Monday, November 24, 2025
Homeព័ត៌មានជាតិករណីចាក់ដីលុបឆ្នេរសមុទ្រផុតពីក្រុងព្រះសីហនុ ធ្លាយកំពត ដល់កោះកុង

ករណីចាក់ដីលុបឆ្នេរសមុទ្រផុតពីក្រុងព្រះសីហនុ ធ្លាយកំពត ដល់កោះកុង

ភ្នំពេញ ៖ ករណីចាក់ដីលុបឆ្នេរសមុទ្រ មកដល់ពេលនេះនៅមិនទាន់មានការស្ងប់ស្ងាត់នៅឡើយទេ ដោយលោកប្រធានគណបក្សយុវជនកម្ពុជា បានឱ្យដឹងថា ផុតពីក្រុងព្រះសីហនុ និងធ្លាយដល់កំពត ឥឡូវនេះសកម្មភាពនេះបានរាលដាលមកដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយ។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ថា “ស្របពេលអាជ្ញាធរខេត្តកោះកុង កំពុងរវល់ដោះស្រាយទំនាស់ដីធ្លីនៅតាមបណ្តាស្រុក បែរជាឈ្មួញដី ឈ្មោះទុន ដៀត ដែលគេស្គាល់ថាជាមន្ត្រីយោធាពាក់ផ្កាយពីរ បានសម្ងំលួចបោះបង្គោលនិងបូមខ្សាច់លុបឆ្នេរយ៉ាងរំភើយស្ថិតនៅភូមិស្មាច់ង៉ាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈ-ភូមិន្ទ ដោយសង្ស័យថា មានការបើកដៃពីចៅសង្កាត់និងអាជ្ញាធរជំនាញ ទើបមានការចាក់ដីដូច្នេះ។ ប្រភពបានពីប្រអប់សារផេករបស់ខ្ញុំ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ថា ករណីនេះលោកកំពុងតែឱ្យក្រុមការងារគណបក្សរបស់លោកចុះទៅស្រាវជ្រាវហើយៗបើបានលទ្ធផលយ៉ាងណា ឬពិតជាមានបទល្មើសនេះមែន លោកនឹងសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយដើម្បីថែរក្សាសម្បត្តិធម្មជាតិឡើងវិញ តែបើគ្មានការអើពើពីអាជ្ញាធរទេ លោកនឹងដាក់សំណើទៅសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំអន្តរាគមន៍តែម្តង។

លោកពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ព័ត៌មាននេះគឺបានមកពីប្រជាពលរដ្ឋដែលគាត់ផ្ញើមកខ្ញុំ នៅក្នុងប្រអប់សារផេក។ ការពិតទៅ គឺនៅក្រុងខេមរភូមិន្ទ នៅឯខេត្តកោះកុងទេ។ អ៊ីចឹងអ្វីដែលខ្ញុំទទួលបានព័ត៌មានដែលពលរដ្ឋរៀបរាប់នោះ ខ្ញុំមើលឃើញថា វាមានការចាក់លុបមែន គឺបោះបង្គោលចាក់លុបមែន តែខ្ញុំមិនដឹងថា អ្នកដែលហ៊ានចាក់លុបហ្នឹងទទួលបានសិទ្ធិពិសេសអីពីអាជ្ញាធរទេ បានហ៊ានចាក់លុបសមុទ្រ ព្រោះតែកាលណាធ្វើអ្វីនៅលើដែនសមុទ្រ វាខុសច្បាប់ហើយ។

បើសិនជាធ្វើច្បាប់នោះ តែទោះបីមានច្បាប់ក៏ដោយ ប៉ុន្តែច្បាប់នោះកើតឡើងដោយគោលការណ៍ អភិវឌ្ឍ ឬក៏កើតឡើងដោយអំពើពុករលួយបានជាមានឈ្មួញ ហើយជាតម្រុយ ឈ្មួញហ្នឹងផ្កាយពីរទៀត ដែលហ៊ានចាក់លុបសមុទ្រហ្នឹង។ អ៊ីចឹងខ្ញុំមើលឃើញថា វាមានភាពមិនប្រក្រតី ហើយចំពោះការចាក់វាតទីយកសមុទ្រហ្នឹង”។

