្រកាន់ទៅលើមេរបស់ខ្លួន បន្ទាប់ពីមេតុងទីននោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ។

យោងតាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា មេតុងទីនខាងលើត្រូវបានតុលាការដោះលេងវិញហើយ តាំងពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមិនឱ្យអ្នកតវ៉ានៅខាងមុខតុលាការដឹងឡើយ ហើយក៏មិនមានការសម្របសម្រួលរវាងភាគីទាំង២ដែរ ហើយពេលនេះត្រូវបានក្រុមគ្រួសារជន្លៀសចេញកាន់រាជធានីភ្នំពេញបាត់ហើយ។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនមេតុទីនខាងលើបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES