Monday, November 24, 2025
Homeព័ត៌មានជាតិឈប់ឡានបិទច្រកចូល សុីផ្លេសុំផ្លូវ ស្រាប់តែដកកាំភ្លើងគំរាម

ឈប់ឡានបិទច្រកចូល សុីផ្លេសុំផ្លូវ ស្រាប់តែដកកាំភ្លើងគំរាម

ភ្នំពេញ ៖ បុរសម្នាក់ទើបនឹងត្រឡប់មកពីលេងផ្ទះបងប្អូន ក៏បើករថយន្តត្រឡប់មកផ្ទះវិញ លុះមកជិតដល់ផ្ទះឃើញរថយន្ត១គ្រឿង ឈប់បាំងផ្លូវក៏ចុចស៊ីផ្លេសុំផ្លូវ ស្រាប់តែលេចមុខបុរសម្នាក់បានដកកាំភ្លើងមកភ្ជង់គំរាមបាញ់សម្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលំបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះមានឈ្មោះសា ខ្ជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកបើករថយន្តតាក់ស៊ីឯកជន ស្នាក់នៅបន្ទប់លេខ៤ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ ចំណែកជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់ទើបតែចេញមកពីលេងផ្ទះបងស្រីបង្កើតនៅឯម្តុំវត្តទួល ដោយដឹកកូនតូចៗ២នាក់ ជិះរថយន្តមួយគ្រឿងម៉ាកតូយ៉ាតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AH-0982។

ខណៈប្រពន្ធគាត់ជិះម៉ូតូនៅពីមុខគាត់ ពេលមកដល់ផ្លូវច្រកចូលបន្ទប់ជួល ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកកាម៉ារីហាយប៊្រីដ ពណ៌ស មិនចាំស្លាកលេខ បានឈប់នៅចិញ្ចើមផ្លូវ ឃើញដូចនោះគាត់ក៏ចុចស៊ីផ្លេសុំផ្លូវដើម្បីបើកចូល ស្រាប់តែមានជនដៃដល់ម្នាក់មិនស្គាល់អត្តសញ្ញាណ (មានផ្ទះក្បែរជនរងគ្រោះ) បានដើរចូលមកដល់មុខបន្ទប់ជួលគាត់ រួចដកកាំភ្លើងខ្លីអាមេភ្ជង់គាត់ (ជនរងគ្រោះ) បង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ចុះមកដល់ទីតាំង ចំណែកជនដៃដល់វិញក៏បានបើករថយន្តចូលចតទុកក្នុងផ្ទះ ហើយគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិ៍នគរបាល រដ្ឋបាលទួលសង្កែទី១ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនបង្ក នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES