Monday, November 24, 2025
Homeព័ត៌មានជាតិខែត្រជាក់ធ្លាក់ខ្យល់ពីជើង!!! សម្តេចអើយជួយផង សាលាអត់ជញ្ជាំង សិស្សអង្គុយ រៀនសែនរងា

ខែត្រជាក់ធ្លាក់ខ្យល់ពីជើង!!! សម្តេចអើយជួយផង សាលាអត់ជញ្ជាំង សិស្សអង្គុយ រៀនសែនរងា

ខេត្តកំពង់ចាម ៖ ខែត្រជាក់ធ្លាក់ខ្យល់ពីជើងបានធ្វើឱ្យសិស្សអង្គុយរៀននៅក្នុងថ្នាក់រៀនអត់ជញ្ជាំង នៃសាលាបឋមសិក្សាមួយ សែនរងា ទើបធ្វើឱ្យនាយកសាលានិងលោកគ្រូ អ្នកគ្រូ នៅក្នុងសាលាកម្សត់មួយនេះអំពាវរកជំនួយជាក្តារមកបាំងជញ្ជាំងសាលារៀន ជាពិសេសសុំសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយផ្តល់អគារសិក្សាដល់សាលាបឋមសិក្សានេះឱ្យសិក្សានុសិស្សបានរៀនសូត្រសមរម្យផង។

សាលារៀនអត់ជញ្ជាំងបាំងខ្យល់នេះ មានឈ្មោះថា សាលាបឋមសិក្សាស្វាយផ្អែម ស្ថិតក្នុងតំបន់ដាច់ស្រយាលប្រមាណ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម ស្ថិតក្នុងភូមិភ្នំក្រហម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សាលានេះមានការខ្វះខាត ដូចជាត្រូវការសម្ភារសិក្សាសម្រាប់ក្មេង១៤០នាក់ នឹងគ្រូ៣នាក់។ អគារហាក់ទ្រុឌទ្រោមមានទំហំត្រឹមតែ៦គុណ៤ម៉ែត្រ ត្រូវចែកជា២បន្ទប់ សម្រាប់សិស្សថ្នាក់ទី១ដល់ទី៤។ ករណីសំខាន់បំផុត គឺសាលាត្រូវការក្តារមួយចំនួនសម្រាប់បាំងជញ្ជាំង និងតុក្មេងៗ ហើយបន្ទប់រៀន ពិតជាតូចចង្អៀតខ្លាំងណាស់ សម្រាប់កុមារ១៤០នាក់ ក្នុងការអង្គុយរៀន។

ដូច្នេះហើយទើបនាយកសាលា និងគ្រូនៅក្នុងសាលានេះ ស្នើសុំថា អាណិតកុមារដែលស្រេកឃ្លានការសិក្សាទាំងនេះ ឱ្យទទួលបានអគារសមរម្យជាងនេះផង ដើម្បីទំពាំងស្នងឬស្សីសម្រាប់កម្ពុជា សូមបងប្អូនសប្បុរសជន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាចជួយតាមលទ្ធភាពតាមទឹកចិត្ត។

លោកស៊ឹម ផាន់ណា អាយុ៥៣ឆ្នាំ នាយកស្តីទីសាលាបឋមសិក្សាស្វាយផ្អែម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ថា ដំបូងឡើយ សាលាបឋមសិក្សាស្វាយផ្អែម ស្ថិតនៅក្នុងភូមិភ្នំក្រហម តែក្រោយមកចាស់ព្រឹទ្ធាចារ្យ គណៈកម្មការអាចារ្យវត្តបានសម្រេចយកមកដាក់នៅក្នុងវត្តស្វាយផ្អែម ហើយត្រូវវត្តចែកដីឱ្យទំហំបណ្តោយ៨០ម៉ែត្រ ទទឹង៤០ម៉ែត្រ ដើម្បីសាងសង់ជាអគារសិក្សា ប៉ុន្តែកន្លងមក រហូតដល់ពេលនេះសាលាគ្មានលទ្ធភាពសង់អគារល្អ ឬអគារធ្វើពីថ្មដូចសាលាផ្សេងៗទេ គឺមានតែអគារឈើមានជញ្ជាំងបាំងពុំបាន ជិតជុំអត់ទ្វារ អត់បង្អួច។

