ភ្នំពេញ ៖ យុវតីម្នាក់នៅសុខៗក៏បាត់ដំណឹងឈឹង មិនដឹងជាទៅទីណាជាមួយអ្នកណា ទោះជាក្រុមគ្រួសារព្យាយាមទាក់ទងតាមស្វែងរកយ៉ាងណាក៏មិនឃើញសោះ ដោយគិតមកដល់ពេលនេះមានរយៈពេល៦ថ្ងៃមកហើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភប្រកាសតាមរកកូនស្រីឱ្យត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនរូបនេះ មានឈ្មោះអេង រំ អាយុ២០ឆ្នាំ បានបាត់ខ្លួននៅភ្នំពេញ តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មកម៉្លេះ។
តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានបញ្ជាក់ប្រាប់ថា យុវតីរូបនេះបានបាត់ខ្លួនតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនដឹងថាទៅទីណា និងទៅជាមួយអ្នកណានោះទេ ហើយគិតមកដល់ពេលនេះ មានរយៈពេល៦ថ្ងៃមកហើយ ដោយក្រុមគ្រួសារទាក់ទងមិនបានសោះ ជាហេតុធ្វើឱ្យមានការបារម្ភពីសុវត្ថិភាពរបស់នាងយ៉ាងខ្លាំង ខ្លាចជួបមនុស្សមិនល្អនាំយកទៅធ្វើបាប។

ក្រុមគ្រួសារយុវតីខាងលើបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញ ឬស្គាល់យុវតី ដែលមានភិនភាគដូចក្នុងរូបថត សូមជួយប្រាប់នាងឱ្យវិលត្រឡប់មកផ្ទះវិញផង ព្រោះសាច់ញាតិកំពុងមានការព្រួយបារម្ភណាស់ ហើយទោះបីជានាងធ្វើខុសយ៉ាងណា ក៏គ្រួសារមិនប្រកាន់ទោសអូសដំណើរអ្វីដែរ៕