លោកពេជ្រ ស្រស់

លោកពេជ្រ ស្រស់ បន្តថា “ខ្ញុំបានបញ្ជូន ភ្នាក់ងាររបស់គណបក្សយុវជនកម្ពុជា ទៅស្រាវជ្រាវមួយជំហានសិន តើចាក់ហ្នឹងរបៀបម៉េច។ ក្រោយពីមន្ត្រីខ្ញុំប្រចាំការនៅខេត្តកោះកុង ហើយ ខ្ញុំនឹងធ្វើការសិក្សាស្រាវជ្រាវរបស់គាត់ បើចាំបាច់ ខ្ញុំនឹងចុះទៅខ្លួនឯងតែម្តង។ បើសិនជាការស្រាវជ្រាវបានលទ្ធផលហើយ យើងមានតែឱ្យអាជ្ញាធរខេត្តបំភ្លឺ ហើយក្រោយពេលអាជ្ញាធរខេត្តបំភ្លឺ យើងយកមកវិភាគសិក្សាមើល តើអ្វីដែលអាជ្ញាធរខេត្តបំភ្លឺ វាគួរទទួលយកបានអត់? ហើយវាប៉ះពាល់ដល់សម្បត្តិធម្មជាតិខ្មែរយើងអត់?

ខ្ញុំមានតែសំណូមពរឱ្យអាជ្ញាធរឃ្លាំមើលតាមឆ្នេរដែលជាឆ្នេររបស់ខ្មែរយើង ដែនសមុទ្រ ហើយជាពិសេសគឺចំពោះ សកម្មភាពនៅលើផ្ទៃសមុទ្រហ្នឹងតែម្តង ពីព្រោះប្រទេសកម្ពុជាយើង គឺមានសំណាងហើយដែលជាប់ដែនសមុទ្រ ប្រទេសខ្លះអត់មានសមុទ្រទេ។

អ៊ីចឹងយើងគួរតែអភិរក្ស ក៏ដូចជារក្សាដែនសមុទ្រជារបស់រដ្ឋ បានឱ្យប្រជាពលរដ្ឋយើងហ្នឹងអាស្រ័យផលទូទៅ តែកាលណាឈ្មួញមានលុយ មានអំណាច ទៅកាងយក វាបាត់បង់ប្រយោជន៍រួម។ អ៊ីចឹងខ្ញុំសុំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅខេត្ត តំបន់ដែលជាប់សមុទ្រ មេត្តាមើលឈ្មួញឬក៏អ្នកមានអំណាចដែលឆ្លៀតឱកាសទៅរំលោភយកដីសមុទ្រ ដែនសមុទ្រ ហើយនិងអនុវត្តឱ្យបានតឹងរ៉ឹងចំពោះបុគ្គលទាំងអស់នោះ”។

គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា ចុះពិនិត្យសកម្មភាពចាក់ដីរំលោភយកឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែង ក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយត្រូវកាយដីដែលបានចាក់បំពេញនោះចេញវិញដើម្បីរក្សាឆ្នេរធម្មជាតិឱ្យបានដូចដើម។

ភ្លាមៗនោះ លោកជា សុផារ៉ា ក៏បានចុះទៅដល់ទីតាំងដីឆ្នេរព្រែកត្រែង និងបានបញ្ជាឱ្យក្រុមហ៊ុនបញ្ឈប់ការចាក់ដីតទៅទៀត ក៏ប៉ុន្តែជាច្រើនខែមក មានព័ត៌មានថា មិនឃើញក្រុមហ៊ុននិងអាជ្ញាធរ ចុះទៅកាយដីដែលបានចាក់លុបនោះចេញវិញឡើយ។

ចំណែកនៅតំបន់ពយកំពេញ មានការចោទប្រកាន់ថា ក្រុមហ៊ុនឧកញ៉ាទ្រី ភាព ចាក់ដីលុបសមុទ្រ ប៉ុន្តែតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រ “ពយកំពេញ” ដែលកំពុងរៀបចំកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងកែលម្អឆ្នេរថ្មឱ្យទៅជាឆ្នេរខ្សាច់ ដែលអាចឱ្យសាធារណជននិងភ្ញៀវទេសចរចេញចូលកម្សាន្តបាន គឺកំពុងដំណើរការរៀបចំដើម្បីប្រយោជន៍សាធារណៈនិងរួមចំណែក អភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មាននេះទៀតថា ប្រជាពលរដ្ឋ១០៣គ្រួសារដែលបានរស់នៅ និងកាន់កាប់ដីជាក់ស្តែងតាំងពីឆ្នាំ១៩៨៦ មកនៅតំបន់ពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មដីនៅពយកំពេញនេះ ជូនប្រជាពលរដ្ឋទាំង១០៣ គ្រួសារជាកម្មសិទ្ធិ។

