ខេត្តបន្ទាយមានជ័យ ៖ យុវជនប្រមាណ១៥០នាក់ដែលកំពុងស្តារនីតិសម្បទាបន្សាបថ្នាំញៀន ក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានកើតមានអាការក្អួតចង្អោរនិងត្រូវបានដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ តែអកុសល យុវជនម្នាក់ក្នុងចំណោមនោះបានស្លាប់យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានម៉ូយបន្លែដែលខាងមជ្ឈមណ្ឌល តែងទិញបន្លែយកមកស្លហូបបានឱ្យផ្លែត្រសក់បន្ថែមប្រមាណជា៣-៤ថង់ (មិនគិតលុយ) ក្រៅពីទិញបន្លែសម្រាប់ស្ល ហើយត្រសក់នោះទុកដាក់ខាងក្រៅ ពេលនោះមានក្រុមយុជនកំពុងស្តារនិតិសម្បទាបន្សាបគ្រឿងញៀន បាននាំគ្នាយកមកហូបជ្រលក់ជាមួយអំបិលម្ទេស ដោយខ្លះបានលាងទឹក ខ្លះក៏អត់។

ក្រោយពីហូបរួច នៅយប់នោះក៏ចាប់ផ្តើមមានអ្នករាក ក្អួតចង្អោរ សង្ស័យពុលត្រសក់ខ្ចី ហើយចាប់ផ្តើមខ្លាំងនៅវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ទើបភ្លាមនោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងនគរបាលនាំយករថយន្តរបស់ស្នងការដ្ឋាន សហការជាមួយរថយន្តរបស់មណ្ឌលជួយដឹកនាំជញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំនួន៧៣នាក់ ក្នុងនោះស្រីមាន១៣នាក់និងស្លាប់ម្នាក់ (ប្រុស)។

លុះដល់ម៉ោងប្រមាណជា៤រសៀល ក៏មានយុវជនប្រមាណជាង៩០នាក់ផ្សេងទៀតបានក្អួតចង្អោរ ហើយត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ដែលពេលនេះគឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៨១នាក់ មានអ្នកចេញត្រឡប់ទៅវិញខ្លះ។

សរុបមន្ទីរពេទ្យទាំង២ យុវជនបន្សាបគ្រឿងទាំង២ភេទ សរុបចំនួន១៥៤នាក់ ក្នុងនោះបានបាត់បង់ជីវិតម្នាក់ ហើយគ្រូពេទ្យកំពុងព្យាបាលនៅក្នុងមណ្ឌលមួយចំនួនទៀត។

តាមប្រភពព័ត៌មាន គឺពេលនេះក្រុមគ្រូពេទ្យបង្អែកក្រុងសិរីសោភ័ណ បានចុះទៅពិនិត្យនិងព្យាបាលជំងឺផ្ទាល់នៅក្នុងមជ្ឈមណ្ឌលជីវិតថ្មី ភ្នំបាក់តែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៕