Monday, November 24, 2025
Homeព័ត៌មានជាតិម៉ែក្មេកយំននៀលដី ខឹងកូនប្រសាចោទមុខលុយ

ម៉ែក្មេកយំននៀលដី ខឹងកូនប្រសាចោទមុខលុយ

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានអះអាងថា កូនស្រីរបស់គាត់បានភ្ជាប់ពាក្យជាមួយនឹងមេធាវីម្នាក់អស់រយៈពេល៣ឆ្នាំមកហើយ និងថែមទាំងបានចុះអេតាស៊ីវិល ព្រមទាំងរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធហើយចង់ផ្តាច់ទំនាក់ទំនងជាមួយគាត់ជាម្តាយចោលទៀត លុះគាត់តាមមកសួរនាំចង់ដឹងពីរឿងកូនៗរៀបការពេលណា ស្រាប់តែកូនប្រសាបោះសម្តីមើលងាយមើលថោកថាគាត់ជាម្តាយក្មេកមុខលុយ និងថែមទាំងនិយាយថាឱ្យគាត់១ម៉ឺនដុល្លារដើម្បីឱ្យឈប់មកទាក់ទងជាមួយកូនស្រីទៀត ជាហេតុធ្វើឱ្យគាត់ឈឺចិត្តខ្លាំងពេកស្រែកយំននៀលដីផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងបុរីធូលនស៊ីធី ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីជាម្តាយក្មេកដែលតូចចិត្តនឹងរឿងកូនប្រសាមើលងាយ រហូតទួញយំននៀលដីនោះ មានឈ្មោះនាង ពៅ អាយុ៥០ឆ្នាំ មានលំនៅឯខេត្តកោះកុង។

ដោយឡែក កូនស្រីបង្កើតរបស់ស្ត្រីខាងលើ មានឈ្មោះអ៊ុក ស្រីម៉ា អាយុ២០ឆ្នាំ មុខរបរជាអ្នកលក់ឡេ សព្វថ្ងៃរស់នៅផ្ទះកើតហេតុខាងលើ ជាមួយប្តីឈ្មោះឃាង ឆាយអៀង មុខរបរជាមេធាវី។

តាមសម្តីរីបស់ស្ត្រីជាម្តាយក្មេកបានទួញយំស្រែករៀបរាប់ថា កូនស្រីរបស់គាត់ឈ្មោះ អ៊ុក ស្រីម៉ា បានភ្ជាប់ពាក្យតាំងពីឆ្នាំ២០១៧មកម៉្លេះ ដោយកូនប្រសារបស់គាត់ឈ្មោះឃាង ឆាយអៀង បានសន្យាថា នឹងរៀបការនៅឆ្នាំ២០២០ខាងមុខ។

កាលពីពេលដែលពួកគេទាំង២នាក់ភ្ជាប់ពាក្យជាមួយគ្នានោះគឺកូនស្រីគាត់ទើបនឹងមានអាយុ១៧ឆ្នាំប៉ុណ្ណោះ លុះក្រោយមកកូនប្រសាប្រុសក៏បាននាំកូនស្រីគាត់ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) រួចក៏សុំយកកូនស្រីគាត់ទៅរស់នៅជាមួយគ្នា ដោយប្រាប់ថា ពួតដៃគ្នារកស៊ីមួយរយៈសិនមុននឹងរៀបការ។

តាំងពីពេលនោះមក ពោលគឺក្រោយពីបានមករួមរស់ជាមួយប្តីហើយ កូនស្រីគាត់ ហាក់ចាប់ផ្តើមផ្តាច់ទំនាក់ទំនងម្តាយកូន ជាមួយនឹងគាត់ ដោយពេលខ្លះគាត់ទូរស័ព្ទមកលើក តែពេលខ្លះកូនស្រីមិនខ្ចីលើកសោះ មិនដឹងថាមានបញ្ហាអ្វីនោះទេ។

ស្ត្រីជាម្តាយបានឱ្យដឹងទៀតថា តាំងពីភ្ជាប់ពាក្យរហូតមកដល់សព្វថ្ងៃ មានរយៈពេលជិត៣ឆ្នាំហើយ ណាមួយដោយសារជិតដល់ថ្ងៃកំណត់ថារៀបការផងនោះ ទើបគាត់ជាម្តាយបានទូរស័ព្ទទៅសួរកូនស្រីរឿងរៀបការ តែកូនស្រីប្រាប់ថា គេទើបនឹងទិញផ្ទះទិញឡានថ្មី អស់លុយហើយ។

ស្ត្រីជាម្តាយរូបនេះ បានបន្ថែមថា ដោយសារតែគាត់នឹកខ្មាសគេ រឿងកូនស្រីភ្ជាប់ពាក្យរាប់ឆ្នាំហើយ អត់រៀបការ ព្រោះកូនគេខ្លះភ្ជាប់ពាក្យក្រោយកូនស្រីគាត់ផង តែបានរៀបការអស់ទៅហើយ ហេតុនេះ ទើបគាត់ដាច់ចិត្តធ្វើដំណើរឡើងមកពីស្រុកកំណើតជាមួយម្តាយចាស់ម្នាក់ទៀត បំណងមករកកូនស្រីដល់ផ្ទះនៅភ្នំពេញ ដោយមានអ្នករួមការងារជាមួយកូនបាននាំគាត់មកដល់ផ្ទះ។

លុះពេលមកដល់ ឃើញកូនមានផ្ទះធំទ្រនំខ្ពស់ មានឡានទំនើបជិះ គាត់មិនហ៊ានចូលផ្ទះកូនទេ ហើយពេលនោះកូនទាំង២របស់គាត់បានហៅគាត់ចូលក្នុងផ្ទះ តែគាត់មិនហ៊ានចូលនិងបានសួរនាំរឿងរៀបការ ស្រាប់តែកូនប្រសាបានប្រើពាក្យមិនសមរម្យទៅលើគាត់ ដោយនិយាយថា “ងែងមកនឹងមករកតែលុយ” ហើយចោទគាត់ថាជាម្តាយមុខលុយ ព្រមទាំងបោះសម្តីថា នឹងឱ្យគាត់ ម៉ឺនដុល្លារដើម្បីឱ្យឈប់មកទាក់ទងជាមួយប្រពន្ធរបស់គេ (កូនស្រីបង្កើត) តទៅទៀត ជាហេតុធ្វើឱ្យគាត់ខឹងក៏បានជេរទៅកូនស្រីបង្កើតនិងកូនប្រសាវិញ ធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នា។

រហូតគាត់ខឹងចិត្តផងឈឺ ចាប់នឹងពាក្យសម្តីកូនប្រសាមើលងាយមើលថោកផង ក៏ដេកយំននៀលដីនៅមុខផ្ទះកូន តែម្តង ស្រាប់តែត្រូវកូនប្រសា ដែលជា មេធាវី បានទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ ភ្លាមៗផងដែរ នឹងថែមទាំងចង់ឱ្យប៉ូលិសចាប់ គាត់ជាម្តាយក្មេកដាក់គុកទៀតផង។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាស់មួយនេះ ក្រុមអ្នកសារព័ត៌មានបានព្យាយាមសុំការបំភ្លឺពីភាគីកូនស្រី និងកូនប្រសាប្រុសដែលជាមេធាវីនោះ ប៉ុន្តែប្តីប្រពន្ធអ្នកទាំងពីរសុំមិនធ្វើការពន្យល់អ្វីទាំងអស់ ដោយទុកឱ្យសមត្ថកិច្ចជាអ្នកដោះស្រាយ៕

RELATED ARTICLES