ដោយឡែក នៅចំណុចភ្នំដូង ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត  ឈ្មួញបានចាក់ដីលុបផ្ទៃសមុទ្រដែលបានបោះបង្គោលព្រំដីហើយ។ ការចាក់ដីលុបឆ្នេរនិងសមុទ្រនេះ ក្រោយពេលអភិបាលខេត្តកំពត បញ្ជាក់ថា ទីតាំងបោះបង្គោលព្រំដីលើសមុទ្រ មានប្លង់កម្មសិទ្ធិត្រឹមត្រូវ។

លោកពេជ្រ ស្រស់ បានមានប្រសាសន៍បន្ថែមលើចំណុចនេះថា “ចំណុចនេះហើយដែលវាស្មុគស្មាញមែនទែន ស្មុគស្មាញត្រង់ថា អ្នកហ៊ានធ្វើនៅតែហ៊ានធ្វើ តែអ្នកដែលមានអំណាចកម្ចាត់អ្នកហ៊ានធ្វើហ្នឹង គឺមិនមានអំណាចសោះ វាទៅជាអ្នកហ៊ានធ្វើហ្នឹង មានអំណាចគ្របដណ្តប់ទៅលើអាជ្ញាធរទៅវិញ។ អាហ្នឹងវាធ្វើឱ្យបាត់បង់ប្រយោជន៍សាធារណៈ បាត់បង់សម្បត្តិធម្មជាតិ។

អ៊ីចឹងអារឿងទាំងអស់ហ្នឹងហើយ ដែលវាពាក់ព័ន្ធនឹងការកាងអំណាច ព្រោះពេលខ្លះអាអ្នកទៅធ្វើទៅចាក់ហ្នឹង មិនមែនអំណាចតូចឯណា ធំជាងខេត្តទៀត អ៊ីចឹងគ្នាថ្នាក់ខេត្តធ្វើអត់កើត ធ្វើទៅខ្លាចធ្លាក់ស័ក្តិ ធ្វើទៅខ្លាចមានបញ្ហាអីអ៊ីចឹងលើការងាររបស់គាត់។

អ៊ីចឹងអានេះវាធ្វើឱ្យស្មុគស្មាញមែនទែន ខ្ញុំកំពុងតែស្រាវជ្រាវរកមូលដ្ឋានច្បាប់ ក៏ដូចជាភ័ស្តុតាងណាមួយដើម្បីដាក់ទៅរាជរដ្ឋាភិបាល ឱ្យពិចារណាមើលសកម្មភាពដែលមិនប្រក្រតីទាំងអស់ហ្នឹងហើយ។

បានន័យថា ឆ្នេរទាំងអស់ហ្នឹងនៅតែមានការចាក់ជាបន្តបន្ទាប់ បើមិនចាក់ខាងនេះចាក់ខាងនោះអ៊ីចឹង ចាក់ជាបន្តបន្ទាប់រហូត។ អ៊ីចឹងក្រោយពីយើងរកភ័ស្តុតាងរឹងមាំដែលអាចឈ្នះពួកខិលខូច ហើយ យើងនឹងបន្តនីតិវិធីដាក់ជូនទៅសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យលោកពិនិត្យ ដើម្បីដោះស្រាយហើយនិងបញ្ឈប់សកម្មភាពទាំងអស់ហ្នឹង តាមឆ្នេរសមុទ្រ។

តែបើតាមខ្ញុំស្តាប់ការប្តេជ្ញារបស់សម្តេចតេជោ កាលកន្លងទៅ នៅបុណ្យសមុទ្រ នៅឯខេត្តកោះកុង លោកថា ត្រូវការពារឆ្នេរសមុទ្រ ឱ្យបាន ឱ្យតែខេត្តណាជាប់ឆ្នេរសមុទ្រ។

ក្រោយពីលោកប្រកាសប្តេជ្ញាមក នៅតែដដែល សកម្មភាពចាក់លុបឆ្នេរសមុទ្រ ចាក់យកដែនសមុទ្រ ឃើញនៅតែដដែល អ៊ីចឹងខ្ញុំអំពាវនាវដល់មន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ អាណិតមេខ្លួនឯងផង អាណិតនាយករដ្ឋមន្ត្រីផងដែលលោកប្តេជ្ញាតែអស់លោកមិនធ្វើ អាហ្នឹងវាធ្វើឱ្យបាក់មុខ ឬក៏ធ្វើឱ្យសម្តីនាយករដ្ឋមន្ត្រីសាប ធ្វើឱ្យមហាជនរិះគន់កាន់តែខ្លាំងទៀត ហើយអ្វីដែលសំខាន់នោះ ធ្វើឱ្យបាត់បង់សមុទ្រខ្មែរ យើងតែម្តង”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES