ខេត្តកណ្តាល ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ ចាប់ឃាត់ខ្លួន រួមជាមួយនឹងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៩កញ្ចប់ យកមកអធិការដ្ឋាននគរបាលក្រុង ចាត់ការតាមច្បាប់។
ករណីនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះម៉ៅ ស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យឈ្មោះម៉ៅ រស្មី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះឈ្មោះម៉ៅ ក្នុងភូមិឃុំកើតហេតុ។

ចំណែកជនសង្ស័យ៣នាក់ ដែលរត់គេចខ្លួនទី១-ឈ្មោះម៉ៅ ទី២- ឈ្មោះភ័ក្រ និងទី៣-ឈ្មោះឡុង។ ពួកគេមានលំនៅភូមិ-ឃុំកើតហេតុ។
ក្នុងការចាប់ខ្លួននេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនចំនួន៩កញ្ចប់ធំល្មម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនផងដែរ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ បានទទួលព័ត៌មានច្បាស់ការថា មានជនសង្ស័យកំពុងជួញដូរគ្រឿងញៀននៅភូមិ-ឃុំកើតហេតុខាងលើភ្លាមនោះ ក៏ចុះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយរលំ ទៅចំណុចកើតហេតុ ឃើញជនសង្ស័យមួយក្រុមកំពុងជួញដូរនិងប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចបានចាប់ខ្លួនក្មេងស្រីម្នាក់ និងដកហូតថ្នាំញៀន៩កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួន។

ដោយឡែក ជនសង្ស័យ៣នាក់ទៀត បានរត់គេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ៅ រស្មី បានសារភាពថ្នាំញៀននេះ គឺជារបស់ឈ្មោះភ័ក្រ យកមកឱ្យឈ្មោះម៉ៅ ដើម្បីលក់បន្តទៀត៕