ដូច្នេះហើយ សិស្សដែលមករៀនសាលានេះជួបការលំបាកច្រើនណាស់ ជាពិសេសខែនេះចំខែរងាផង សិស្សអង្គុយរៀនទាំងរងាខ្លាំងដែរ អ្នកខ្លះស្លៀកពាក់មិនសមជាខោអាវសិស្ស ពាក់អាវចាស់រហែក តែពួកគេយល់ដឹងពីការសិក្សាខ្លះដែរ ទាស់តែអត់សាលាល្អរៀននឹងគេ។ 

លោកស៊ឹម ផាន់ណា បានមានប្រសាសន៍ថា “បាទ! សាលាហ្នឹងមានជញ្ជាំងបីច្រក អត់ជញ្ជាំងមួយច្រកអត់ទ្វារ អត់បង្អួច។ គ្រូៗគាត់ទៅបង្រៀនហ្នឹង គាត់ចេះតែជួសជុលយកដែកកញ្ចាស់ខ្លះៗយកឈើបាំង ធ្វើម៉េចឱ្យបានជិតតែនៅតែមិនជិតដដែល។

ខ្ញុំធ្លាប់ស្នើទៅខាងចៅហ្វាយស្រុកឱ្យជួយដែរ តែគាត់ថា ចាំមើលក្រសួងអប់រំ ដោយសារតែសាលាហ្នឹងជាឧបសម្ព័ន្ធ មានន័យថា អត់មានការគ្រប់គ្រងដោយនាយកណាទេ វាអត់ទាន់គ្រប់ថ្នាក់ ទាល់ដល់៦ថ្នាក់ គឺមានត្រឹមតែពីថ្នាក់ទី១ដល់ទី៤ ហើយនៅតំបន់ដាច់ស្រយាលពីកន្លែងភូមិ-ឃុំហ្នឹង បន្តិច ទើបគេមិនទាន់យកចិត្តទុកដាក់ ដូច្នេះខ្វះទាំងសាលា ខ្វះទាំងតុ ព្រោះសាលាហ្នឹងតូចចង្អៀត ៤គុណនឹង៦ ហើយចែកចេញជាពីរបន្ទប់ទៀត។

ដូច្នេះចង់សំណូមពរឱ្យសប្បុរសជនជួយ ជាពិសេស ចង់ឱ្យប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រីជួយដែរ ព្រោះសិស្សលំបាកខ្លាំងក្នុងការសិក្សាហ្នឹង ពេលភ្លៀងខ្យល់ពេលអី។ ជាពិសេស ពេលភ្លៀងមកគឺអត់បានរៀនទេ ព្រោះភ្លៀងសាចចូល ហើយខែវស្សាហ្នឹងយ៉ាប់ខ្លាំង អត់សូវបានរៀនទៀងទាត់ទេ ជាក់ស្តែងពេលកំពុងបង្រៀនមានភ្លៀង គឺអត់បានរៀនទេ ឱ្យសិស្សជ្រកនៅហ្នឹងសិន។

តំបន់ហ្នឹងមានខ្យល់ព្យុះ ខ្យល់អី ពិបាកណាស់ សាចចូលរៀនអត់កើតទេ អ៊ីចឹងពេលខ្លះឃើញមេឃងងឹតមក ដើម្បីចៀសវាងគ្រោះថ្នាក់ឱ្យសិស្សចេញទៅផ្ទះមុនក៏មានដែរ ព្រោះធ្វើម៉េចបើសាលាហ្នឹង ជួបការលំបាកខ្លាំង”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES